ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ប្រភព​ពី​ក្នុង​កាស៊ីណូ​មួយ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ ​បាន​បង្ហើប​ឱ្យ​​ដឹង​ថា​ មាន​ករណី​​បាក់​ពិ​​តាន​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​បុ​គ្គ​លិ​ក ​ទាំង​ភ្ញៀវ​កំពុង​លេងល្បែង​រត់​ប្រសាច​ចេញ​មក​ក្រៅ​​ កាលពី​វេលា​ម៉ោងជាង​៩​​យប់​ថ្ងៃ​ទី​២១​ ​ខែកុម្ភៈ ឆ្នាំ២០១៦​ ​​ស្ថិត​នៅ​ភូមិ​ក្បាលស្ពាន​១​ សង្កាត់​​ប៉ោយ​ប៉ែ​ត ​​ក្រុង​ប៉ោយ​ប៉ែ​ត ​។

ក្រោយ​ហេតុ​ការ​ណ៌​កើតឡើង​ប្រភព​​បាន​​ទម្លាយ​ចេញ​មក​ក្រៅ​ថា​ យ៉ាង​ហោច​មាន​បុ​គ្គ​លិ​ក​ស្រី​៥​នាក់​ ​រង​របួសស្រាល​ ចំណែក​ភ្ញៀវ​ពុំ​មាន​អ្នក​រង​របួស​ទេ​ ។ ក្រុម​អ្នក​យក​ព័ត៌មាន​បាន​នាំ​គ្នា​​ឆ្ពោះ​ទៅ​​​កន្លែង​ហេតុ​ក្នុង​ទឹកដី​កាស៊ីណូ​ ប៉ុន្តែ​រាល់​ការ​សួរនាំ​ពុំ​មាន​បុ​គ្គ​លិ​​ក ​ឬ​សន្តិសុខ​ណា​ម្នាក់​ហ៊ាន​មាត់​នោះ​ទេ​ ។

ទោះបី​ជា​យ៉ាងណា​ក្តី​​ ​ក្រោយ​កើតហេតុ​ មុខ​កាស៊ីណូ​​ខាង​លើ ​គេ​ឃើញ​ក្រុម​កម្មករ​បាន​នាំ​គ្នា​ជញ្ជូន​សម្ភារ​ខូច​ខា​ច​ចេញ​មក​ចោល​ខាងក្រៅ​ចំណុច​កើតហេតុ​ព្រោងព្រាត​ទាំង​យប់​តែ​ម្តង​ ។

ករណី​ខាងលើ​នេះ ​លោក ​អ៊ុំ​ សុផល​ អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ​បាន​​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី២២​ កុម្ភៈ ​នេះ​ថា​ រឿងរ៉ាវ​ខា​ងលើ​លោក​អត់​ដឹង​ទេ​ គ្រាន់តែ​ឃើញ​គេ​ចែកចាយ​រូប​តាម​បណ្តាញ​សង្គម​Facebook ហើ​យថាហេតុ​ការ​ណ៍កើត​ក្នុង​កាស៊ីណូ​ បើ​គេ​មិន​ទាក់ទង​ខាង​លោក​ គឺ​មិន​ហ៊ាន​ទៅ​ទេ​ ។ ចំណែក​លោក​ ជា​ ដា​មេបញ្ជាការ​កង​រាជ​​អាវុធហត្ថ​ប្រាប់​តាម​ទូរស័ព្ទ​ថា ​ករណី​បាក់​ពិ​តាន​​ពិតជា​កើត​មាន​មែន​ នៅ​ក្នុង​កាស៊ីណូ​​​ហូវ៉ាហ្គែន ​ប៉ុន្តែ​លោក​ថា​ពុំ​មាន​អ្នក​រង​របួស​ទេ​ ៕ ​