ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ មហា​ចក្រី សិរិ​ន​ថន ចាប់ផ្តើម​បំពេញ ព្រះរាជទស្សនកិច្ច នៅ​កម្ពុជា​

ភ្នំពេញ:  ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ មហា​ចក្រី សិរិ​ន​ថន នៃ​ព្រះរាជាណាចក្រ​ថៃ បាន​ដឹកនាំ​គណៈប្រតិភូ យាង​មកដល់​កម្ពុជា នៅវេលា​ម៉ោងជាង ៨ ព្រឹក​ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០១៦ នេះ​។​

​ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ មហា​ចក្រី សិរិ​ន​ថន យាង​មក​បំពេញ ព្រះរាជទស្សនកិច្ច នៅ​ព្រះរាជាណាចក្រ​កម្ពុជា រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៤  ខែកុម្ភៈ ឆ្នាំ​២០១៦ តាម​ការអញ្ជើញ​របស់ សម្តេច​អគ្គមហាសេនាបតី​ត​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​នៅក្នុង​ដំណើរ​យាង​មកដល់ របស់​ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ សិរិ​ន​ថន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​បដិសណ្ឋារកិច្ច ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ សិរិ​ន​ថន ជួប​សម្តែង​ការគួរសម នៅ​វិមាន​សន្តិភាព​។​

​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកុម្ភៈ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ជា​អធិបតី​ជាមួយ ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ មហា​ចក្រី សិរិ​ន​ថន ក្នុង​ពិធី​បញ្ចុះបឋមសិលា សាងសង់​វិទ្យាស្ថាន​បច្ចេកវិទ្យា កំពង់ស្ពឺ  ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​អូ​អង្គុំ ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។ ហើយ​នៅវេលា​ម៉ោង​១១​ព្រឹក យាង​ក្រាបបង្គំ ចូលគាល់​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ទាក់ទង​នឹង​ការបំពេញ ព្រះរាជទស្សនកិច្ច​នេះ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ  បាន​ជូនដំណឹង​ឲ្យ​ដឹងថា ក្នុងអំឡុងពេល ព្រះរាជទស្សនកិច្ច ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ មហា​ចក្រី សិរិ​ន​ថន នឹង​យាង​ប​បង្គំ​គាល់ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ជួប​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ មហា​ចក្រី សិរិ​ន​ថន នឹង​អញ្ជើញ​/ យាង​ធ្វើជា​អធិបតី ក្នុង​ព្រះ​រាជពិធី​បញ្ចុះបឋមសិលា សាងសង់​វិទ្យាស្ថាន​បច្ចេកវិទ្យា កំពង់ស្ពឺ នៅ​ខេត្តកំពង់ស្ពឺ​។​

​ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ មហា​ចក្រី សិរិ​ន​ថន នឹង​លោក​ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា នឹង​យាង​/​អញ្ជើញ ធ្វើជា​អធិបតី ក្នុង​ព្រះ​រាជពិធី​ប្រគល់ អគារ​ប្រើ​ថាមពល​ពន្លឺព្រះអាទិត្យ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ ឈើទាល នៅ​ខេត្តកំពង់ធំ​។​

​ក្រៅពីនេះ ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ មហា​ចក្រី សិរិ​ន​ថន នឹង​យាង​ចូលរួម ក្នុង​ព្រះ​រាជពិធី​សម្ពោធ មណ្ឌល​សុខភាព នៅ​ខេត្ត​រតនៈគីរី និង​ស្លាក​ឈ្មោះ​ថ្មី នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា កំពង់​ឈើទាល នៅ​ខេត្តកំពង់ធំ​។​

​ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ មហា​ចក្រី សិរិ​ន​ថន ក៏​នឹង​យាង​ទត សាលាបឋមសិក្សា​មួយចំនួន នៅតាម​ខេត្ត​នានា​៕V​/S