អ្នក​តា​តូច-ធំ ជួបជុំ​គ្នា​ធំ​នៅ​ផ្សារ​អូរឫស្សី


អ្នក​តា​តូច-ធំ ជួបជុំ​គ្នា​ធំ​នៅ​ផ្សារ​អូរឫស្សី

ពិធី​ហែ​អ្នក​តា​បាន​ចាប់​ផ្ដើម​ថ្ងៃ​ដំបូង​នៅ​​ផ្សារ​អូរឫស្សី កាល​ព្រឹកមិញ​នេះ។ ស្ទើរ​គ្រប់​អ្នក​តា​បាន​ចូល​សន្ថិត​មនុស្ស​ហើយ​មនុស្ស​ប្រជាជន​ខ្មែរ​ជាប់​សែស្រឡាយ​ចិន ដែល​បាន​ជឿ​លើ​ពិធី​នេះ​បាន​ប្រមូល​ផ្ដុំ​គ្នា​មក​មើល​ និង បាន​សុំ​យ័ន​ ដែល​ប្រឡាក់​ឈាម​ ក្រោយ​ពី​អ្នក​តា​អា​អណ្ដាត​ហើយ​ផ្ដិត​ជាប់​យ័ន​យក​មក​បិត​មុខ​ផ្ទះ ដែល​មាន​ជំនឿ​ថា ការ​ពារ​ផ្ទះ​ និង មាន​សេចក្ដី​សុខ។

 

អ្នក​តា​តូច-ធំ ជួបជុំ​គ្នា​ធំ​នៅ​ផ្សារ​អូរឫស្សី

 

 

មនុស្ស​រាប់​ពាន់​នាក់ អម​ដោយ​រថយន្ត​ជាច្រើន​ដែល​ដឹក​អ្នក​ហែហម​អ្នក​តា បាន​តម្រៀប​ជាជួរ​ខាង​កើត​​ផ្សារ​អូរឫស្សី​ ដែល​ធ្វើ​ឲ្យ​ចរាចរណ៍​បាន​កក​ស្ទះ​ចាប់​ពី​ម៉ោង ៧ ព្រឹកមិញ។ ពិធី​ហែអ្នកតា​គឺ​មាន​រយៈ​ពេល​ ៣ ថ្ងៃ​គិត​ចាប់​ពី​ថ្ងៃ​នេះ ដែល​ផ្ដើម​ចេញ​ពី​ម្ដុំ​​ផ្សារ​អូរឫស្សី។

 

ប្រជាជន​ខ្មែរ​ដែល​មាន​សែស្រឡាយ​ចិន​ ដែល​ជឿ​លើ​ពិធី​នេះ បាន​ប្រាប់​ Sabay ថា ​ផ្សារ​អូរឫស្សី​គឺជា​បណ្ដុំ​អ្នក​តា​ធំ​មួយ​ដែរ ដូច្នេះ​ហើយ​រាល់​ឆ្នាំ ពិធី​នេះ​បាន​ចាប់​ផ្ដើម​ថ្ងៃ​ដំបូង​នៅ​ទី​នេះ។ អ្នក​ជាប់​សែស្រឡាយ​ចិន​បាន​ត្រៀម​ធូប​ទៀន និង ក្រដាស​សែន ព្រមទាំង​ទឹកមន្ត​ ត្រៀម​ស្វាគមន៍​អ្នក​តា​ដែល​ដើរ​តាម​ផ្ទះ​ ហើយ​អ្នក​តា​នឹង​ជួយ​ប្រោះព្រំ​ដល់​ម្ចាស់​ផ្ទះ​ឲ្យ​មាន​សេចក្ដី​សុខ។

 

ទស្សនា​វីដេអូ នៃ​សកម្មភាព​ហែ​អ្នក​តា នៅ​​​ផ្សារ​អូរឫស្សី ព្រឹកមិញ​នេះ៖

 

 

ពិធី​ហែអ្នកតា រួម​នឹង​ការ​សម្ដែង​មុងសាយ​របស់​ចិន-វៀតណាម គឺ​ស្រដៀង​ទៅ​នឹង​ពិធី​រាំ​របាំទ្រុឌ​ដែល​របាំ​ប្រពៃណី​ខ្មែរ ដែល​គេ​ជឿ​ថា ជួយ​ដេញ​ឧបទ្រព​ចេញ​ពី​ផ្ទះ ហើយ​នាំ​យក​មក​វិញ​នៅ​សេចក្ដី​សុខ សប្បាយ​ និង រក​ស៊ី​មាន​បាន។

 

ពិធី​ហែអ្នកតា គឺ​មាន​រយៈ​ពេល​ ៣ ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី ២២-២៤ ខែ​កុម្ភៈ ដោយ​ចាប់​ផ្ដើម​ដំបូង​នៅ​ផ្សារ​អូរឫស្សី​ ថ្ងៃ​ទី ២ នៅ​ច្បារ​អំពៅ និង ថ្ងៃ​បញ្ចប់​នៅ​ភូមិ​ដើម​មាន។ នេះ​បើ​តាម​អ្នក​ហែហម​អ្នក​តា​ប្រាប់ Sabay កាល​ពី​ព្រឹកមិញ៕

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា