រថយន្ត​ដឹក​ដី​ធំៗ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ព្រះនេត្រព្រះ​

​ប្រជាពលរដ្ឋ​ក្នុងភូមិ​ទន្លាប់ ឃុំ​ប្រាសាទ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បាន​អំពាវនាវ​ឲ្យ​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ ជួយ​ដោះស្រាយ​រឿង​រថយន្ត​ដឹក​ដី​របស់​ក្រុមហ៊ុន​ឯកជន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​និង​សុខភាព​ពួកគាត់​យ៉ាងធ្ងន់ធ្ងរ​។ តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ប្រាសាទ បាន​ឲ្យ​ដឹង​ទៀតថា អាជ្ញាធរ​មូលដ្ឋាន​មិន​អើពើ​ចាត់វិធានការ​លើ​ក្រុមហ៊ុន​រថយន្ត​ធ្វើ​អាជីវកម្ម​ដឹក​អាចម៍ដី​លក់ ធ្វើ​ឲ្យ​ខូច​ផ្លូវ​និង​ដី​ហុយ​ប៉ះពាល់​ដល់​សុខភាព​របស់​ពួកគាត់​នោះទេ​។ ហេតុនេះហើយ​ទើប​ពួកគាត់​អំពាវនាវ​ឲ្យ​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ ដែល​ទើប​ចូលកាន់​តំណែង​ជំនួស​លោក គោ​ស៊ុំ សារឿ​ត ចាត់វិធានការ​ជួយ​ដោះស្រាយ​ដល់​ពួកគាត់​ជាបន្ទាន់​។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​ប្រាសាទ ស្រុក​ព្រ​នេត្រ​ព្រះ បាន​ឲ្យ​ដឹងថា ម្ចាស់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ដឹក​អាចម៍ដី​លក់​នោះ​មានឈ្មោះ វ៉ា ឡូយ ហើយ​មន្ត្រី​អាជ្ញាធរ​ភូមិ​-​ឃុំ បានដឹង​យ៉ាងច្បាស់​ពី​រឿង​ខូច​ផ្លូវ​និង​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​។ ក្រុមហ៊ុន​នេះ​មាន​រថយន្ត​ដឹក​ដី​ជាង​១០​គ្រឿង ហើយ​នៅពេល​ដឹក​ដី​មិនបាន​ចាក់ទឹក​ស្រោច​ផ្លូវ​ឡើយ​ធ្វើ​ឲ្យ​ធូលី​ហុ​ម​សំពោង​ទៅលើផ្ទះ​ប្រជាពលរដ្ឋ និង​ប៉ះពាល់​ផ្លូវដង្ហើម​ប្រជាពលរដ្ឋ​ជា​រៀងរាល់ថ្ងៃ​។ ទាក់ទង​នឹង​បញ្ហា​នេះ​ប្រជាពលរដ្ឋ​ជាច្រើន​ភូមិ​ក្នុង​ឃុំ​ប្រាសាទ បាន​ឲ្យ​ដឹងថា រថយន្ត​ដឹក​ដី​ក្រុមហ៊ុន​លោក វ៉ា ឡូយ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ពួកគាត់​ប្រមាណ​៣​ខែ​មកហើយ មិនទាន់មាន​ការទប់ស្កាត់​នៅឡើយ​។

ដោយសារតែ​សកម្មភាព​ក្រុមហ៊ុន​រថយន្ត​ដឹក​ដី​របស់​ឈ្មោះ វ៉ា ឡូយ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្លាំងពេក ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​យ៉ាងទទូច​ឲ្យ​អាជ្ញាធរខេត្ត​ជួយ​ដោះស្រាយ​ការលំបាក​របស់​ប្រជាពលរដ្ឋ​ជាបន្ទាន់​។ ប្រជាពលរដ្ឋ​តាម​ភូមិ​នានា​ក្នុង​ឃុំ​ប្រាសាទ បាន​ឲ្យ​ដឹងថា នៅពេល​រថយន្ត​ដឹក​ដី​ឆ្លងកាត់​មុខផ្ទះ​របស់​ពួកគាត់​ម្តងៗ​ធ្វើ​ឲ្យ​ដី​ហុយ​ចូល​ចានបាយ​សម្ល និង​ប៉ះពាល់​ផ្លូវដង្ហើម ហើយ​ផ្លូវលំ​ក្នុងភូមិ​ខូច​ដោយ​កន្លែងៗ​ពិបាកធ្វើ​ដំណើរ​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​លើកឡើងថា កាលពី​ជំនាន់​លោក គោ​ស៊ុំ សារឿ​ត ធ្វើជា​អភិបាលខេត្ត​បន្ទាយមានជ័យ បណ្ដោយ​ឲ្យ​មាន​អាជីវកម្ម​ជីក​អាចមន៍​ដី​លក់​កើតឡើង​យ៉ាង​អនាធិបតេយ្យ មិន​គិតពី​ផលប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ឡើយ​។ សកម្មភាព​រថយន្ត​ដឹក​ដី​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​និង​សុខភាព​ប្រជាពលរដ្ឋ មិនមែន​កើតឡើង​តែ​នៅ​ស្រុក​ព្រះនេត្រព្រះ​ទេ គឺ​នៅ​ក្រុង​សិរីសោភ័ណ និង​ក្រុង​ប៉ោយប៉ែត ក៏​កើតមាន​យ៉ាង​អនាធិបតេយ្យ​ដែរ​៕

12573031_1551568678490831_8026042780619315689_nលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ d713889c-ac84-4dca-b81f-986dde0828ec