សម្ដេច ហ៊ុន សែន ព្រមាន​CNRPថា​កុំ​យក​សមិទ្ធផល​រដ្ឋាភិបាល​សម្រេចបាន ទៅធ្វើ​នយោបាយ​ប្រជា​ភិ​ថុ​ត

ក្រោយពី​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ឯកឧត្តម កឹម សុខា បាន​ប្រាប់​ប្រជាពលរដ្ឋ​ថា ផ្លូវជាតិ​លេខ៤ដែល​រដ្ឋាភិបាល​សម្រេច​ដក​យកមក​គ្រប់គ្រង​វិញ គឺ​បានមកពី​ការទាមទារ​គណបក្ស​ខ្លួន​នោះ សម្ដេច ហ៊ុន សែន ក៏បាន​ផ្ញើ​សារ​ព្រមាន​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​ថា កុំ​យក​សមិទ្ធផល​រដ្ឋាភិបាល​សម្រេចបាន​ទៅ ធ្វើ​នយោបាយ​ប្រជា​ភិ​ថុ​ត​បោកប្រាស់​ប្រជាពលរដ្ឋ។

សម្ដេច ហ៊ុន សែន បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ដូច្នេះ​ថា៖«ខ្ញុំ​សូម​ផ្ញើ​សារ​ខ្លី​នេះ​ទៅកាន់​មេបក្ស​ប្រឆាំង​ព្រមទាំង​ក្រុម​បក្សប្រឆាំង​ទាំងអស់ ត្រូវ​ឈប់​បោកប្រាស់​ប្រជាពលរដ្ឋ​តទៅទៀត។ នេះ​ជាការ​និយាយ​កុហក់​បោកប្រាស​ប្រជាពលរដ្ឋ​សុ​ទ្ឋ​សាធ ដែល​គណបក្សប្រឆាំង​ចេះ​ធ្វើទៅ​រួច​ដែរ ដោយ​គ្មាន​ការអៀនខ្មាស់។ តែ​ការពិត​គឺ​វា​នៅ​ជា​ការពិត​ដដែល គឺ​គណបក្សប្រឆាំង​គ្មាន​បានធ្វើ​អ្វី​ក្រៅ​តែ​អំពី​ការឃោសនា​បោក​ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ។អ្វីដែល​គណបក្សប្រឆាំង​បានធ្វើ​ពិតប្រាកដ គឺ​បោកប្រាស់ ជេរប្រមាថ ញុះញុង​បង្កចលាចល និង​ដើរទៅ​សុំឱ្យ​បរទេស​ផ្តាច់ជំនួយ ឬ​កុំមក​វិនិយោគ​នៅ​កម្ពុជា។ សូម​ថ្នាក់ដឹកនាំ​បក្សប្រឆាំង​គ្រប់​ជាន់ថ្នាក់​មាន​ភាពថ្លៃថ្នូរ​កុំ​ឆក់​ប្លន់​សមិទ្ធផល​របស់គេ​ធ្វើជា​របស់ខ្លួន»។

សម្ដេច ហ៊ុន សែន ក៏បាន​អះអាង​ការពារ​សមិទ្ធផល​ខ្លួន​ថា ការសម្រេចបាន​ជាល​ទ្ឋ​ផល​ជូន​ប្រជាពលរដ្ឋ​កន្លងមកនេះ គឺ​ដោយសារ​សមាជិក សមាជិការ​គណបក្ស​ប្រជាជន បានរៀបចំ​វេទិការ​សាធារណៈ​ស្រង់​យក​មតិ​ប្រជាពលរដ្ឋ និង​ការទទួល​មតិយោបល់រ​បស់​ពួកគេ​តាម​បណ្តាញ​ប្រ​ព័​ន្ឋ​ព័ត៌មានផ្សេងៗ ជាពិសេស​សំណូមពរ​ពី​ប្រជាពលរដ្ឋ​មកកាន់​ហ្វេ​ស​ប៊ុ​ក (Facebook) របស់​សម្ដេច​ដោយផ្ទាល់​កន្លងមកនេះ ។

ប្រមុខ​រដ្ឋាភិបាល​បាន​រំលឹក​ពី​សមិទ្ធផល​ដែល​ខ្លួន​បានសម្រេច​បាន​នៅក្នុង​រយៈពេល២ឆ្នាំ​នៃ​អាណត្តិ​នេះ​ដូច្នេះ​ថា៖«ការសម្រេច​របស់ខ្ញុំ​កន្លងមកថ្មីៗដើម្បី​ផលប្រយោជន៍​ប្រទេសជាតិ ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បានសម្រេច​ឈប់​អោយ​ប្រជាពលរដ្ឋ​បង់ប្រាក់​លើ​ការធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​វេ​ង​ស្រេង។ បញ្ឈប់​ការយក​លុយ​ថ្លៃ​ធ្វើ​ប័ណ្ណបើកបរ​សម្រាប់​ម៉ូតូ​កម្លាំង​ពី(125cc) ចុះក្រោម។ បញ្ចុះតម្លៃ​ធ្វើ​ប័ណ្ណបើកបរ​យានយន្ត (៥០%) បញ្ឈប់​យក​ថ្លៃ​សេវា​ផ្ទេរ​អចលនទ្រព្យ​ពី​ជីតា​ជីដូន​ទៅ​ចៅ ពី​ឪពុកម្តាយ​ទៅ​កូន ពី​ប្រព​ន្ឋ​ទៅ​ប្តី និង​ប្តី​ទៅ​ប្រព​ន្ឋ និង​ឈប់​អោយ​ប្រជាពលរដ្ឋ​បង់លុយ​ពេលធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ៤ជាដើម។ទាំងនេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន មុននឹង​សម្ដេច​អះអាង​បន្ថែមទៀតថា៖«ជាការ​ពិត​គឺមាន​ស​មិ​ទ្ឋិ​ផល​ជាតិ​ជាច្រើន​ដែល​ខ្ញុំ​បានសម្រេច ដោយ​គ្មាន​ការចូលរួម​ពី​បក្សប្រឆាំង​បន្តិច​ណា​ឡើយ»។

កាលពី​ថ្ងៃទី២០ កុម្ភៈ  ឯកឧត្តម កឹម សុខា បាន​បញ្ជាក់ថា បើទោះជា​គណបក្ស​លោក​មិនទាន់បាន​កាន់អំណាច​ក៏ដោយ ប៉ុន្ដែ​តាមរយៈ​ការតស៊ូ និង​ការលះបង់​របស់​គណបក្ស​ខ្លួន​កន្លងមកនេះ ទើបបាន​ធ្វើ​ឲ្យ​បញ្ហា​មួយចំនួន ត្រូវបាន​រដ្ឋាភិបាល​កំ​ពុង​យកទៅ​គិតពិចារណា​ដែរ។ មេដឹកនាំ​បក្សប្រឆាំង​រូបនេះ ក៏បាន​លើកយក​ចំណុច​វិជ្ជមាន​ដែល​សម្រេចបាន​នោះ​អះអាង​ប្រាប់​ប្រជាពលរដ្ឋ​ថា បើ​គ្មាន​គណបក្ស​លោក​ទាមទារ​ទេនោះ ផ្លូវជាតិ​លេខ៤ នឹង​នៅតែ​យកលុយ​ពី​ប្រជាពលរដ្ឋ​នៅឡើយ​ទេ៕