មហន្តរាយ​វត្ត​សេរី​គង្គា ឆេះ​កុដិ​និង​សាលាឆាន់

មហន្តរាយ​វត្ត​សេរី​គង្គា ឆេះ​កុដិ​និង​សាលាឆាន់

ខេត្ត​ត្បួ​ង​ឃ្មុំ ៖ គ្រោះ​អគ្គី​ភ័យ​បាន​លេប​ត្របាក់ សាលាឆាន់​១​ខ្នង ទំហំ​២០​ម៉ែត្រ​គុណ​៣០​ម៉ែត្រ រួម​នឹង​កុដិ​១​ខ្នង​ទៀត ទំហំ​៨​ម៉ែត្រ​គុណ​១២​ម៉ែត្រ សាងសង់​អំពើ​ឈើ​ប្រក់​ក្បឿង ស្ថិត​នៅ​វត្ត​សេរី​គង្គា នៅ​ភូមិ​ទួល​កំពត​ទី​១ ឃុំ​បឹង​ព្រួល ស្រុក​ត្បូងឃ្មុំ កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​រៀប​ភ្លឺ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២១ កុម្ភៈ និង​ឆេះ​ហ្មត់តែម្តង ដែល​គិត​ជា​ទឹកប្រាក់​រាប់​ម៉ឺន​ដុល្លារ តែ​មិន​មាន​ព្រះសង្ឃ​អង្គ​ណាមួយ​រង​របួស​នោះ​ទេ ។

មន្ត្រី​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោងជាង​៧​យប់​ថ្ងៃ​ទី​២០ កុម្ភៈ មានការ​ប​ញ្ជាំ​ង​ភាពយន្ត​ផ្សព្វផ្សាយ​ពី​ផលិតផល​របស់​ក្រុមហ៊ុន​មួយ នៅ​ក្នុង​បរិវេណ​វត្ត​ដោយ​មាន​មនុស្ស​ម្នា នាំ​គ្នា​មក​ទស្សនា​ច្រើន​កុះករ ព្រមទាំង​មាន​ពោង​សំរាប់​ក្មេង​ជិះ​ក​ម្ស​ន្ត​ផង​ដែរ ។

លោក ហោ ឡេ​ង អាយុ​៥៣​ឆ្នាំ ដែល​មាន​ទីលំនៅ​ភូម​-​ឃុំ​ខាងលើ បាន​មក​ស្នាក់​នៅ​ក្នុង​វត្ត​ជាង​១​ឆ្នាំ​មក​ហើយ បាន​បំភ្លឺ​ឲ្យ​ដឹង​ថា កម្មវិធី​ខាងលើ ត្រូវ​បាន​បញ្ចប់​នៅ​វេលា​ម៉ោងជាង​៩​យប់ ។ ក្រុមហ៊ុន​នោះ​បាន​យក​របស់របរ​ដឹក​ត្រឡប់​ទៅ​វិញ ដោយនៅ​សល់​តែ​រថយន្ត​ដឹក​ពោង​សំរាប់​ក្មេង​លេង តែ​គាត់​មិនដឹង​ថា​គេ​ដឹក​ចេញ​ទៅ​ឯណា​នោះ​ទេ ព្រោះ​ងងុយដេក​ក៏​បាន​ឡើង​ដេក​នៅ​លើ​កុដិ​ដោយ​បិទទ្វារ​ត្រឹមត្រូវ ។

បន្ទាប់​មក មិនដឹង​ជា​ម៉ោង​ប៉ុន្មាន​ទេ នៅ​ពេល​ដែល​បាន​ភ្ញាក់​ឡើង​ស្រាប់តែ​ឃើញ​មាន​អណ្តាតភ្លើង​បាន​ឆេះ​យ៉ាង​ពេញបន្ទុក​លេប​ត្របាក់​កុដិ និង​សាលាឆាន់​ទៅ​ហើយ​ក៏​ស្រែក​ឆោឡោ​ឡើង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​វត្ត​តែ​ម្តង ។ នៅ​ក្នុង​ហេតុ​ការ​ណ៏​អគ្គី​ភ័យ​កើតឡើង​សូ​ម្បី​តែ​ព្រះសង្ឃ រួម​នឹង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត  ក៏​មិន​អាច​នាំ​គ្នា​ជួយ​អន្តរា​គម​ន៏​ពន្លត់​កើត​ទេ ។ ចំណែក​លោក​អនុ​សេនី​យ៏​ឯក ទិ​ត ស៊ី​ដេ​ត នាយ​ប៉ុ​ស្ត៏​រដ្ឋបាល​ឃុំ​បឹង​ព្រួល​វិញ​ឲ្យ​ដឹង​ដែរ​ថា ចំពោះ​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោះ​អគ្គី​ភ័យ​ឆាបឆេះ​សាលាឆាន់​និង​កុដិ​ខាងលើ   គឺ​មូលហេតុ​បណ្តាល​មក​ពី​ទុ​ស្សេ​ចរន្តអគ្គិសនី ៕