ពលរដ្ឋ​ខេត្ត​បន្ទាយមានជ័យ​រិះគន់​អាជ្ញាធរ​រឿង​មិន​ទប់ស្កាត់​រថយន្ត​ដឹក​ដី​ធ្វើ​ឲ្យ​ខូច​ផ្លូវ

ប្រជាពលរដ្ឋ​នៅ​ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ រិះគន់​អាជ្ញាធរ​មូលដ្ឋាន ថា​មិន​អើពើ​ទប់ស្កាត់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ដឹក​អាចម៍​ដី​លក់ ធ្វើ​ឲ្យ​ខូច​ផ្លូវ និង​ដី​ហុយ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​ស្រុក។ ទាក់ទង​នឹង​បញ្ហា​នេះ មេ​ឃុំ​ប្រាសាទ អះអាង​ថា កន្លង​មក អាជ្ញាធរ​ឃុំ​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ដឹក​ដី ធ្វើ​យ៉ាង​ណា​កាត់​បន្ថយ​ការ​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ពលរដ្ឋ​ឲ្យ​នៅ​តិចតួច​បំផុត។

ពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ឃុំ​ប្រាសាទ ស្រុក​ព្រះនេត្រព្រះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ កុម្ភៈ ថា រថយន្ត​ដឹក​អាចម៍​ដី​ធ្វើ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ឯកជន​នៅ​ឃុំ​ប្រាសាទ បង្ក​ការ​លំបាក​ជា​ខ្លាំង​ដល់​ការ​រស់​នៅ​របស់​ពួក​គាត់​ជាង ៣​ខែ​មក​ហើយ។ អ្នក​ភូមិ​អះអាង​ថា នៅ​ពេល​រថយន្ត​ដឹក​ដី​ឆ្លង​កាត់​ផ្លូវ​មុខ​ផ្ទះ​របស់​ពួក​គាត់​ម្ដងៗ ធ្វើ​ឲ្យ​ដី​ហុយ​ចូល​ចាន​បាយ​ចាន​សម្ល និង​ពិបាក​ដក​ដង្ហើម ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ​ដាច់​ផ្លូវ​រដិបរដុប​ពិបាក​ធ្វើ​ដំណើរ ដោយសារ​រថយន្ត​នោះ​ដឹក​ដី​ធ្ងន់ ហើយ​ពុំ​បាន​ចាក់​ទឹក​លើ​ផ្លូវ​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ៖ «បាទ! រថយន្ត​ដឹក​ដី​ចាប់​ផ្ដើម​ធ្វើ​សកម្មភាព​តាំង​ពី​ម៉ោង ៧​ព្រឹក​រហូត​ដល់​ម៉ោង ៥​រសៀល​បាន​ឈប់ ហើយ​ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ ជួយ​ទប់ស្កាត់​រថយន្ត​ដឹក​ដី​នោះ​ផង»

អ្នក​ភូមិ​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​កុមារ​តូចៗ​កើត​រោគ​សួត និង​ខ្លាច​គ្មាន​ប្រាក់​ព្យាបាល​ជំងឺ​នៅ​ថ្ងៃ​អនាគត ពីព្រោះ​ពួក​គេ​ដក​ដង្ហើម​ស្រូប​ល្អង​ធូលី​ដី​រៀង​រាល់​ថ្ងៃ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ មេ​ឃុំ​ប្រាសាទ លោក ជឹម ជុត មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ដឹក​ដី​នោះ​ជា​របស់ លោក វ៉ា ឡូយ ពិត​ជា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រស់​នៅ​របស់​អ្នក​ស្រុក​ខ្លះ​មែន ប៉ុន្តែ​លោក​អះអាង​ថា អាជ្ញាធរ​ឃុំ​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ដឹក​ដី​នោះ ឲ្យ​ចាក់​ទឹក និង​ជួសជុល​ផ្លូវ​ឡើង​វិញ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​រួច​មក​ហើយ៖ «ខ្ញុំ​បាន​ប្រាប់​ទៅ​ម្ចាស់​រថយន្ត​នោះ​ឲ្យ​បាញ់​ទឹក​តាម​ដង​ផ្លូវ​មិន​ឲ្យ​ដី​ហុយ​មក​ហើយ មិន​មែន​ខ្ញុំ​មិន​អើពើ​ដូច​ការ​លើក​ឡើង​របស់​អ្នក​ស្រុក​នោះ​ទេ»

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​ស្រុក​អះអាង​ថា រថយន្ត​ដឹក​ដី​ជាង ១០​គ្រឿង​នៅ​ឃុំ​ប្រាសាទ មិន​ត្រឹម​តែ​ពុំ​បាន​ចាក់​ទឹក​លើ​ផ្លូវ ហើយ​ធ្វើ​ឲ្យ​ដី​ហុយ​នោះ​ទេ ថែម​ទាំង​បើក​លឿន​បង្ក​ការ​ភ័យ​ខ្លាច​ដល់​អ្នក​ស្រុក​រស់​នៅ​តាម​ដង​ផ្លូវ​ជា​ប្រចាំ​ទៀត​ផង។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា កត់​សម្គាល់​ថា រថយន្ត​ធ្វើ​អាជីវកម្ម​ដឹក​អាចម៍​ដី​លក់ បង្ក​ការ​លំបាក​ដល់​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​នេះ ដោយសារ​វិធានការ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​ខេត្ត​បន្ទាយមានជ័យ ធូរ​រលុង និង​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់ ដើម្បី​សម្រួល​ដល់​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ៖ «ម្ចាស់​ក្រុមហ៊ុន​ដឹក​ដី​គេ​មិន​គិតគូរ​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​នោះ​ទេ គឺ​គេ​គិត​តែ​ផល​ប្រយោជន៍​របស់​ខ្លួន​ប៉ុណ្ណោះ»

លោក​ឲ្យ​ដឹង​ទៀត​ថា ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ដឹក​ដី កើត​មាន​គ្រប់​ស្រុក និង​ក្រុង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ជាពិសេស​នៅ​ស្រុក​ព្រះនេត្រព្រះ ក្រុង​សិរីសោភ័ណ និង​ក្រុង​ប៉ោយប៉ែត ជាដើម។ លោក​ពន្យល់​ថា ការ​ដឹក​ដី​នេះ ក្រុមហ៊ុន​ជា​អ្នក​ទទួល​បាន​ផល​ចំណេញ​ផ្ទាល់​ខ្លួន រីឯ​ពលរដ្ឋ​រងគ្រោះ​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ និង​សុខភាព​ជា​ប្រចាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។