សហជីព ត្រូវចាត់ទុក កម្មករ-កម្មការិនី និងរោងចក្រ ជាឪពុក-ម្តាយ

ភ្នំពេញ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងថាមន្រ្តី សហជីពទាំងអស់ ត្រូវតែចាត់ទុក កម្មករ-កម្មការិនី និងរោងចក្រ អាណាព្យាបាល ជាឪពុកជាម្តាយ ព្រោះជាឆ្នាំងបាយរួមទាំងអស់គ្នា។

ថ្លែងក្នុងពិធី សមាជសហភាព សហជីពមរតកជាតិកម្ពុជា នៅសណ្ឋាគារទន្លេបាសាក់ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា "មានរោងចក្រទើប មានកម្មករធ្វើការងារ ហើយមានកម្មករ ធ្វើការងារទើបមានសហជីព ដូច្នេះសហជីពត្រូវចាត់ទុកកម្មករ និយោជិត និងរោងចក្រថាជាឪពុកម្តាយ បើពុំមានអ្នកទាំងពីរនេះទេសហជីព ក៏ពុំមានវត្តមាននោះដែរ"។

លោកអ៊ិត សំហេង បានលើកឡើងបន្ថែមថា" បើអ្នកទាំងពីរដែលមាន តួនាទីជាឪពុក ជាម្តាយមានការរីកចម្រើនលូតលាស់ ប្រកបដោយសុខុដុមរម្យនា និងមានវឌ្ឍនភាពទៅមុខ ពេលនោះខ្លួនក៏មានឱកាស អភិវឌ្ឍខ្លួនឲ្យកាន់តែ ប្រសើរឡើងបន្ថែមទៀតដែរ"។

លោកបន្ថែមថា សហជីពបង្កើតឡើងដើម្បីរក្សា ផលប្រយោជន៍ជូនកម្មករ និយោជិត ដូច្នេះសហជីពមិនត្រូវគិតពី ផលប្រយោជន៍របស់ខ្លួនពេកនោះទេ។ មានសហជីពមួយចំនួន ហេតុតែចង់បានបានផលប្រយោជន៍ និងប្រជាប្រិយភាព បានញុះញង់ឲ្យកម្មករ ធ្វើបាតុកម្មដោយសន្យា បន្ថែមនេះបន្ថែមនោះ លើសពីច្បាប់ជាដើម។

គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមាន សជីពជាង៤ពាន់ សហព័ន្ធសហជីព៦៨ និងសហភាពសហព័ន្ធ សហជីពចំនួន៨ ជាមួយគ្នានេះកម្ពុជាមានកម្មករ-កម្មការនី ដែលកំពុងបម្រើការងារ តាមរោងចក្រសហគ្រាសជិត ១លាននាក់ ដែលមានរោងចក្រជិត១ពាន់រោងចក្រ។
ក្នុងសមាជរយៈពេល៦ឆ្នាំ របស់សហជីពមរតកជាតិកម្ពុជា ក៏មានការបោះឆ្នោតផ្លាស់ប្តូរ តួនាទីក្បាលម៉ាស៊ីន ដឹកនាំសហជីពដែល មានអាយុកាល៦ឆ្នាំ និងមានកម្លាំងនៅតាមរោងចក្រ សហគ្រាសជាង៨០នៅកម្ពុជា៕