បញ្ជូនខ្លួន ប្តីប្រពន្ធពីរនាក់ ពាក់ព័ន្ធករណី ឆបោកប្រាក់ ជាង៣៧ម៉ឺនដុល្លារ មកតុលាការ

ភ្នំពេញ: ស្ត្រីម្នាក់ ជាប្រធានគណនេយ្យ នៅក្រុមហ៊ុនបុរីពិភពថ្មីគ្រុប និងប្តី ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ បញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរករណីឆបោកប្រាក់ ប្រមាណជាង៣៧ម៉ឺនដុល្លារអាមេរិក ។  បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់កំពុងស្ថិតក្រោម ការសាកសួររបស់លោកព្រះរាជអាជ្ញារង តុប ឈុនឡុង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ផាត ចរិយា អាយុ៣៨ឆ្នាំ ជាប្រធានគណនេយ្យនៅក្រុមហ៊ុនបុរីពិភពថ្មីគ្រុបនិង ប្តីឈ្មោះ ហ៊ កុសល អាយុ៣៨ឆ្នាំ មានទីលំនៅផ្ទះលេខ៣បេ ផ្លូវលេខ៦០ ភូមិមានជ័យ សង្កាត់មានជ័យ ខណ្ឌមានជ័យ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឃាត់ ខ្លួនកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ តាមពាក្យបណ្ដឹងរបស់លោកមេធាវីឈ្មោះ ប៉ិ វណ្ណៈ តំណាងស្របច្បាប់របស់ក្រុមហ៊ុនពិភពថ្មី ចោទប្រកាន់ពីបទឆបោកប្រាក់ប្រមាណជាង៣៧ម៉ឺនដុល្លារអាមេរិក ។

នៅដំណាក់កាលសមត្ថកិច្ច ស្ត្រីឈ្មោះ ផាត ចរិយា បានសារភាពថា លុយទាំងនេះ ខ្លួនបានយកឲ្យប្តីលេងល្បែងចាញ់អស់ ៕

បញ្ជូនខ្លួន ប្តីប្រពន្ធពីរនាក់ ពាក់ព័ន្ធករណី ឆបោកប្រាក់ ជាង៣៧ម៉ឺនដុល្លារ មកតុលាការ