ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ​ ៖ ​យុវជន​២​ក្រុម​ ជិះ​ម៉ូតូ​ដេញ​តាម​វាយ​គ្នា​ទៅ​វិញ​ទៅ​មក ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ទាំង​សងខាង យក​ទៅ​សាកសួរ​ត្រូវ​ភាគី​ទាំង​សងខាង​ដាក់​ពាក្យបណ្តឹង​ចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក ដែល​ហេតុការណ៍​នេះ​ កើតឡើង​កាលពី​​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​២១ ​កុម្ភៈ ២០១៦ ស្ថិត​នៅ​ទល់មុខ​​ហាង​ម៉ាត FIMALY ផ្លូវ​២៧១ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

ម៉ូតូ​របស់​ភាគី​​ម្ខាង​​មាន​គ្នា​២​នាក់​​​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ​២​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1CW-5399 និង​មួយ​គ្រឿង​ទៀត ពាក់​ស្លាក​លេខ​ភ្នំពេញ 1FA-3150 មាន​ឈ្មោះ​សូ ដា​រ៉ា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​​បើករ​ថយន្ត ស្នាក់​នៅ​ភូមិ​ថ្មី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មានជ័យ និង​២-​​ឈ្មោះ​ឡាយ សុខ​ជា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​​និស្សិត ស្នាក់​នៅផ្ទះ​លេខ​៥៧​បេអឺ​ ក្រុម​២០ សង្កាត់​ផ្សារ​ដេប៉ូ​​១ ខណ្ឌទួលគោក ។

ចំណែក​ភាគី​ម្ខាង​ទៀត​មាន​គ្នា​២​នាក់​ដែរ ​ជិះ​ម៉ូតូ​ធំ​ម៉ាក​XR ពណ៌.​​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1CK-​8019 មានឈ្មោះ​សោម ពិសិដ្ឋ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​អ្នក​​លក់​ត្រី ស្នាក់​នៅផ្ទះ​លេខ​២៤ ភូមិ​៤ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក​ និងឈ្មោះ​សុត ទីណា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​​អ្នក​លក់​ដូរ​នៅ​ផ្សារ​ដើម​គរ ស្នាក់​នៅ​ភូមិ​៤ សង្កាត់​បឹង​​សា​ឡា​ង ខណ្ឌទួលគោក​ ។

​បើ​តាម​សម្ដី​​ភាគី​ខាង​​ម៉ូតូ​ធំ​ម៉ាក ​XR បាន​និយាយ​ថា រូបគេ​មាន​គ្នា​ពីរ​បងប្អូន​ជីដូនមួយ បាន​ចេញពី​កម្មវិធី​ផ្ទះ​បងប្អូ​ន​​នៅ​ម្ដុំ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល គោលបំណង​ត្រលប់​ទៅ​ផ្ទះ​វិញ​នៅ​ម្ដុំ​ផ្សារ​ដើម​គរ បាន​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ តាម​ផ្លូវ​២៧១ ទិស​ដៅ ពី​ត្បូង​ទៅ​ជើង។ លុះ​មក​ដល់ចំណុច​កើតហេតុ ក៏​ស្រាប់តែ​មាន​បុរស​២​នាក់ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ​២​គឿ​ង ជិះ​តាម​បំ​បុក​ម៉ូតូ​គាត់​ពីក្រោយ បណ្ដាល​ឱ្យ​​​ដួល រួច​​ធ្វើ​សកម្មភាព​វាយ​ប្រតាយប្រតប់​គ្នា​បណ្ដើរ​​រង​របួស​ដាច់​មុខដាច់​មាត់​តិចតួច ។ លុះ​ពេល​សមត្ថកិច្ច​មូលដ្ឋាន ចុះ​ទៅ​ជួយ​អន្តរាគមន៍ ឃាត់ខ្លួន​បុរស​៤​​នាក់ និង​ម៉ូតូ​៣​គ្រឿង​យក​ទៅ​សាកសួរ​នៅ​ប៉ុ​ស្តិ៍​​នគរបាល​ផ្សារ​ដើម​ថ្កូវ ។

ចំណែក​​​ខាង​​ម៉ូតូ​ហុងដា​ឌ្រី​ម​វិញ​​បាន​​និយាយ​ថា រូបគេ​មាន​គ្នា២​​នាក់ជិះ​ម៉ូតូ​២​គ្រឿង បាន​ចេញពី​ផឹកស៊ី​នៅ​ច្បារ​អំពៅ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ២៧១ ក្នុង​ទិស​ដៅពី​ត្បូង​ទៅ​ជើង ។ លុះទៅ​ដល់​ពាក់​កណ្តាលផ្លូវ ស្រាប់តែ​ខាង​ម៉ូតូ​ធំ ដែល​ជិះ​គ្នា​២​នាក់ បាន​យក​មួក​ការ​ពារ​សុវត្ថិភាព​វាយ​ទៅ​ខាងគេ​មុន ទើប​ពួក​គេ​ខឹង ក៏​បាន​ជិះ​ម៉ូតូ​ដេញ​តាម​វាយ​វិញ​ទៅ ។ បន្ទាប់​ពី​សមត្ថកិច្ច​សាកសួរ​រួច ក្រុម​បង្ក​ទាំង​​​២​​​ក្រុម បាន​នាំ​គ្នា​ដាក់​ពាក្យបណ្តឹង​ចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ខាង​ម៉ូតូ​ធំ​ជិះ​គ្នា​២​នាក់ បាន​ប្តឹង​ទៅ​ខាង​ម៉ូតូ​ហុងដា​
ឌ្រី​មពី​បទ​វាយ​ប្លន់​យក​ខ្សែ​.ក ។ ចំណែក​ខាង​ម៉ូតូ​ហុងដា​ឌ្រី​ម​ទាំង​ពីរ​គ្រឿង បាន​ប្តឹង​ទៅ​ខាង​ម៉ូតូ​ធំ ដែល​ជិះ​គ្នា​២នាក់​ពី​បទ​បង្ក​​របួស​ស្នាម​​ទៅ​លើ​ពួក​គេ ។

ក្រោយ​ពេល​កើតហេតុ ដោយសារ​សម្របសម្រួល​​គ្នា​អត់​ត្រូវ ជន​បង្ក​​ទាំង​៤​នាក់ ព្រមទាំង​ម៉ូតូ​​៣​គ្រឿង ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​ខណ្ឌចំការមន ដើម្បី​ចាត់ការ​បន្ត ៕