ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តឧត្តរមានជ័យ ៖ ផ្ទះ​មួយ​ខ្នង​ទំហំ​៥​គុណ​នឹង​៦​ម៉ែត្រ សង់​អំពី​ឈើ​ប្រក់​ស្បូវ​ត្រូវ​ភ្លើងព្រៃ​ឆាបឆេះ​នៅ​ពេល​ម្ចាស់​មិន​នៅ ត្រូវ​បាន​កងកម្លាំង​កងរាជអាវុធហត្ថ​ស្រុក​អន្លង់​វែង​ជួយ​ពន្លត់​ទាន់ពេលវេលា កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៦​។​ហេតុការណ៍​នេះ​បាន​កើតឡើង​ក្នុងភូមិ​ថ្នល់កែង  ឃុំ​អន្លង់​វែង  ស្រុក​អន្លង់​វែង  ខេត្តឧត្តរមានជ័យ​។

អ្នក​ភូមិ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ឈ្មោះ​ទិន តឿន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​ជា​គ្រួសារ​ក្រីក្រ​រកស៊ី​ព្រឹក​ខ្វះ​ល្ងាច ។ មុន​ពេល​កើតហេតុ​ម្ចាស់ផ្ទះ​ជាប់រវល់​ទៅ​ស៊ីឈ្នួល​គេ​ដោយ​បិទទ្វារ​ផ្ទះ​ចោល ស្រាប់តែ​ភ្លើងព្រៃ​ឆាបឆេះ សំណាងល្អ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​អន្លង់​វែង​ឃើញ​ទាន់​ជួយ​អន្តរាគមន៍ ពន្លត់​ទាន់​ពេលវេលា​។

​លោក​អនុសេនីយ៍ឯក ហឿ​ន សំបោ ទទួល​ផ្នែក​ស្រាវជ្រាវ​ព្រហ្មទណ្ឌ​អាវុធហត្ថ​ស្រុក​អន្លង់​វែង​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​កងរាជអាវុធហត្ថ ប្រទះ​ឃើញ​ភ្លើងព្រៃ​ឆាបឆេះ​លំនៅ​ឋាន​ប្រជាពលរដ្ឋ លោក​វរៈសេនីយ៍ទោ ងួ​ន រិ​ទ្ធ​បាន​បញ្ជា​កម្លាំង​ចំនួន​២០​នាក់​រួម​ទាំង​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក ចំនួន​១០​គ្រឿង​បាញ់​ទឹក​អស់​ចំនួន​៥០​ធុង​ជួយ​ធ្វើ​អន្តរាគមន៍​ពន្លត់​ទាន់​ពេល មិន​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ឡើយ ៕