ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ​ ៖ មានករណី​ផ្ទុះ​បាតុ​ភាព​មួយ​ក្នុងបុរី​ ​«​ឌឹមេគង្គរ៉ូយាល់» រវាង​​ក្រុម​កម្ម​ករ​ជិត​១០០នាក់​ ជាមួយ​ក្រុម​សន្តិសុខ​ កាល​ពី​​វេលា​ម៉ោង០៥​ល្ងាច​ថ្ងៃទី​២២ កុម្ភៈ ២០១៦ ស្ថិត​នៅ​តាម​បណ្តោយ​​ផ្លូវ​ជាតិលេខ០៥ ក្នុងភូមិខ្ទរ សង្កាត់ព្រែក​លៀប ខណ្ឌ​ជ្រោយ​ចង្វារ រហូតដល់​​ក្រុម​កម្មករ​យកម៉ូតូ​២គ្រឿងរបស់​សន្តិសុខ​ដុតកម្ទេចចោល និង​គេចខ្លួនអស់ ។

ប្រភពឱ្យ​ដឹងថា ម៉ូតូ​ដែល​ត្រូវ​កម្ម​ករ​ដុតនោះ មួយគ្រឿងម៉ាកវីវ៉ា និងមួយគ្រឿងទៀតម៉ាក SL ជារបស់សន្តិសុខ បន្ទាប់ពី​ក្រុម​កម្មករ​លើកគ្នាមក​សួរ​រក​មុខ​សន្តិសុខ ​ដែលបាន​វាយ​ក្រុម​ខ្លួនបណ្តាល​ឱ្យ​រង​របួសម្នាក់ ។

គួរបញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃដដែលនោះ ក្រុមកម្មករ​នាំគ្នា​បានអង្គុយផឹក​ស៊ី​ក្នុង​បុរីខាងលើ ក៏ត្រូវ​​​សន្តិសុខ​​​​​៣នាក់​ចុះ​ទៅ​ហាម​ឃាត់​​ ពេលនោះក៏បានផ្ទុះជម្លោះ​គ្នាទៅវិញទៅមក រហូត​ដល់​ប្រើហិង្សា​ ដោយសន្តិសុខ​បាន​​វាយ​កម្មករម្នាក់​​រង​របួស ។ លុះពេល​វេលា​​ល្ងា​ច​កើតហេតុ ក្រុម​កម្មករ​​បាន​​ប្រមូល​គ្នា​​​លើក​មក​​សួររកមុខ​​អ្នក​វាយ តែត្រូវ​សន្តិសុខ​គេចខ្លួន​អស់ សល់តែម៉ូតូ​ ក៏​យកទៅ​ដុតចោលតែម្តង ។

បន្ទាប់ពី​មានករណីនេះ​កើតឡើង គេឃើញ​លោក​ឃ្លាំង ហួត អភិបាលខណ្ឌ​ រួមសមត្ថកិច្ច ​ចុះទៅអន្តរាគមន៍ភ្លាមៗ​ដែរ តែ​ត្រូវ​​​កម្ម​ករ និងសន្តិសុខ​គេចខ្លួន​អស់​ហើយ ។