ដី​គម្រប​ព្រៃឈើ​នៅ​ខេត្ត​ព្រះសីហនុ ប្រឈម​នឹង​ការបំផ្លាញ​ឥតឈប់ឈរ​

លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បានដាក់​ចេញ​ជា​បន្តបន្ទាប់​នូវ​វិធានការ​ទប់ស្កាត់​បទល្មើស​កាប់​គាស់​ឈូសឆាយ​បំផ្លាញ​ដីព្រៃ​របស់​រដ្ឋ​យក​ធ្វើជា​កម្មសិទ្ធិ​ពី​សំណាក់​អ្នកមាន​លុយ អ្នកមានអំណាច ប៉ុន្តែ​មកដល់ពេលនេះ​បទល្មើស​នៅតែ​បន្ត​កើតឡើង​យ៉ាង​រាលដាល​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្ត​ព្រះសីហនុ បង្ហាញ​នូវ​សេចក្ដី​ព្រួយបារម្ភ​ខ្លាច​បាត់បង់​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដែល​រាជរដ្ឋាភិបាល​បាន​រក្សាទុក​នៅ​ខេត្ត​ព្រះសីហនុ​។ ប្រជាពលរដ្ឋ​បាន​បញ្ជាក់ថា រហូតមកដល់​បច្ចុប្បន្ន​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដី​គម្រប​ព្រៃឈើ​យក​ធ្វើជា​កម្មសិទ្ធិ​នៅតែ​បន្ត​កើតមាន​យ៉ាង​មហន្តរាយ​។​

​ទាក់ទង​បញ្ហា​ខាងលើនេះ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​បទល្មើស​បំផ្លាញ​ធនធានធម្មជាតិ​ក្នុង​ខេត្ត​ព្រះសីហនុ បាន​អះអាងថា ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដែល​រដ្ឋាភិបាល​បាន​រក្សាទុក​នៅក្នុង​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ត្រូវ​អ្នកមាន​លុយ អ្នកមានអំណាច មួយចំនួន​កាប់​គាស់​ឈូសឆាយ​ដុតបំផ្លាញ ហើយ​ព័ទ្ធរបង​យក​ដី​ធ្វើជា​កម្មសិទ្ធិ​យ៉ាង​អនាធិបតេយ្យ​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​អាជ្ញាធរខេត្ត​ព្រះសីហនុ និង​ក្រសួង​ពាក់ព័ន្ធ មិនទាន់​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ប្រកបដោយ​ប្រសិទ្ធភាព​នៅឡើយ​ទេ​។ ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ និង​ក្រសួងបរិស្ថាន ក៏ដូចជា​ក្រសួងកសិកម្ម ដាក់ចេញ​នូវ​វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​ឃុំ​បិត​ត្រាំ​ង ឲ្យ​ខាន​តែ​បាន​។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​គគីរ បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ បទល្មើស​កាប់​គាស់​ឈូសឆាយ​បំផ្លាញ​ព្រៃឈើ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​យ៉ាង​រាលដាល​ដដែល ហើយ​វិធានការ​របស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​អាជ្ញាធរខេត្ត​ព្រះសីហនុ មិនអាច​ទប់ស្កាត់បាន​នៅឡើយ​។ ប្រជាពលរដ្ឋ​ទទួលស្គាល់ថា លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ពិតជា​បានដាក់​បទបញ្ជា​ទៅ​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត និង​សមត្ថកិច្ច​ពាក់ព័ន្ធ ឲ្យ​ចុះ​ពិនិត្យ​ទប់ស្កាត់​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដី​គម្រប​ព្រៃឈើ​នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ប៉ុន្តែ​បទល្មើស​នៅតែ​កើតឡើង​ដដែល​។ ក្រុម​ជនល្មើស​ដែលជា​អ្នកមាន​លុយ មានអំណាច ហាក់ដូចជា​មិន​ញញើត​នឹង​វិធានការ​របស់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​នោះទេ ហេតុនេះហើយ​ទើប​ទីតាំង​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ នៅក្នុង​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង នៅតែ​គេ​កាប់​រាន​ដុតបំផ្លាញ រំលោភ​យក​ដី​ធ្វើជា​កម្មសិទ្ធិ​តាម​អំពើ​ចិត្ត​៕

f02e2812-72ed-4131-9427-1fad0e1c1bdfលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ d4a572bf-71a9-47ab-bec8-c43eb4c63565