សុខភាព &raquo សុខភាព

លទ្ធផល​នៃ​ការ​សិក្សា​ពិសោធ​លើ​ជនជាតិ​អង់គ្លេស​៥​លាន​នាក់​ចេញផ្សាយ​ក្នុង​ព្រឹត្តិបត្រ The Lancet កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ថា ការ​ធាត់​លើស​ទម្ងន់​ខ្លាំង​ជា​កត្តា​ចម្បង​មួយ​បង្កើន​ហានិភ័យ​កើត​ជំងឺមហារីក​១០​ប្រភេទ​ផ្សេង​ៗ​គ្នា ។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​គណនា​ឃើញ​ថា រៀង​រាល់​ឆ្នាំ ជំងឺមហារីក​ប្រមាណ​ជា​១២០០០​ករណី​នៅ​ប្រទេស​អង់គ្លេស​គឺ​ជាប់​ពាក់ព័ន្ធ​នឹង​ភាពធាត់​លើស​ទម្ងន់ ។ ពួក​គេ​បាន​បន្ត​ថា ប្រសិនជា ចំនួន​នេះ​នៅ​តែ​បន្ត​នោះ​អត្រា​នេះ​នឹង​កើន​៣៥០០​បន្ថែម​ទៀត​រៀង​រាល់​ឆ្នាំ ។

ការ​វាស់​ទំនាក់ទំនង​របស់​ទម្ងន់​ជា​គីឡូក្រាម​ទៅ​នឹង​កម្ពស់​ជា​ម៉ែត្រការ៉េ​សមាមាត្រ​រវាង​ទម្ងន់​ខ្លួន​និង​កម្ពស់ (BMI) ចាប់ពី​លេខ​២៥​ទៅ​២៩,៩​ត្រូវ​ចាត់​ថា លើស​ទម្ងន់ ខណៈ​៣០​ឡើង​លើ​គឺ​លើស​ទម្ងន់​ខ្លាំង ។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​បញ្ជាក់​ថា រៀង​រាល់​ការ​កើនឡើង BMI ៥​គីឡូក្រាម​ក្នុង​មួយ​ម៉ែត្រការ៉េ​អាច​បង្កើន​ហានិភ័យ​កើត​មហារីក ស្បូន​៦២% មហារីក​ថង់​ប្រមាត់​៣១% តម្រងនោម​២៥% មាត់ស្បូន​១០% ទី​រ៉ូ​អុ​ី​ត ៩% និង​មហារីក​ខួរឆ្អឹង​៩%» ។ ពួក​គេ​បាន​បន្ថែម​ថា ដោយឡែក ចំពោះ​ហានិភ័យ​៤​ផ្សេង​ទៀត​ក្នុង​នោះ​មាន​ដូច​ជា មហារីក​ថ្លើម​មាន​១៩% ពោះវៀន​១០% អូវែរ​៩% និង​សុដន់​៥% ។ យ៉ាងណា​ក៏​ដោយ​មហារីក​ទាំងនេះ​ក៏​អាច​បណ្តាល​មក​ពី​កត្តា​ផ្សេង​ៗ​រួម​ផ្សំ​ផង​ដែរ ។ 

Krishnan Bhaskaran អ្នកដឹកនាំ​ការ​សិក្សា​បាន​ថ្លែង​ថា មានការ​ប្រែប្រួល​ជា​ច្រើន​របស់​កម្លាំង BMI ទៅ​លើ​មហារីក​ផ្សេង​ៗ​គ្នា ។ ជា​ឧទាហរណ៍ ហានិភ័យ​មហារីក​ស្បូន​កើនឡើង​ខ្លាំង​នៅ​ពេល​លេខ​ស​ន្ទ​ស្សន៍ BMI ខ្ពស់ តែ​សម្រាប់​ហានិភ័យ​មហារីក​ផ្សេង​ទៀត​កើន​បន្តិចបន្តួច ឬ​ពេល​ខ្លះ​គ្មាន​តែ​ម្តង ៕