សិល្បៈ​និងវប្ប​​​ធម៌ &raquo សិល្បៈ​និង​តារា

រាជធានី​ភ្នំពេញ ៖  ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​មាន​ពាក្យ​ចចាមអារ៉ាម​ថា​ តារាចម្រៀង​នាង ​ខេមរៈ ស្រី​ពៅ ប្រតិកម្ម​ស្បែក​នឹង​ការ​ប្រើ​ឡេ​ឈាន​ដល់​ដំណាក់កាល​ធ្ងន់​ រហូត​ដល់​បាត់​បង់ជីវិត ។ ពាក្យ​ចចាមអារ៉ាម​នេះ​ស្រប​ពេល​ ស្រី​ពៅ បាត់​មុខ​ពី​ពិភព​សិល្បៈ ។

អ្នកគាំទ្រ​ចង់​ឲ្យ​ក្រុម​គ្រួសារ​ចេញ​មុខ​បកស្រាយ​លម្អិត​រឿង​នេះ ព្រោះ​គេ​ឆ្ងល់​ថា​វា​ជា​ការពិត ឬ​យ៉ា​ណា ?

បងប្រុស​របស់​កញ្ញា​ ខេមរៈ ស្រី​ពៅ បាន​បដិសេធ​ថា ​នេះ​ជា​ចចាមអារ៉ាម វា​មិនមែន​ជា​ការ​ពិត​ទេ ហើយ​ចាត់​ទុក​ថា​ជា​រឿង​ធម្មតា​របស់​តារា​ល្បី​ម្នាក់ ។

លោក ​ខេមរៈ ភា​រុណ ជា​បងប្រុស អះអាង​កាលពី​ថ្ងៃ​ទី​២១ កុម្ភៈ ២០១៦ ថា​ប្អូនស្រី​របស់​លោក​មាន​សុខភាព​ធម្មតា និង​មិន​មាន​បញ្ហា​កើតឡើង​ដូច​អ្វី​ដែល​លេចឮ​នោះ​ទេ តែ​ទទួលស្គាល់​ថា ខេមរៈ ស្រី​ពៅ មិន​មាន​សកម្មភាព​ឡើង​ឆាក ឬ​ចេញ​មុខ​ក្នុង​កម្មវិធី​សិល្បៈ​មែន​មួយរយៈ​​ពេល​ចុង​ក្រោយ​នេះ ។ លោក​ ខេមរៈ ភា​រុណ មិន​ចង់​បកស្រាយ​វែង​ឆ្ងាយ​ពាក់ព័ន្ធ​នឹង​ពាក្យ​ចចាមអារ៉ាម​នោះ​ទេ ហើយ​មិន​ខឹង​ចំពោះ​អ្វី​ដែល​លេចឮ​ពាក់ព័ន្ធ​ប្អូនស្រី​របស់​ខ្លួន​ទេ​ ដោយ​ចាត់​ទុក​ថា មក​ពី​ប្អូនស្រី​របស់​ខ្លួន​ជាតា​រា​ល្បី​ម្នាក់ ទើប​មាន​ពាក្យ​ចចាមអារ៉ាម​បែប​នេះ ។

លោក ​ខេមរៈ ភា​រុណ ប្រកាស​មិន​បកស្រាយ​នាំ​ឲ្យ​មានរឿង​វែង​ឆ្ងាយ ហើយ​គ្មាន​គម្រោង​ធ្វើ​សន្និសីទកាសែត ឬ​បង្ហាញមុខ​ប្អូនស្រី​ឲ្យ​គេ​បានឃើញ ដើម្បី​បញ្ចប់​ពាក្យ​ចចាមអារ៉ាម​ទេ ។ លោក​ ភា​រុណ ទទូច​កុំ​ឲ្យ​មានការ​បរិយាយ​វែង​ឆ្ងាយ ដោយ​អះអាង​ថា​ នោះ​ជា​ដំណឹង​អកុសល​មិនមែន​ការពិត​ទេ ។ « ​ប្អូនស្រី​របស់ខ្ញុំ​ស្ថិត​នៅ​ភ្នំពេញ និង​កំពុង​រស់នៅ​ជាមួយ​គ្រួសារ​នៅ​ម្ដុំ​ចម្ការ​ព្រីង នៅ​ភ្នំពេញ​ជា​ធម្មតា ។ នាង​មិន​មានការ​ងារ​ផ្សេង​ក្រៅពី​សិល្បៈ​ដែល​ស្ងប់ស្ងាត់​នា​ពេល​ចុង​ក្រោយ​នេះ និង​មិន​មាន​រវល់​សិក្សា​ទេ ដូច្នេះ​នៅ​តែ​ផ្ទះ​ ដែល​នាំ​ឲ្យ​គេ​មិន​បានឃើញ​មុខ​នាង​ក្នុង​ពេល​ផ្ទុះ​ដំណឹង​អកុសល​កើតឡើង​នេះ​ »​ ។

យោង​តាម​ការ​លេចឮ គឺ​កញ្ញា​ ខេមរៈ ស្រី​ពៅ មាន​ប្រតិកម្ម​ស្បែក​ដោយសារ​លាប​ឡេ ។ ដោយសារ​តែ​ ស្រី​ពៅ មិន​រួសរាន់​ចេញ​ទៅ​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា ទើប​បណ្ដាល​ឲ្យ​មាន​ប្រតិកម្ម​ស្បែក និង​ប្រព័ន្ធ​រន្ធ​ញើស​ឈាន​ដល់​កម្រិត​ធ្ងន់ ។ មិនតែប៉ុណ្ណោះ​អ្នកខ្លះ​លើក​ឡើង​ថា ​ស្រី​ពៅ​ បាន​ស្លាប់​បាត់​ទៅ​ហើយ ។ ខ្លះ​ថា​ ស្រី​ពៅ ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ក្រៅប្រទេស ប៉ុន្តែ​ក្រុម​គ្រួសារ​ព្យាយាម​លាក់បាំង​ព័ត៌មាន ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ ថ្នាក់ដឹកនាំ​ផលិតកម្ម​សាន់​ដេ ផ្តល់​តម្រុយ​ថា ខេមរៈ ស្រី​ពៅ​ មិន​មាន​ប្រតិកម្ម​ស្បែក​ទេ ហើយ​ចាត់​ទុក​ថា​ អ្វី​ដែល​លេញ​ឮជា​ពាក្យ​ចចាមអារ៉ាម​ប៉ុណ្ណោះ ៕