ថៃ​ហាម​លក់-ជាវ​គ្រឿង​ស្រវឹង​នៅ​ថ្ងៃបុណ្យ​មាឃបូជា បើ​មិន​ស្តាប់​អាច​ជាប់គុក

អាជ្ញាធរ​​ថៃ បានសម្រេច​ធ្វើការ​ហាមឃាត់​រាល់​ការលក់ដូរ-ជាវ​គ្រឿង​ស្រវឹង​ពេញ២៤ម៉ោង​នា​ថ្ងៃ​ចន្ទ ទី២២ ខែកុម្ភៈ នេះ ដើម្បី​គោរព​ដល់​ពិធីបុណ្យ​មាឃបូជា (Makha Bucha Day) ដែល​ត្រូវបាន​ចាត់ទុកជា​ថ្ងៃ​ដ៏​សំខាន់បំផុត​ក្នុង​ពុទ្ធសាសនា។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Phuket Gazette។

ស្នងការរង​ប៉ូលិស​ប្រចាំខេត្ត​ភូ​កេ​ត លោក Peerayuth Karajedee បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថា សមត្ថកិច្ច​បាន​បញ្ជូន​លិខិត​ទៅគ្រប់​អាជីវកម្ម​ដែល​បម្រើ​សេវាកម្ម​សប្បាយ​នានា​ទាក់ទង​នឹង​ការហាម​ប្រាម​នេះ។ លោក​បាន​បន្ថែមថា៖ «បើ​យោងតាម​ច្បាប់ពាណិជ្ជកម្ម ទីតាំង​ដែល​បម្រើ​សេវាកម្ម​កម្សាន្ត មិន​លក់​គ្រឿង​ស្រវឹង​ឡើយ បន្ទាប់ពី​ម៉ោង១យប់​ថ្ងៃ​ចន្ទ ដូច្នេះ​ប​បម្រាម​នេះ នឹងមាន​ប្រសិទ្ធភាព​រហូតដល់​ព្រឹក​ថ្ងៃ​អង្គារ»។

លោក Peerayuth បាន​អះអាង​ប្រាប់ Phuket Gazette ថា ក្រុមមន្ត្រី​ប៉ូលិស​នឹង​ចុះ​ឆែកឆេរ​នៅតាម​ទីតាំង​ដែល​បម្រើ​សេវាកម្ម​កម្សាន្ត ហើយ​បើសិន​រកឃើញ​ករណី​ល្មើស អ្នកប្រព្រឹត្ត​អាច​ជាប់គុក៦ខែ ឬ​ពិន័យ​ជា​ប្រាក់១ម៉ឺន​បាត។

ទោះបីជា​យ៉ាងណាក៏ដោយ មេ​ប៉ូលិស​រូបនេះ លើកឡើងថា៖ «ខ្ញុំ​ជឿជាក់ថា ប្រជាជន​ថៃ អ្នកលក់​គ្រឿង​ស្រវឹង និង​អ្នកគ្រប់គ្រង​សេវាកម្ម​កម្សាន្ត យល់ច្បាស់​ថា ការលក់ និង​ជាវ​គ្រឿង​ស្រវឹង​គឺ​ត្រូវបាន​ហាមឃាត់​នៅក្នុង​ថ្ងៃ​ដ៏​ពិសេស​នេះ»។

ជា​ពិធីបុណ្យ​សាសនា​ដ៏​មាន​សារសំខាន់​នៅក្នុង​ប្រទេស​ថៃ ក៏ដូចជា​កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា ផងដែរ។ ពិធីបុណ្យ​មាឃបូជា​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃទី១៥កើត ខែមាឃ ដើម្បី​រំឭក​ព្រឹត្តិការណ៍សំខាន់ៗបី​របស់​ព្រះសម្មាសម្ពុទ្ធ រួមមាន ថ្ងៃ​ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ចេញ​សាង​ភ្នួ​ស ថ្ងៃ​ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ប្រកាស​នូវ "ឱវាទ​បាដិមោក្ខ" ហើយ​បង្កើត​ព្រះពុទ្ធសាសនា និង​ជា​ថ្ងៃ​ដែល​ព្រះអង្គ​កំណត់​វេលា​នៃ​ការចូល​បរិនិព្វាន។

យោងតាម​វចនានុក្រម​របស់​សម្តេច​ព្រះសង្ឃរាជ​ ជួន ណាត មាឃបូជា​គឺជា​ឈ្មោះ​បុណ្យ​មួយ​សម្រាប់​ពុទ្ធសាសនា ធ្វើ​ក្នុង​ថ្ងៃពេញបូណ៌មី​ខែមាឃ រំ​ឮ​ក​ដល់ សាវក​សន្និបាត “ការប្រជុំ​សាវ័ក” នៃ​ព្រះ​សម្ពុទ្ធ​ដែល​ហៅថា ចាតុរង្គសន្និបាត “ការប្រជុំ​មាន​អង្គ​បួន” គឺ ១- ថ្ងៃនោះ​ព្រះចន្ទ្រ​ចរ​ចូលដល់​មាឃនក្សត្រ (ថ្ងៃពេញបូណ៌មី​ខែមាឃ); ២- ព្រះ​ភិក្ខុសង្ឃ​ចំនួន ១.២៥០ រូប ឥត​បាន​មត់​កំណត់ពេល​គ្នា​ជាមុន​សោះ ក៏​ស្រាប់តែ​មក​ប្រជុំ​ព្រម​គ្នា ក្នុង​សំណាក់​ព្រះ​បរម​សាស្តា; ៣- ព្រះ​ភិក្ខុសង្ឃ​ទាំង​អម្បាល​នោះ​សុទ្ធតែជា ឯ​ហិ​ភិក្ខុ​ដូចគ្នា​ទាំងអស់; ៤- ព្រះ​ភិក្ខុសង្ឃ​ទាំងនោះ​សុទ្ធតែជា​ព្រះអរហន្ត ។

ការប្រជុំ​មាន​អង្គ ៤ ដូច្នេះ ក្នុង​ពុទ្ធសម័យ​មានតែ​ម្ដងគត់; ក្នុង​វេលា​នោះ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង​ឱវាទបាតិមោក្ខ ...។ ពួក​ពុទ្ធមាមកជន​គ្រប់​ប្រទេស​ក្នុង​សាសនកាល​រៀងមក កំណត់​យក​ថ្ងៃពេញបូណ៌មី​ខែមាឃ​រាល់​ឆ្នាំ ថា​ជា​ថ្ងៃ​សំខាន់​មួយ​ក្នុង​ការធ្វើ​បូជា : ថ្ងៃ​មាឃបូជា, ធ្វើ​មាឃបូជា, បុណ្យមាឃបូជា ៕