សម្តេចតេជោ សែន ប្រាប់ឲ្យបក្សប្រឆាំង ឈប់ភូតភរ បោកប្រាស់ តទៅទៀត

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្ររាជាណាចក្រកម្ពុជា បានផ្ញើសារខ្លីមួយទៅកាន់ មេបក្សប្រឆាំងព្រមទាំងក្រុមបក្សប្រឆាំងទាំងអស់ត្រូវឈប់ បោកប្រាស់ប្រជាពលរដ្ឋតទៅទៀត ទាក់ទងទៅនឹងការសម្រេចចិត្តមួយចំនួនរបស់ សម្តេច នាពេលកន្លងមក ជុំវិញសំណូមពររបស់ប្រជាពលរដ្ឋ។

តាមរយៈបណ្តាញសង្គម ហ្វេសបុក នាព្រឹកថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃមាឃបូជា សម្តេចតេជោ ហ៊ុន សែនបានសរសេរថា«ខ្ញុំសូមផ្ញើសារខ្លីនេះទៅកាន់មេបក្សប្រឆាំងព្រមទាំងក្រុមបក្សប្រឆាំងទាំងអស់ ត្រូវឈប់បោកប្រាស់ប្រជាពលរដ្ឋតទៅទៀត។ ព្រោះកន្លងទៅប៉ុន្មានអាទិត្យនេះ បក្សប្រឆាំងបានយកលទ្ឋផលដែលគណបក្សប្រជាជន និងលទ្ឋផលដែលនាយករដ្ឋមន្រ្តីបានសម្រេចខាងលើ យកទៅធ្វើនយោបាយប្រជាភិថុតឃោសនាបោកប្រជាពលរដ្ឋថា ដោយសារពួកគេទាមទារ ទើបនាយករដ្ឋមន្រ្តីសម្រេចធ្វើបែបនេះ។ នេះជាការនិយាយកុហក់បោកប្រាសប្រជាពលរដ្ឋសុទ្ឋសាធ ដែលគណបក្សប្រឆាំងចេះធ្វើទៅរួចដែរ ដោយគ្មានការអៀនខ្មាស់។ តែការពិតគឺវានៅជាការពិតដដែល គឺគណបក្សប្រឆាំងគ្មានបានធ្វើអ្វីក្រៅតែអំពីការឃោសនាបោកប្រជាពលរដ្ឋតែប៉ុណ្ណោះ»។

សម្តេចបានបន្តថា «ច្បាស់ណាស់ ទោះបីមាន់មិនរងាវ ក៏ព្រះអាទិត្យនៅតែរះដដែល ហើយបើទោះបី គណបក្សប្រឆាំងមិនស្រែក ក៏ខ្ញុំនៅតែបន្តធ្វើបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋដដែល។ ជាការពិតគឺមានសមិទ្ឋិផលជាតិជា ច្រើនដែលខ្ញុំបានសម្រេច ដោយគ្មានការចូលរួមពីបក្សប្រឆាំងបន្តិចណាឡើយ។ អ្វីដែលគណបក្សប្រឆាំងបានធ្វើពិតប្រាកដគឺបោកប្រាស់ ជេរប្រមាថ ញុះញុងបង្កចលាចល និងដើរទៅសុំឱ្យបរទេសផ្តាច់ជំនួយ ឬកុំមកវិនិយោគនៅកម្ពុជា។ល។និង។ល។ សូមថ្នាក់ដឹកនាំបក្សប្រឆាំងគ្រប់ជាន់ថ្នាក់មានភាពថ្លៃថ្នូរកុំឆក់ប្លន់សមិទ្ធផលរបស់គេធ្វើជារបស់ខ្លួន»។

សម្តេចបានលើកឡើងថា ប្រជាពលរដ្ឋ ប្រាដកជាបានដឹងច្បាស់ហើយអំពីការសម្រេចរបស់ខ្ញុំកន្លងមកថ្មីៗដើម្បីផលប្រយោជន៍ប្រទេសជាតិ ក្នុងនាមជានាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចឈប់អោយប្រជាពលរដ្ឋបង់ប្រាក់លើការធ្វើដំណើរឆ្លងកាត់ផ្លូវវេងស្រេង, បញ្ឈប់ការយកលុយថ្លៃធ្វើប័ណ្ណបើកបរសម្រាប់ម៉ូតូកម្លាំងពី(125cc) ចុះក្រោម, បញ្ចុះតម្លៃធ្វើប័ណ្ណបើកបរយានយន្ត (50%), បញ្ឈប់យកថ្លៃសេវាផ្ទេរអចលនទ្រព្យពីជីតាជីដូនទៅចៅ ពីឪពុកម្តាយទៅកូន ពីប្រពន្ឋទៅប្តី និងប្តីទៅប្រពន្ឋ និងឈប់អោយប្រជាពលរដ្ឋបង់លុយពេលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៤ជាដើម។ ការសម្រេចបានជាលទ្ឋផលជូនប្រជាពលរដ្ឋកន្លងមកនេះ គឺដោយសារសមាជិកសមាជិការគណបក្សប្រជាជន ដែលបានរៀបចំវេទិការសាធារណះស្រង់យកមតិប្រជាពលរដ្ឋ រួមជាមួយ និងការទទួលមតិយោបល់របស់ប្រជាពលរដ្ឋតាមបណ្តាញប្រព័ន្ឋព័ត៌មានផ្សេងៗ និងតាមរយះសំណូមពរពីប្រជាពលរដ្ឋមកកាន់ខ្ញុំតាម Facebook ដោយផ្ទាល់កន្លងមកនេះ ។

សម្តេចតេជោ សែន ប្រាប់ឲ្យបក្សប្រឆាំង ឈប់ភូតភរ បោកប្រាស់ តទៅទៀត

សម្តេចតេជោ សែន ប្រាប់ឲ្យបក្សប្រឆាំង ឈប់ភូតភរ បោកប្រាស់ តទៅទៀត