សម្តេច ហ៊ុន សែន​៖ ចូលរួម​ពិធីបុណ្យ​មាឃបូជា ដើម្បី​សុខសន្តិភាព និង​ការរីកចម្រើន​

​ថ្ងៃ​១៥​កើត ខែមាឃ ដែល​ចំ​ថ្ងៃ​នៃ​ពិធីបុណ្យ​មាឃបូជា ក្រុមការងារ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន បានបង្ហាញ​ពី​របាយការណ៍​នៃ​ការរីកចម្រើន​ផ្នែក​ព្រះពុទ្ធសាសនា​នៅ​ប្រទេស​កម្ពុជា ដែលមាន​ពលរដ្ឋ​ប្រតិបត្តិ​ជាង​៩៥​ភាគរយ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​ការកើនឡើង​ចំនួន​វត្ត​អារាម និង​ព្រះសង្ឃ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។​

«​ក្រោម​ការដឹក​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើអោយ​វិស័យ​ពុទ្ធចក្រ​រីកលូតលាស់​យ៉ាង​ស្គុះស្គាយ​នៅ​ទូទាំងប្រទេស​។ បច្ចុប្បន្ននេះ​កម្ពុ​ជាមាន​វត្ត​អារាម​ចំនួន​៤,៥១៤ វត្ត ក្នុងនោះ​គណៈធម្មយុត្តិកនិកាយ​១៧៤ វត្ត និង​ព្រះសង្ឃ​ទាំងពីរ​គណៈ​មាន​ចំនួន ៥៦,៨២០​អង្គ​»​។ នេះ​បើតាម​សំណេរ​នៅ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី​។​

​ព្រះ​ពុ​ទ្ឋ​សាសនា មិន​ត្រឹមតែ​បានធ្វើឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង បាន​រួមរស់​ជាមួយគ្នា ដោយ​សុខសាន្ត​ខាង​ផ្លូវ​ស្មារតី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បានរួម​ចំណែក​យ៉ាងសំខាន់ នៅក្នុង​ការពង្រឹង​សណ្តាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាព​សង្គម ការអភិវឌ្ឍ និង​ថែរក្សា​ការពារ​អត្តសញ្ញាណ​ជាតិ​ទៀតផង​។ ជាងនេះទៀត ការអប់រំ​បែប​ព្រះពុទ្ធសាសនា​ក៏បាន​រួម​ចំ​ណែ​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​ការ​យល់ដឹង​អំពី​តម្លៃ​សីលធម៌ និង ឥរិយាបថ​រស់​របស់​ពលរដ្ឋ​នៅក្នុង​សង្គម​យើង​ផងដែរ​។​

​ចំពោះ​មាឃបូជា​នៅថ្ងៃនេះ គឺជា​ពិធីបុណ្យ​ដ៏​សំខាន់​មួយ​របស់​ព្រះ​ពុ​ទ្ឋ​សាសនា​។ ពិធីបុណ្យ​នេះ​គឺ​ដើម្បី​រំឭក​ដល់​ព្រឹត្តិការណ៍​សំខាន់ៗ​នៅក្នុង​ព្រះពុទ្ធសាសនា ដូចជា ១)- រំ​ឮ​ក​ដល់​ថ្ងៃ​ចតុរង្គសន្និបាត​នៃ​ព្រះ​ភិក្ខុសង្ឃ​ទាំង ១២៥០​អង្គ នា​ថ្ងៃ ១៥ កើត ខែមាឃ និង ២)- រំឭក​ដល់​ថ្ងៃ​ព្រះសម្មាសម្ពុទ្ធ ដែល​ទ្រង់​បានដាក់​អាយុសង្ខារ ពោលគឺ ថ្ងៃ​១៥​កើត ខែមាឃ​នេះ ជា​ថ្ងៃ​ដែល​ព្រះពុទ្ធ​ព្រះ​បរមគ្រូ បាន​ត្រាស់ដឹង និង​ក៏​ជា​ថ្ងៃ​ដែល​ព្រះអង្គ​បាន​ចូល​បរិនិព្វាន​៕