សម្តេចក្រឡាហោម ស ខេង អំពាវនាវឲ្យអាជ្ញាធរ និងពលរដ្ឋកម្ពុជា ទប់ស្កាត់ និងបង្ការអគ្គិភ័យ

ភ្នំពេញ៖ ក្នុងឱកាសទិវាជាតិលើកទី១ ស្តីពីការបង្ការ និងពន្លត់អគ្គិភ័យ ដែលកម្ពុជាបានរៀបចំឡើង ជាលើកដំបូង នៅថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០១៦ នាមជ្ឈមណ្ឌល កំសាន្តកោះពេជ្រ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវទៅដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួម បង្ការ ទប់ស្កាត់ កុំឲ្យមានអគ្គិភ័យកើតឡើង។

 សម្តេចក្រឡាហោម បានមានប្រសាសន៍ថា ការងារបង្ការ និងពន្លត់អគ្គិភ័យ គឺជាករណីរបស់គ្រប់ក្រសួង ស្ថាប័ន អង្គភាព អង្គការសង្គមស៊ីវិល ផ្នែកឯកជន និងជនគ្រប់ៗរូប ដែលទាំងអស់គ្នាចំាបាច់ត្រូវមានស្មារតីប្រុងប្រយ័ត្ន កុំឲ្យកើតមានអគ្គិភ័យ និងត្រូវចូលរួមជួយគ្នាពន្លត់ នៅពេលមានអគ្គិភ័យកើតឡើង តាមទិសស្លោក “យើងរួមគ្នាបង្ការ និងបន្លត់អគ្គិភ័យ”។

 សម្តេចបន្តថា “អាជ្ញាធរដែនដីគ្រប់ថ្នាក់ ត្រូវបង្កើនវិធានការអប់រំណែនាំដល់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ច របស់ខ្លួន ដើម្បីលើកកម្ពស់ការ យល់ដឹង និងសកម្មភាពចូលរួមក្នុងចលនាបង្ការ និងពន្លត់អគ្គិភ័យនៅមូលដ្ឋាន ជាពិសេសឲ្យពួកគាត់មានការប្រុងប្រយ័ត្នគ្រប់ពេល ចំពោះដើមចមដែលអាចបង្កឲ្យកើតមានអគ្គិភ័យ”។

 សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៥កន្លងទៅ មានករណីអគ្គិភ័យកើតឡើងចំនួន ៥៩០លើក បើធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ២០១៤ កើនឡើងចំនួន ៧៦លើក ស្មើនឹង ១៤.៧៨ភាគរយ ដែលបណ្ដាលឲ្យស្លាប់មនុស្សចំនួន ៣៥នាក់, របួស ២៨នាក់, ឆេះផ្ទះ ៥៩៥ខ្នង, ឆេះតូបផ្សារ ៤២១តូប, ឃ្លាំងស្តុកសម្ភារៈ ២, យានដ្ឋាន ២, ក្លិបកំសាន្ត ១, រថយន្ត ១៨គ្រឿង, គោយន្ត ១០គ្រឿង ព្រមទាំងសម្ភារៈផ្សេងៗអស់ជាច្រើនទៀត។ មូលហេតុសំខាន់គឺ កត្តាឆ្លងចរន្តអគ្គិភ័យមាន ៤៧,៦២ភាគរយ, កត្តាធ្វេសប្រហែសចំនួន ២៧,៩៦ភាគរយ ក្រៅពីនេះដោយសារកត្តា មូលហេតុផ្សេងៗបង្កឡើងប្រមាណជាង ២៤ភាគរយ៕

សម្តេចក្រឡាហោម ស ខេង  អំពាវនាវឲ្យអាជ្ញាធរ និងពលរដ្ឋកម្ពុជា ទប់ស្កាត់ និងបង្ការអគ្គិភ័យ

សម្តេចក្រឡាហោម ស ខេង  អំពាវនាវឲ្យអាជ្ញាធរ និងពលរដ្ឋកម្ពុជា ទប់ស្កាត់ និងបង្ការអគ្គិភ័យ

សម្តេចក្រឡាហោម ស ខេង  អំពាវនាវឲ្យអាជ្ញាធរ និងពលរដ្ឋកម្ពុជា ទប់ស្កាត់ និងបង្ការអគ្គិភ័យ