មានការ​រិះគន់​ខ្លាំងក្លា​ទៅលើ​ការដំឡើង​ឋានន្តរស័ក្ដិ​មន្ត្រីនគរបាល​៦​រូប​

​ថ្មីៗ​នេះ​មានការ​ដំឡើង​ឋានន្តរ​ស័ក្ដិ​មន្ត្រីនគរបាល​ថ្នាក់​ឧត្ដមសេនីយ៍ឯក​ចំនួន​៦​រូប​ឲ្យ​ទៅជា​នាយ​ឧត្ដមសេនីយ៍ ដែល​បញ្ហា​នេះ​ធ្វើ​ឲ្យ​ក្រុម​សង្គម​ស៊ីវិល​ក៏ដូចជា​មន្ត្រីជាន់ខ្ពស់​គ​ណ​បក្ស​ក្រៅ​រដ្ឋាភិបាល​ធ្វើការ​រិះគន់​ជា​បន្តបន្ទាប់​។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បាន​លើកឡើងថា ការដំឡើង​ឋានន្តរស័ក្ដិ​ដល់​មន្ត្រីនគរបាល​មួយចំនួន គឺជា​ការលើកទឹកចិត្ត​ដល់​អ្នក​ដែល​បម្រើ​ផលប្រយោជន៍​គណបក្ស ចំណែក​មន្ត្រី​ដែល​ធ្វើ​ការងារ​បម្រើ​ប្រទេសជាតិ​និង​ប្រជាពលរដ្ឋ​ត្រូវគេ​មើលរំលង​។ បញ្ហា​នេះហើយ​ដែល​នាំ​ឲ្យ​មានការ​រិះគន់​ខ្លាំងក្លា​ពី​ក្រុម​សង្គម​ស៊ីវិល​និង​មន្ត្រី​គណបក្សជំទាស់ ព្រោះ​ការដំឡើង​ឋានន្តរស័ក្ដិ​ធ្វើ​ឲ្យ​កើតមាន​អតិផរណា​ឋានន្តរស័ក្ដិ​ផងដែរ​។​    ​

លោក អំ សំអាត ប្រធាន​បច្ចេកទេស​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្សរ​បស់​អង្គការសិទ្ធិមនុស្ស​លីកាដូ បាន​លើកឡើងថា ការដំឡើង​ឋានន្តរស័ក្ដិ​មន្ត្រី​រដ្ឋាភិបាល​ច្រើន​ធ្វើឡើង ដើម្បី​ជំរុញ​ទឹកចិត្ត​អ្នកបម្រើ​ឲ្យ​បក្ស​ឬ​រដ្ឋាភិបាល ហើយ​បញ្ហា​នេះ​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​អ្នកធ្វើការ​ពិតប្រាកដ​តែ​មិនចេះ​អែបអប​។ ចំណែក​លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ព្រៃវែង និង​ជា​អ្នកនាំពាក្យ​គណបក្ស​នោះ បាន​បញ្ជាក់ថា ការដំឡើង​ឋានន្តរស័ក្ដិ​ដល់​មន្ត្រីរាជការ​តាម​លំដាប់ថ្នាក់​ជាការ​ល្អ តែ​មិនត្រូវ​ដំឡើង​ឲ្យ​អ្នក​មិន​គោរព​ច្បាប់​និង​អនុវត្តន៍​ការងារ​ដោយ​មិន​ឯករាជ្យ​នោះទេ​។ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​កត់សម្គាល់ថា ការដំឡើង​ឋានន្តរស័ក្ដិ​មន្ត្រីរាជការ​តាម​កាំ ជាការ​ល្អប្រសើរ​ប៉ុន្តែ​ពេលខ្លះ​ហាក់បីដូចជា​ការលើកទឹកចិត្ត​ដល់​អ្នក​បង្ក្រាប​បាតុករ​ជាដើម​។ រីឯ​អ្នកសង្កេតការណ៍​ឯករាជ្យ​បាន​កត់សម្គាល់ថា ការដំឡើង​ឋានន្តរស័ក្ដិ​នៅពេលនេះ គឺ​ដើម្បី​លើកទឹកចិត្ត​ឲ្យ​មន្ត្រីជាន់ខ្ពស់​និង​មន្ត្រី​ដែល​ចូលរួម​បង្ក្រាប​បាតុកម្ម​នៅក្នុង​រូបភាព​ផ្សេងៗ​ឲ្យ​នៅតែ​បន្ត​គាំទ្រ​រដ្ឋាភិបាល​។

​សូមបញ្ជាក់ថា មន្ត្រីនគរបាល​៦​រូប​ដែល​ត្រូវ​ដំឡើង​ឋានន្តរស័ក្ដិ​ពី​ឧត្ដមសេនីយ៍ឯក​ទៅជា​នាយ​ឧត្ដមសេនីយ៍​នោះ គឺ​ទី​១-​ឧ​ត្ត​ម​សេនីយ៍​ឯក មាស វី​រិ​ទ្ធ ទី​២-​ឧត្ដមសេនីយ៍ឯក សួស អង្គា​រ៍ ទី​៣-​ឧ​ត្ត​ម​សេនីយ៍​ឯក ជួន សុវណ្ណ ទី​៤-​ឧ​ត្ត​ម​សេនីយ៍​ឯក គៀត ច័ន្ទ​ថា​រិ​ទ្ធ ទី​៥-​ឧ​ត្ត​ម​សេនីយ៍​ឯក ថោង លីម និង​ទី​៦-​ឧ​ត្ត​ម​សេនីយ៍​ឯក ឆៃ ស៊ីណា​រិ​ទ្ធ​។ ក្នុងចំណោម​មន្ត្រីនគរបាល​ជាន់ខ្ពស់​ទាំង​៦​រូបនេះ លោក ជួន សុវណ្ណ ដែល​បច្ចុប្បន្ន​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ត្រូវគេ​មើលឃើញថា ជាប់​ពាក់ព័ន្ធ​នឹង​ការបង្ក្រាប​ដោយ​ហិង្សា​លើ​ក្រុមបាតុករ​នៅ​ផ្លូវ​វេ​ង​ស្រេង នៅ​ស្ពាន​អាកាស​ក្បាលថ្នល់ នៅ​ស្ពាន​ស្ទឹងមានជ័យ និង​នៅមុខ​សាលា​រាជធានី​ភ្នំពេញ​ជាដើម ដែល​នាំ​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​រងរបួស​ជាច្រើន​នាក់​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​មន្ត្រី​គណបក្សជំទាស់ មន្ត្រី​សង្គម​ស៊ីវិល និង​អ្នកសង្កេតការណ៍​ឯករាជ្យ រិះគន់​ទៅលើ​ការដំឡើង​ឋានន្តរស័ក្ដិ​មន្ត្រីនគរបាល​ជាន់ខ្ពស់​៦​រូប​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​៕

15-fលោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ