ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

 ខេត្ត​ប៉ៃលិន  ៖ បុរស​ចំណាស់​ម្នាក់​ស្លាប់ ខណៈ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ បង្អែក​ខេត្ត ខណៈ​ជិះ​ម៉ូតូឌុប​ប្រពន្ធ​មក​ពី​ចំការ ពេល​ព្រលប់​លុះ​អត់​បើកភ្លើង​ហ្វា​បំភ្លឺ​ផ្លូវ​ខាង មុខ​មើល​មិនឃើញ​ក៏​ជ្រុល​ទៅ​បុក​គោ​យន្ត​កន្ត្រៃ​ដឹក​ផ្លែ​ឪឡឹក ក្នុង​ទិស​ដៅ​ស្របគ្នា​ស្លាប់​តែ ម្តង ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​៤០​នាទី​ព្រលប់​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។ ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ជើង​គោក​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មាន ឈ្មោះ ងួ​ន ប៊ុ​ន​ធី ភេទ​ប្រុស អាយុ​៦២​ឆ្នាំ ជា​កសិករ រង​របួស​បាក់ឆ្អឹង​ជំនី ស្លាប់ មាន ស្រុក​កំណើត​នៅ​ភូមិក​ន្សា​យ​បន្ទាប ឃុំ​មោងឫស្សី ស្រុក​មោងឫស្សី ខេត្តបាត់ដំបង មាន​ប្រពន្ធ​ឈ្មោះ ណំ ណា​វី អាយុ​៥២​ឆ្នាំ របួស​ភ្នែក​ឆ្វេង​ស្រាល ដែល​បច្ចុប្បន្ន​រស់នៅ​ភូមិ​ទួល​ល្វា សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ចំណែក​អ្នកបើកបរ​គោ​យន្ត​កន្ត្រៃ​ដឹក​ផ្លែ​ឪឡឹក​មិន​ស្គាល់​អត្តសញ្ញាណ ។

ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ឌុ​ប​ប្រពន្ធ​របស់​ខ្លួន​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ដោយ​ចេញ​មក​ពី​មើល​ចំការ​របស់​ខ្លួន លុះដល់​ផ្លូវ​ឡើង​ទួល​ត្រង់​ចំណុច​កើតហេតុ ស្រាប់តែ​មួក​សុវត្ថិភាព ធ្លាក់​កញ្ចក់​មក​គ្រប​មុខ ងងឹត​មើល​អ្វី​មិនឃើញ ស្រប​ពេល​នោះ​មិន​ទាន់​បាន​បើកភ្លើង​ហ្វា​បំភ្លឺ​ផ្លូវ ក៏​ជ្រុល​ទៅ​បុក​គូទ​គោ​យន្ត​កន្ត្រៃ​នៅ​ពីមុខ​ដែល​មាន​ទិស​ដៅ​ស្របគ្នា​យ៉ាង​ពេញទំហឹង ហើយ​ម៉ូតូ​ក៏​ចូល​ទៅ​ក្រោម​ទ្រុង​គោ​យន្ត​បណ្តាល​ឱ្យ​បុក​ចំ​ឆ្អឹងជំនី​ដួល​ប្រាវ​ទៅ​នឹង​ផ្លូវ​របួសធ្ងន់​ស្រាល​តែ​ម្តង ។

ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត តែ​ហួសពេល​បាត់​ទៅ​ហើយ ។ ក្រោយមក​សាកសព​ត្រូវ​ក្រុម​គ្រួសារ​យក​ទៅ​រៀបចំ​ធ្វើបុណ្យ​តាម​គ្រិស្តសាសនា ដោយ​ដង្ហែរ​យក​ទៅ​បញ្ចុះ​នៅ​ដី​ឡូត៍​មួយ​កន្លែង​ក្បែរ​ជើងភ្នំ ក្នុង​សង្កាត់​ប​យ៉​ខាង ក្រុងប៉ៃលិន ។ ចំណែកឯ​ម៉ូតូ និង​គោ​យន្ត​កន្ត្រៃ​ត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ស្នងការដ្ឋាន នគរបាល​ខេត្ត​រង់ចាំ​ធ្វើការ​ដោះស្រាយ ៕