ចាំមើល​មន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល អាច​ទប់ស្កាត់​សកម្មភាព​បូម​ខ្សាច់​របស់​ឈ្មោះ ចាន់ណា បាន​ឬ​អត់​?

កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៦ ក្រុមមន្ត្រី​នៃ​មន្ទីរ​រ៉ែ​និង​ថាមពល​រាជធានី​ភ្នំពេញ បាន​ចុះទៅពិនិត្យ​ដល់ទី​តាំង​បូម​ខ្សាច់​របស់​ឈ្មោះ ចាន់ណា នៅតាម​ដង​ទន្លេសាប​ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ប្ញ​ស្សី​កែវ​។ ប្រភពពី​មន្ត្រី​អាជ្ញាធរ​បាន​ឲ្យ​ដឹងថា ការត្រួតពិនិត្យ​របស់​មន្ត្រី​នៃ​មន្ទីរ​រ៉ែ​និង​ថាមពល ទៅលើ​ការដ្ឋាន​បូម​ខ្សាច់​របស់​ឈ្មួញ ចាន់ណា បាន​កើតឡើង​បន្ទាប់ពី​ប្រជាពលរដ្ឋ​រិះគន់ថា ទីតាំង​បូម​ខ្សាច់​និង​សកម្មភាព​ដឹកជញ្ជូន​ខ្សាច់​របស់​ឈ្មោះ ចាន់ណា ដែលជា​មន្ត្រី​យោធា​បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​បរិស្ថាន ក៏ដូចជា​បំផ្លាញ​ផ្លូវលំ​តាម​សង្កាត់​នានា និង​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​ទៀតផង​។

​ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ បាន​ឲ្យ​ដឹងថា ទីតាំង​អាជីវកម្ម​បូម​ខ្សាច់​របស់​ឈ្មោះ ចាន់ណា ដែលជា​មន្ត្រី​យោធា ស្ថិតនៅតាម​មាត់ទន្លេ​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ប្ញ​ស្សី​កែវ​។ កន្លងមក​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់​សង្កាត់​និង​ថ្នាក់​ខេត្ត មិន​ហ៊ាន​ប៉ះពាល់​ទៅលើ​ទីតាំង​បូម​ខ្សាច់​និង​អាជីវកម្ម​ដឹកជញ្ជូន​ខ្សាច់​របស់​ឈ្មោះ ចាន់ណា ដែលជា​មន្ត្រី​យោធា និង​ជា​កង​អង្គរក្ស​នោះទេ​។ ហេតុនេះហើយ​ទើប​ឈ្មោះ ចាន់ណា ប្រើប្រាស់​រថយន្ត​តូចធំ ជាច្រើន​គ្រឿង​ដឹកជញ្ជូន​ខ្សាច់​ចែកចាយ​តាម​ដេប៉ូ​និង​តាម​ការដ្ឋាន​សំណង់​មួយចំនួន​ក្នុង​ទឹកដី​ខណ្ឌ​ប្ញ​ស្សី​កែវ ជាពិសេស​នៅលើ​ផ្លូវជាតិ​លេខ​៥ និង​ផ្លូវ​លេខ​៥៩៨ ក៏ដូចជា​ផ្លូវលំ​ផ្សេងៗ​ជាច្រើន​ខ្សែ​ក្នុង​ទឹកដី​ខណ្ឌ​ប្ញ​ស្សី​កែវ​។

ទោះជា​យ៉ាងណា​ការចុះ​ត្រួតពិនិត្យ​របស់​មន្ត្រី​មន្ទីរ​រ៉ែ​និង​ថាមពល​រាជធានី​ភ្នំពេញ ទៅដល់​ទីតាំង​បូម​ខ្សាច់​របស់​ឈ្មោះ ចាន់ណា នោះ​មិនទាន់​បង្ហាញ​លទ្ធផល​ច្បាស់លាស់​ដល់​ប្រជាពលរដ្ឋ​នៅឡើយ​ទេ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល ពិនិត្យមើល​សកម្មភាព​បូម​ខ្សាច់​របស់​មន្ត្រី​យោធា​ឈ្មោះ ចាន់ណា ជាបន្ទាន់ ព្រោះ​អាជីវកម្ម​បូម​ខ្សាច់​របស់​ឈ្មោះ ចាន់ណា នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​បរិស្ថាន បំផ្លាញ​ផ្លូវ​និង​បំផ្លាញ​សុខភាព​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​ប្ញ​ស្សី​កែវ​យ៉ាង​ពេញបន្ទុក​។ ជាងនេះទៅទៀត​ប្រជាពលរដ្ឋ​បាន​លើកឡើងថា ការត្រួតពិនិត្យ​របស់​មន្ត្រី​មន្ទីរ​រ៉ែ​និង​ថាមពល​រាជធានី​ភ្នំពេញ ប្រហែលជា​គ្មាន​ចេញ​ជា​លទ្ធផល​អ្វី​ធំដុំ​នោះទេ ព្រោះ​ម្ចាស់​ទីតាំង​បូម​ខ្សាច់​ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦​នោះ ជា​មន្ត្រី​យោធា និង​ជា​កង​អង្គរក្ស​ដ៏​មានអំណាច​ផងដែរ​៕

vayofm_3លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល photo_2016-02-19_17-07-22​    ​