ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

​រាជ​ធានីភ្នំពេញ ៖ បុរស​សង្ស័យ​បែក​ថ្នាំ​ឈរ​កណ្តាលផ្លូវ​ សមត្ថកិច្ច​ប្រាប់​​ឱ្យ​​ចូល​​កៀន​​ស្រែក​ជេរ​​សមត្ថកិច្ច​ ​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​​រថយន្ត​បុក​ពេញ​ទំហឹង​បណ្តាល​ឱ្យ​រង​របួសធ្ងន់​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២ ​​កុ​ម្ភៈ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ មុខ​ប៉ុស្តិ៍​នគរបាល​ទួ​លសង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ ​។

អ្នក​បើករថយន្ត​បង្ក​​ឈ្មោះ តាំង ភា​រ៉ា​រិ​ទ្ធ ​អាយុ​៣៩​ឆ្នាំ ​ស្នាក់​នៅ​ភូមិ​ស្ពានថ្ម សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ ។ ចំណែក​ជន​រង​គ្រោះ​សង្ស័យ​ជា​មនុស្ស​បែក​ថ្នាំ​អត់​ស្គាល់​អត្តសញ្ញាណ ។

សាក្សី​ឃើញ​ហេតុការណ៍​បាន​និយាយថា មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ហាក់​ដូច​ជា​ស្ថិត​នៅ​ក្នុងស្ថានភាព​បែក​ថ្នាំ​បាន​ដើរមក​ឈរ​នៅ​កណ្តាលផ្លូវ​នៅ​ចំ​ពីមុខ​ប៉ុស្តិ៍​ទួល​សង្កែ​ ត្រូវ​បាន​សមត្ថកិច្ច​ប្រាប់​ឲ្យ​ចូល​​​កៀន​​វិញ ​ស្រាប់​តែ​​​ស្រែក​ជេរ​ប្រមាថ​សមត្ថកិច្ច ​មួយសន្ទុះ​ក្រោយមក​ក៏​មាន​បុរស​ម្នាក់​បើករថយន្ត​​ ពណ៌​ទឹកប្រាក់ ​​ដឹក​គ្រឿង​សង្ហា​រឹម  មួយគ្រឿន បើក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ​ពី​ជើង​ទៅ​ត្បូង ​លុះ​មក​ដល់​ចំណុច​កើតហេតុ​​​រថយន្ត​បើក​ក្នុង​ល្បឿន​លឿន​​​ជាន់​ហ្វ្រាំង​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​បុរស​ម្នាក់​ដែល​ឈរ​នៅ​កណ្តាលផ្លូវ​ចំ​ពីមុខ​ពេញទំហឹង បណ្តាលឱ្យ​​រង​របួសធ្ងន់​​​តែ​ម្តង ​។

ក្រោយ​ពេល​កើតហេតុ​ រថយន្ត​សង្គ្រោះ​​​ដឹក​យក​​​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត រីឯ​រថយន្ត​​ត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ទួល​សង្កែ ដើម្បី​​រង់ចាំ​​ដោះស្រាយ​ពេល​ក្រោយ ៕