កាសែត​អន្តរជាតិ​ចាប់អារម្មណ៍​បង្គន់​៤​ម៉ឺន​ដុល្លារ សង់​សម្រាប់​ម្ចាស់​ក្ស​ត្រី​យ៍ សិរិ​ន​ថន​

ម្ចាស់ក្សត្រី សិរិនថន ពេលមក​ដល់ព្រលានយន្តហោះភ្នំពេញ។ ប្រភពរូបថត ហ្វេសប៊ុក Kem Gunnawadh​បង្គន់​តម្លៃ​៤​ម៉ឺន​ដុល្លារ ត្រូវបាន​សាងសង់​ជាពិសេស​សម្រាប់​ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ មហា​ចក្រី សិរិ​ន​ថន នៅពេល​ព្រះអង្គ​ធ្វើដំណើរ​ទៅ​ខេត្ត​រតនគីរី​។ បង្គន់​ដែល​បំពាក់​ដោយ​សម្ភារ​ទំនើបៗ​នោះ នឹង​ប្រើប្រាស់​ដោយ​ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍​មួយអង្គ​តែប៉ុណ្ណោះ ហើយ​វា​នឹងត្រូវ​រុះរើ​ចោល​នៅពេល​ក្ស​ត្រី​យ៍​អង្គ​នោះ យាង​ចាកចេញ​ទៅវិញ​។

​កាសែត​អន្តរជាតិ​ធំៗ រួមមាន​ទាំង The Guardian, Independent បាន​ចាប់អារម្មណ៍​យ៉ាងខ្លាំង​លើ​បង្គន់​តម្លៃ​ជាង​៤​ម៉ឺន​ដុល្លារ​ដែល​ត្រូវបាន​សាងសង់​សម្រាប់​ទទួល​ដំណើរ​ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ មហា​ចក្រី សិរិ​ន​ថន នៅ​ខេត្ត​រតនគីរី ភាគ​ឦសាន​នៃ​កម្ពុជា​។ បង្គន់​ប្រណិត​នេះ​សាងសង់ឡើង​នៅក្បែរ​បឹង​យក្ស​ឡោម ដែលជា​តំបន់​ទេសចរណ៍​ល្បីល្បាញ​មួយ​។

​បើតាម the guardian បង្គន់​នេះ​មាន​ទំហំ​៨​ម៉ែត​ការ៉េ ប្រក់​ដោយ​ក្បឿង​ពណ៌​ស និង​បំពាក់​ម៉ាស៊ីនត្រជាក់​។  ក្រុមហ៊ុន​សំណង់​ថៃ SCG បានទទួល​ខុសត្រូវ​សា​ង​សង់​ដោយ​ចំណាយពេល​សាងសង់​រយៈពេល​អស់​១៩​ថ្ងៃ​។ បង្គន់​នោះ​គឺ​ធ្វើ​ថ្វាយ​សម្រាប់តែ​ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ ដែល​នឹង​គង់​សម្រាក​នៅ​ទីនោះ​។​

​សូមបញ្ជាក់ថា ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍​ថៃ មហា​ចក្រី សិរិ​ន​ថន យាង​បំពេញ​ព្រះរាជទស្សនកិច្ច​៣​ថ្ងៃ​នៅក្នុង​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃទី​២២​ដល់​ថ្ងៃទី​២៤​កុម្ភៈ​នេះ​។ ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍​នឹង​យាង​សម្ពោធ​សមិទ្ធផល​មួយចំនួន​ក្នុង​វិស័យ​អប់រំ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា​។​
 
​ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍​ក៏​នឹង​យាង​ប្រគល់​អគារ​ប្រើប្រាស់​ថាមពល​ពន្លឺព្រះអាទិត្យ​នៅ​វិទ្យាល័យ​កំពង់​ឈើទាល​ក្នុង​ខេត្តកំពង់ធំ ជូន​លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​ផងដែរ​។ ក្រៅពីនេះ ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ ក៏​នឹង​យាង​ចូលរួម​ក្នុង​ព្រះ​រាជពិធី​សម្ពោធ​មណ្ឌល​សុខភាព​នៅ​ខេត្តរតនៈគិរី និង​ស្លាក​ឈ្មោះ​ថ្មី​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់​ឈើទាល​នៅក្នុង​ខេត្តកំពង់ធំ​ដូចគ្នា​។

​បើតាម​ការ​សេចក្តីប្រកាស​ព័ត៌មាន​ដដែល បន្ថែមថា​ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍​ក៏​នឹង​យាង​ទត​សាលាបឋមសិក្សា​មួយចំនួន​នៅតាម​ខេត្ត​នានា​ដែរ​៕