គណបក្ស​ទាំង​ពីរ​នៅ​តែ​បន្ត​ខ្វែង​គំនិត​គ្នា​លើ​គោល​នយោបាយ

អ្នក​នយោបាយ​នៅ​តែ​បន្ត​បាច​ទឹក​ដាក់​គ្នា បើ​ទោះ​ជា​ម្ខាងៗ​បាន​អះអាង​ថា ប្រើប្រាស់​វប្បធម៌​សន្ទនា​ដើម្បី​បង្រួបបង្រួម និង​ដោះស្រាយ​ទំនាស់​ឲ្យ​នៅ​កម្រិត​មួយ​ដ៏​តិចតួច​យ៉ាង​ណា​ក្ដី។ មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ចំអក​គណបក្ស​ប្រឆាំង​ថា បក្ស​នេះ​ពូកែ​ខាង​ឲ្យ​គេ​ដុស​ក្អែល ក៏ប៉ុន្តែ​ត្រង់​ក្អែល​ខ្លួន​ឯង​វិញ​នៅ​ពេញ​តែ​ខ្លួន។ ប្រតិកម្ម​របស់​មន្ត្រី​គណបក្ស​កាន់​អំណាច​នៅ​ពេល​នេះ បន្ទាប់​ពី​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ រិះគន់​ថា ការ​ដឹក​នាំ​ប្រទេស​ដែល​មាន​មេ​ដឹក​នាំ​ដ៏​ចាស់​គំរឹល​ដដែលៗ​នេះ​ហើយ ធ្វើ​ឲ្យ​ពលរដ្ឋ​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ។

អ្នក​នយោបាយ​នៅ​តែ​ចាត់​ទុក​គ្នា​ក្នុង​ផ្លូវ​មិន​ល្អ​តែ​រៀងៗ​ខ្លួន ថ្វី​បើ​បក្ស​នយោបាយ​ទាំង​ពីរ​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា បាន​កំណត់​ទិសដៅ​ផ្សះផ្សា​ផ្លូវ​ចិត្ត​តាម​រយៈ​ការ​ប្រើប្រាស់​វប្បធម៌​សន្ទនា​ជា​ធំ​ហើយ​ក៏ដោយ​ចុះ។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ប្រៀបធៀប​គណបក្ស​ប្រឆាំង​ទៅ​នឹង​មាន់​សម្ល ដែល​ជល់​ចាញ់​ហើយ​មិន​ព្រម​ឈប់ អស់​ពេល​ជាច្រើន​អាណត្តិ​ណាស់​មក​ហើយ។ មិន​តែ​ប៉ុណ្ណោះ ការ​ដួល​លើ​សង្វៀន​ម្ដង​ជា​ពីរ​ដង​ហើយ​នេះ លោក​ចាត់​ទុក​ថា គណបក្ស​ប្រឆាំង​ល្មម​មាន​បទពិសោធន៍​ដែល​អាច​សុំ​ឈប់ ដោយ​មិន​ចាំបាច់​គេ​ប្រាប់​នោះ​ទេ។ ក្នុង​ន័យ​នេះ លោក សុខ ឥសាន យល់​ឃើញ​ថា ការ​ចាញ់​ហើយ​ចាញ់​ទៀត​ក្នុង​ការ​បោះឆ្នោត​មិន​តិច​ជាង ៥​អាណត្តិ​មក​នេះ បង្ហាញ​ថា ប្រជាពលរដ្ឋ​លែង​គាំទ្រ​ឲ្យ​បក្ស​ប្រឆាំង​មាន​វត្តមាន​នៅ​ក្នុង​ឆាក​នយោបាយ​នោះ​ទៀត​ហើយ៖ «»

ការ​ចំអក​ដូច​នេះ​របស់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា បន្ទាប់​ពី​ប្រធាន​ស្ដីទី​គណបក្ស​ប្រឆាំង រិះគន់​ថា នៅ​សល់​របប​តិចតួច​ណាស់​ក្នុង​ពិភព​លោក​ដែល​មាន​មេ​ដឹក​នាំ​ដដែលៗ​ជាច្រើន​អាណត្តិ​មក​នេះ។

ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​ក្នុង​ខេត្ត​កំពង់ធំ នៅ​ថ្ងៃ​ទី​២១ កុម្ភៈ លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ រិះគន់​ថា មូលហេតុ​ដែល​នាំ​ឲ្យ​ពលរដ្ឋ​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​នេះ ពុំ​មែន​ជា​ចរន្ត​នយោបាយ​ទេ ក៏ប៉ុន្តែ​អ្វី​ដែល​ចាំបាច់ គឺ​ពលរដ្ឋ​ធុញ​ទ្រាន់​នឹង​របប​មួយ​ដែល​មាន​មេ​ដឹក​នាំ​មិន​ដែល​ផ្លាស់ប្ដូរ​សោះ។ លើស​ពី​នេះ​ទៀត លោក កឹម សុខា ប្រៀបធៀប​ថា ការ​ដឹក​នាំ​មិន​ខុស​ពី​ការ​ធ្វើ​ម្ហូប​អាហារ​ប៉ុន្មាន​នោះ​ឡើយ។ ម្យ៉ាង​វិញ​ទៀត ការ​ដឹក​នាំ​ដ៏​យូរ​បែប​នេះ មិន​បាន​ជួយ​អ្វី​ច្រើន​ឡើយ​សម្រាប់​សង្គម ដូចជា​ធ្វើ​ឲ្យ​ប្រទេស​កាន់​តែ​មាន​វិបត្តិ​ការងារ កំណើន​ពលរដ្ឋ​ចំណាក​ស្រុក​កើន​ឡើង ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ រួម​ទាំង​អ្នក​ក្រ​ឈឺ​ទៅ​ពេទ្យ​គ្មាន​លុយ​បង់​សេវា ត្រូវ​គេ​បោះបង់​ចោល ជាដើម៖ «»

គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា នៅ​តែ​មិន​អាច​រក​ចំណុច​រួម​បាន បើ​ទោះ​ជា​ម្ខាងៗ​សុទ្ធតែ​បាន​អះអាង​ថា នឹង​បន្ត​ដោះស្រាយ​រួម​គ្នា​លើ​កិច្ចការ​ដែល​នៅ​សេសសល់​ក្ដី។

អ្នក​ឃ្លាំ​មើល​ការ​វិវឌ្ឍន៍​នយោបាយ ចាត់​ទុក​ថា គណបក្ស​ទាំង​ពីរ​នេះ​ប្រៀប​ដូច​ទឹក និង​ប្រេង ដែល​មិន​អាច​នៅ​ជាមួយ​គ្នា​បាន ឬ​បន្ត​អនុវត្ត​លើ​គោល​នយោបាយ​រួម​មួយ ជាពិសេស​កាល​ណា​អ្នក​នយោបាយ​បន្ត​ប្រើ​មធ្យោបាយ​ប៉ែង​ជើង​ដាក់​គ្នា​ដូច​នេះ អ្នក​ដែល​ត្រូវ​ខាតបង់ គឺ​ពលរដ្ឋ​ទៅ​វិញ។

បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ លោក រស់ រ៉ាវុធ យល់​ឃើញ​ថា មក​ដល់​ពេល​នេះ​ទៅ​ហើយ អ្នក​នយោបាយ​នៅ​តែ​ពុំ​ទាន់​បាន​រក​អ្វី​សម្រាប់​ពលរដ្ឋ ឲ្យ​ទទួល​បាន​ផល​ចំណេញ​ពី​ការ​ធ្វើ​នយោបាយ​ឡើយ។ ផ្ទុយ​ទៅ​វិញ ការ​បន្ត​សាច​ទឹក​ដាក់​គ្នា​នេះ បង្ក​ឲ្យ​អ្នក​ដែល​ត្រូវ​បាត់បង់​ផល​ប្រយោជន៍​ពី​ការ​ធ្វើ​នយោបាយ គឺ​ពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត៖ «»

បើ​ទោះ​ជា​បែប​ណា គណបក្ស​ទាំង​ពីរ​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា នៅ​តែ​សន្យា​ថា នឹង​ប្រើប្រាស់​វប្បធម៌​សន្ទនា ដើម្បី​ជា​ចក្ខុ​វិស័យ​សម្រាប់​កំណែ​ទម្រង់​គោល​នយោបាយ និង​ដោះស្រាយ​បញ្ហា​ជាតិ​រួម​គ្នា។ ថ្វី​បើ​បក្ស​ទាំង​ពីរ​បាន​ព្រមព្រៀង​ដូច​នេះ​ក៏ដោយ​ចុះ គេ​សង្កេត​ឃើញ​ថា ក្រោយ​ពី​បាន​ជួប​គ្នា​ម្ដងៗ គឺ​បក្ស​ទាំង​ពីរ​នៅ​តែ​បន្ត​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក។ ជា​ញឹកញាប់ ការ​រិះគន់​នេះ​តែង​ធ្វើ​ឡើង​ក្នុង​កម្មវិធី​នយោបាយ​នៅ​តាម​វេទិកា​សាធារណៈ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។