ព្រះអង្គ​ម្ចាស់​ក្សត្រីយ៍​នៃ​ប្រទេស​ថៃ​នឹង​យាង​បំពេញ​ព្រះរាជ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ​នៅ​កម្ពុជា

ព្រះអង្គ​ម្ចាស់​ក្សត្រីយ៍​នៃ​ប្រទេស​ថៃ មហា​ចក្រី សិរិនថន (MAHA CHAKRI SIRINDHORN) ដែល​ជា​បុត្រ​ទី​៣ ក្នុង​ចំណោម​បុត្រ ៤​អង្គ​របស់​ព្រះមហាក្សត្រ​ថៃ នឹង​ធ្វើ​ព្រះរាជ​ទស្សនកិច្ច​រយៈពេល ៣​ថ្ងៃ​នៅ​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា ឲ្យ​ដឹង​ថា ព្រះអង្គ​ម្ចាស់​ក្សត្រីយ៍ សិរិនថន នឹង​យាង​បង្គំ​គាល់​ព្រះករុណា​ព្រះ​បាទ​សម្ដេច ព្រះ​បរម​នាថ នរោត្ដម សីហមុនី និង​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ក្នុង​អំឡុង​ព្រះរាជ​ទស្សនកិច្ច​នេះ ព្រះអង្គ​ម្ចាស់​ក្សត្រីយ៍ នឹង​យាង​ទៅ​ខេត្ត​កំពង់ស្ពឺ ធ្វើ​ជា​ព្រះរាជ​ធិបតី​ក្នុង​ព្រះរាជ​ពិធី​បញ្ចុះ​បឋម​សិលា​សាងសង់​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ និង​ធ្វើ​ជា​អធិបតី​ក្នុង​ព្រះរាជ​ពិធី​ប្រគល់​អគារ​ប្រើ​ថាមពល​ពន្លឺ​ព្រះអាទិត្យ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់​ឈើ​ទាល ខេត្ត​កំពង់ធំ។

ក្រៅ​ពី​នេះ ព្រះអង្គ​ម្ចាស់​ក្សត្រីយ៍ សិរិនថន ក៏​នឹង​សម្ពោធ​មណ្ឌល​សុខភាព​មួយ​កន្លែង​នៅ​ខេត្ត​រតនគិរី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។