ព្រៃផ្សៃមែន! បុរសម្នាក់ ដុតសម្លាប់មិត្តស្រី ដែលមានផ្ទៃពោះទាំងរស់ ព្រោះមិនចង់ធ្វើជាឪពុកគេ

អាល្លឺម៉ង់៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសម្នាក់ បានដុតសម្លាប់មិត្តស្រី វ័យក្មេង ដែលមានផ្ទៃពោះ របស់ខ្លួនទាំងរស់ ព្រោះតែមូលហេតុមិនចង់ធ្វើជាឪពុកកូនក្នុងផ្ទៃ ត្រូវបានតុលាការកាត់ទោស ឲ្យជាប់គុគរយៈពេល ១៤ឆ្នាំ។

បុរសចិត្តឃោរឃៅរូបនេះ មានឈ្មោះថា Eren Toben បានដុតសម្លាប់មិត្តស្រី របស់ខ្លួន ឈ្មោះ Maria Peiner អាយុ១៩ឆ្នាំ នៅក្នុងព្រៃមួយកន្លែង នៅឯជាយក្រុង ប៊ែកឡាំង (Berlin) ប្រទេសអាល្លឺម៉ង់។

ព្រៃផ្សៃមែន! បុរសម្នាក់ ដុតសម្លាប់មិត្តស្រី ដែលមានផ្ទៃពោះទាំងរស់ ព្រោះមិនចង់ធ្វើជាឪពុកគេ
លោក Eren Toben

គួរបញ្ជាក់ផងដែរថា នាង Maria មានផ្ទៃពោះ ចំនួន ៨ខែ រួចទៅហើយ និងជិតក្លាយខ្លួន ទៅជាម្តាយគេ ទៀតផង ប៉ុន្តែបែរជាត្រូវ ជួបរឿងដ៏អាក្រក់ និងព្រៃផ្សៃ បែបនេះទៅវិញ។

ព្រៃផ្សៃមែន! បុរសម្នាក់ ដុតសម្លាប់មិត្តស្រី ដែលមានផ្ទៃពោះទាំងរស់ ព្រោះមិនចង់ធ្វើជាឪពុកគេ
នាង Maria Peiner

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ដើមចមនៃរឿងហេតុនេះ កើតឡើងកាលពីខែមករា ឆ្នាំ២០១៥ ដែលបុរសជាសង្សារឈ្មោះ Eren ជាមួយមិត្តរួមថ្នាក់ម្នាក់ ឈ្មោះ Daniel អាយុ២០ឆ្នាំ រួមគំនិតគ្នានិយាយកុហកនាង Maria ដោយបបួលនាងទៅផ្សារ (ទៅទាំង៣នាក់) ដើម្បីទិញសម្លៀកបំពាក់ សម្រាប់ទារកនៅក្នុងផ្ទៃ។ បន្ទាប់មកទៀត ពួកគេបានល្បួងនាងទៅដល់ព្រៃមួយកន្លែង ជាកន្លែងដែលជនល្មើស Eren បានយកដុំឈើវាយ និងយកកាំបិតចាក់ទៅលើនារីរងគ្រោះជាមិត្តស្រី (Maria) រួចយកសាំងដុតសម្លាប់ ទំនងជាបំបាត់ភស្តុតាងទៀតផង។

ក្រោយពេលប្រព្រឹត្តបទល្មើសរួចបានមួយថ្ងៃ សាកសពនាង Maria ត្រូវបានប្រទះឃើញដោយអ្នកដំណើរ នៅក្នុងព្រៃ។ ក្រោយពីមានការស៊ើបអង្កេត ស្នាមម្រាមដៃរបស់ ជនល្មើសឈ្មោះ Eren ត្រូវបានរកឃើញ នៅលើកាំបិតដែលជាវត្ថុតាង ក្បែរសាកសពរបស់នារីរងគ្រោះ ទើបឈានទៅដល់ការចាប់ខ្លួន ពួកគេទាំងពីរ ហើយមុនពេលរកឃើញការពិត ពួកគេបានទម្លាក់កំហុសឲ្យគ្នាទៅវិញទៅមកទៀតផង។

យ៉ាងណាមិញ ជនល្មើស ទាំង២នាក់ ត្រូវទទួលទោសស្មើគ្នា ដោយតុលាការបានសម្រេចផ្តន្ទាទោស ដាក់គុកម្នាក់១៤ឆ្នាំ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត