ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ការទូត​កម្ពុជា លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង បាន​ជំរុញ​ឱ្យ​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា ជួ​​យ​អន្តរាគមន៍​ជុំវិញ​រឿង​ក្តី​អាជីវករ​ខ្មែរ​នៅ​ផ្សារ​រ៉ុ​ង​ក្លឿ និង​ផ្សារ​ឥណ្ឌូចិន ដែល​ជា​ផ្សារ​ជាប់​ប្រទេស​កម្ពុជា ។ ការ​ណែនាំ​ឱ្យ​ស្ថាន​អគ្គ​កុងស៊ុល​ជួយ​អន្តរាគមន៍​ដល់​អាជីវករ​ខ្មែរ​នេះ​ត្រូវ​បាន​ប្រកាស​ដោយ​លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិកាលពី​ថ្ងៃ​ទី​២១ កុម្ភៈ ។

១-​ករណី​អាជីវករ​ខ្មែរ​នៅ​ផ្សារ​រ៉ុ​ង​ក្លឿ​៖
អនុវត្ត​តាម​ការ​ណែនាំ​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង ឲ្យ​យកចិត្តទុកដាក់​ចុះ​ពិនិត្យ​ស្ថានភាព​អាជីវករ​ខ្មែរ​លក់ដូរ​នៅ​ផ្សារ​រ៉ុ​ង​ក្លឿ និង​ខិតខំ​ជួយ​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​របស់​អាជីវករ​ខ្មែរ ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ខេត្ត​សា​កែវ បាន​ចុះ​ទៅ​ពិនិត្យ និង​បាន​រាយការណ៍​ជូន​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៅ​ថ្ងៃ​ទី​២០ កុម្ភៈ ២០១៦​ថា​៖

-​ក្នុង​ផ្សារ​រ៉ុ​ង​ក្លឿ​មាន​តូប​ចំនួន​ជាង​៣.០០០​តូប ក្នុង​នោះ​ប្រមាណ​១/៣ ជា​តូប​លក់ទំនិញ​កម្មសិទ្ធិបញ្ញា (​ប្រហែល​៣០% បាន​បើក​លក់​ឡើង​វិញ​) ហើយ​២/៣​ទៀត លក់ទំនិញ​ជជុះ និង​ទំនិញ​អត់​ស្លាក​យីហោ (​ជាង​៩០% បាន​បើក​លក់​ឡើង​វិញ​) ។
-​អាជីវករ​ខ្មែរ​បាន​ត្អូញត្អែរ​ថា អាជីវកម្ម​ពុំ​ចំណេញ​តាំងពី​ដើមឆ្នាំ​២០១៥​មក តូប​ភាគច្រើន​បិទ និង​សេង​ម្ចាស់ មូលហេតុ​មក​ពី​អតិថិជន​ថយ​ចុះ​ហើយ​ក្រុម​ស៊ើបអង្កេត​កម្មសិទ្ធិបញ្ញា​របស់​ថៃ​ចុះ​មក​ត្រួតពិនិត្យ​ញឹកញាប់​។
-​នៅ​ថ្ងៃ​ទី​១៨ កុម្ភៈ ២០១៦ ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា ដោយ​មាន​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ថៃ​នៅ​ផ្សារ​រ៉ុ​ង​ក្លឿ បាន​ចុះ​ជួប​សំណេះសំណាល​ជាមួយ​អាជីវករ​ខ្មែរ​ដែល​លក់ទំនិញ​កម្មសិទ្ធិបញ្ញា ហើយ​បាន​ណែនាំ​អាជីវករ​បញ្ឈប់​ការ​លក់ទំនិញ ក្លែង​យីហោ​ដែល​អាជ្ញាធរ​ថៃ​បាន​ហាមឃាត់ ។
-​អាជីវករ​បាន​ស្នើ​ស្ថាន​អគ្គ​កុងស៊ុល ជួយ​អន្តរាគមន៍​ជាមួយ​អាជ្ញាធរ​ថៃ​ទុក​ពេល​ឲ្យ​ពួក​គាត់​ពី​១​ទៅ​២​ឆ្នាំ ដើម្បី​លក់ទំនិញ​ទាំងនោះ​ឲ្យ​អស់ ។
បន្ទាប់​ពី​ទទួល​បាន​របាយការណ៍​របស់​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង បាន​ធ្វើការ​ណែនាំ​ផ្ទាល់​នៅ​ថ្ងៃ​ទី​២០ កុម្ភៈ ២០១៦ ឲ្យ​ស្ថាន​អគ្គ​កុងស៊ុល ទំនាក់ទំនង​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​ថៃ​ស្វែងរក​ដំណោះស្រាយ​ចំពោះ​សំណើសុំ​ខាង លើ​របស់​អា​ជីករ​ខ្មែរ ។

២-​ករណី​អា​ជីករ​ខ្មែរ​នៅ​ផ្សារ​ឥណ្ឌូចិន​៖
នៅ​ពេល​ទទួល​បាន​ព័ត៌មាន​ស្តី​ពី​ករណី​អាជីវករ​ខ្មែរ​នៅ​ផ្សារ​ឥណ្ឌូចិន លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង បាន​ណែនាំ​ផ្ទាល់​ឲ្យ​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​នៅ​ខេត្ត​សា​កែវ ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​ដល់ទី​កន្លែង ហើយ​រាយការណ៍​ជូន​ក្រសួង​ពី​បញ្ហា​ជាក់ស្តែង​ដែល​បាន​កើត​មាន​ឡើង​ចំពោះ​អាជីវករ​ខ្មែរ​នៅ​ផ្សារ​ឥណ្ឌូចិន ។

នៅ​ថ្ងៃ​ទី​២០ កុម្ភៈ ២០១៦ ស្ថាន​អគ្គ​កុងស៊ុល​បាន​រាយការណ៍​ជូន​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ថា​៖
-​ផ្សារ​ឥណ្ឌូចិន​ជា​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ថៃ​មួយ មា​នទី​តាំងនៅ​ក្បែរ​ផ្សារ​រ៉ុ​ង​ក្លឿ មាន​អាគារ​ចំនួន​១០ ក្នុង​នោះ​មាន​តូប​ប្រមាណ ១០០០​តូប ហើយ​បើក​ដំណើរការ​នៅ​ឆ្នាំ​២០១៤ ប៉ុន្តែ​ពុំ​សូវ​មាន​អតិថិជន​ឡើយ ។
-​នៅ​ចុងឆ្នាំ​២០១៥ ក្រុមហ៊ុន​ម្ចាស់​ផ្សារ​បាន​សម្រេច​បិទ​អគារ​ចំនួន​៧ ធ្វើ​ឲ្យ​អាជីវករ​ថៃ​និង​ខ្មែរ (​អាជីវករ​ខ្មែរ​២៨​នាក់​) មិន​សប្បាយចិត្ត ហើយ​ចាប់ផ្តើម​ធ្វើការ​តវ៉ា​ជាមួយ​ក្រុមហ៊ុន​ម្ចាស់​ផ្សារ តែ​ពុំ​ទទួល​បាន​លទ្ធផល​អ្វី​ឡើយ ។
-​នៅ​ថ្ងៃ​ទី​៤ កុម្ភៈ ២០១៦ អាជីវករ​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការខេត្ត​សា​កែវ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ម្ចាស់​ផ្សារ សង​ប្រាក់​ខាតបង់​លើ​ទីតាំង​តូប​ពី​៤៥០.០០០​បាត ទៅ​៥៥០.០០០​បាត ក្នុង​មួយ​តូប ហើយ​និង​សំណង​ខូចខាត​ផ្សេង​ៗ​ទៀត ។
នៅ​ថ្ងៃ​ទី​២០ កុម្ភៈ ២០១៦ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង បាន​ណែនាំ ស្ថាន​អគ្គ​កុងស៊ុល​ផ្តល់​មេធាវី​ជួយ​ការពារ​ក្តី​របស់​អាជីវករ​ខ្មែរ ហើយ​និង​ជួយ​សម្រួល​ដោះ ស្រាយ​នូវ​សំណូមពរ​ផ្សេង​ៗ​របស់​អាជីវករ​ខ្មែរ ៕