មន្ត្រី​គយ​ដែល​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​រថយន្ត​ទំនើបៗ​គេចពន្ធ គួរ​ប្រឈម​នឹង​ការដាក់ទោស​តាមច្បាប់​

រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ គយ​ចល័ត​បាន​បើក​ប្រតិបត្តិ​ការចាប់យក​រថ​យន្ត​ទំនើបៗ​គេចពន្ធ​ជាច្រើន​គ្រឿង​ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​មួយចំនួន​។ ក៏ប៉ុន្តែ​ការបង្ក្រាប​រថយន្ត​ទំនើបៗ​គេចពន្ធ​នោះ ត្រូវ​ប្រឈម​នឹង​ការរិះគន់​ពី​មហាជន​យ៉ាង​ពេញបន្ទុក ព្រោះ​មន្ត្រី​គយ​ពុករលួយ​ដែល​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​រថយន្ត​ទំនើបៗ​គេចពន្ធ ពួកគេ​អាច​គេច​ផុតពី​សំណាញ់​ច្បាប់​យ៉ាង​ក្រអឺតក្រទម​។ ជាពិសេស​គឺ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​តែម្តង ដែលជា​អ្នកទទួលខុសត្រូវ​ធំ​ជា​គេ​ចំពោះ​ទង្វើ​របស់​មន្ត្រី​គយ​តាម​ច្រកព្រំដែន​ដែល​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​រថយន្ត​ទំនើបៗ​អត់​ពន្ធ​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។

​កន្លងមក​មាន​ប្រភព​ខ្លះ​បាន​បង្ហើប​ឲ្យ​ដឹងថា សមត្ថកិច្ច​គយ​តាម​ព្រំដែន​ក្នុង​ខេត្តកោះកុង ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ​ជាដើម គឺជា​អ្នក​ឃុ​ប​ឃិ​ប​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​រថយន្ត​ទំនើបៗ​គេចពន្ធ​ជាច្រើន​គ្រឿង​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​ជាច្រើន​។ ជាក់ស្តែង​ក្នុង​ប្រតិបត្តិការ​មួយ​រយៈពេល​កន្លងទៅនេះ រថយន្ត​ទំនើបៗ​គេចពន្ធ​ជាច្រើន​រយ​គ្រឿង​ត្រូវ​គយ​ចល័ត​បង្ក្រាបបាន និង​តម្រូវ​ឲ្យ​អ្នកប្រើប្រាស់​រថយន្ត​ទៅ​បង់ពន្ធ​ជូន​រដ្ឋ​តាមច្បាប់​។ ប៉ុន្តែ​មន្ត្រី​គយ​នៅតាម​ច្រកព្រំដែន​ដែលជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​រថយន្ត​ទំនើបៗ​គេចពន្ធ បែរជា​គេច​ផុតពី​វិធានការ​ច្បាប់ ហើយ​ពួកគេ​បន្តធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​បំពាន​ទៅលើ​វិធានការ​កែទម្រង់​ស៊ីជម្រៅ​របស់​ស្ថាប័នគយ​។ ក្នុងនោះ​លោក គុណ ញឹម ក៏​អាច​ជាប់​ពាក់ព័ន្ធ​ផងដែរ ទើប​មន្ត្រី​គយ​តាម​ព្រំដែន​ហ៊ាន​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​រថយន្ត​ទំនើបៗ​គេចពន្ធ​យ៉ាង​ពេញបន្ទុក​នាពេល​កន្លងមក​។

មន្ត្រី​គយ​តូចតាច​នៅតាម​បណ្ដា​ខេត្ត​នានា ក៏ដូចជា​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ បាន​លើកឡើងថា ដើម្បី​ឲ្យ​មាន​តម្លាភាព​ក្នុងការ​បង្ក្រាប​រថយន្ត​ទំនើបៗ​អត់​ពន្ធ គឺ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គួរ​ចាត់វិធានការ​ទៅលើ​មន្ត្រី​គយ​តាម​ច្រកព្រំដែន និង​ក្រុម​ឈ្មួញ​ខិលខូច​ផងដែរ​។ បើ​គ្មាន​ការបើក​ដៃ​ពី​មន្ត្រី​គយ​តាម​ព្រំដែន​និង​មន្ត្រី​គយ​ចល័ត​តាម​ដងផ្លូវ​ទេនោះ គឺ​ឈ្មួញ​មិនអាច​នាំចូល​រថយន្ត​ទំនើបៗ​គេចពន្ធ​តាម​ច្រកព្រំដែន​ក្នុង​ខេត្តកោះកុង ខេត្តបាត់ដំបង បន្ទាយមានជ័យ និង​បណ្ដា​ខេត្ត​ដទៃទៀត ចូល​មកដល់​រាជធានី​ភ្នំពេញ​បានឡើយ​។ មានន័យថា វិធានការ​ទៅលើ​អ្នកប្រើប្រាស់​រថយន្ត​អត់​ពន្ធ គឺ​មិនមាន​ភាពយុត្តិធម៌​ទេ ទាល់តែ​វែកមុខ​មន្ត្រី​គយ​ពុករលួយ​ដែល​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​រថយន្ត​គេចពន្ធ​យកទៅ​ដាក់ទោស​តាមច្បាប់​ទើប​ជា​រឿង​ត្រឹមត្រូវ​។ តាម​ការប៉ាន់ប្រមាណ​នាពេល​កន្លងមក គឺ​អាចមាន​មន្ត្រី​គយ​រាប់សិប​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​រថយន្ត​គេចពន្ធ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ត្រូវ​វែកមុខ​មន្ត្រី​គយ​ពុករលួយ​ទាំងនោះ​ចាត់វិធានការ​តាមច្បាប់​ជា​ធរមាន​ផងដែរ​៕

100074លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ W@t-241015