ព័ត៌មាន​ជាតិ &raquo ព័ត៌មាន​​សេដ្ឋកិច្ច

ខេត្ត​ព្រះ​សីហ​នុ ៖ ខេត្ត​ព្រះ​សីហ​នុ ជា​ខេត្ត​មួយ​ដែល​មាន​សោភ័ណ​ភាព​ស្រស់​ស្អាត ស្ថិត​នៅ​ភាគ​និរតី​នៃ​ប្រទេស និង​ជា​ខេត្ត​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ និង​ទេសចរ​អន្តរជាតិ ព្រោះ​មាន​ឆ្នេរសមុទ្រ​ដ៏​ស្រស់​ស្អាត ខ្យល់អាកាស​បរិសុទ្ធ និង​បណ្ដុំ​ដោយ​កោះ​ជា​ច្រើន ។ កោះ​ក្នុង​ខេត្ត​ព្រះ​សី​ហនុមាន​ចំនួន​៣២​កោះ តែ​កោះ​ដែល​បាន​វិនិយោគ​ជាប់លាប់ និង​កំពុង​ដំណើរការ​ទទួលភ្ញៀវ​ទេសចរ​ទស្សនា​កម្សាន្ត គឺ​មាន​ចំនួន​តិចតួច​នៅឡើយ ។

អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ ភាគច្រើន ឬ​ស្ទើរតែ​ទាំងអស់​នៃ​ទុន​វិនិយោគ​ទៅ​លើ​បណ្ដា​កោះ​ទាំងនោះ ជា​ទុន​វិនិយោគ​មក​ពី​ខាងក្រៅ​ស្រុក ហើយ​នៅ​មិន​ទាន់​មាន​ទុន​វិនិយោគ​ក្នុងស្រុក​ដែល​បាន​ដំណើរការ​ទទួលភ្ញៀវ​ទេសចរ​នៅឡើយ​ទេ ។ តែ​នៅ​ពេល​ឆាប់​ៗ​នេះ កោះ​ដែល​វិនិយោគ​ដោយ​ទុន​ក្នុងស្រុក នឹង​ចាប់ផ្ដើម​បើក​ដំណើរការ​ទទួលភ្ញៀវ​ទេសចរ​ហើយ ។

លោក យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​មាន​ប្រសាសន៍​ថា ៖ « កោះ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ទាំងមូល​មាន​ចំនួន​៣២​កោះ តែ​កោះ​ដែល​បាន​វិនិយោគ និង​ដើរ​ដោយ​រលូន​ល្អ​មាន​តែ​៣​កោះ​ប៉ុណ្ណោះ ។ ក្នុង​ចំណោម​កោះ​ដែល​បាន​វិនិយោគ និង​ដើរ​ដោយ​រលូន​នោះ មាន​កោះ​សង្សារ ជា​ទុន​វិនិយោគ​ក្រៅ​ស្រុក​, កោះក្របី ក៏​ជា​ទុន​ក្រៅ​ស្រុក ហើយ​មួយ​ផ្នែក​នៃ​កោះ​ឫស្សី ក៏​ជា​ទុន​វិនិយោគ​ក្រៅ​ស្រុក​ដែរ ។ សរុប​មក ការ​វិនិយោគ​នៅ​តាម​កោះ​ស្ទើរតែ​ទាំងអស់​ក្នុង​ខេត្ត​ព្រះ​សីហ​នុ គឺជា​ទុន​ក្រៅ​ស្រុក ហើយ​ក្រៅពី​នោះ ក៏​មាន​ទុន​ក្នុងស្រុក​ដែរ គ្រាន់តែ​មិន​ទាន់​បាន​ដើរ​ដោយ​រលូន​នៅឡើយ​ទេ » ។

លោក​មាន​ប្រសាសន៍​បន្ត​ថា ៖ « នៅ​តាម​បណ្ដា​កោះ​ក្នុង​ដែនសមុទ្រ​ខេត្ត​ព្រះ​សីហ​នុ​នេះ​ឃើញ​ថា មាន​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​ច្រើន ដោយសារ​តែ​នៅ​តាម​កោះ​ទាំងនោះ​មាន​ឆ្នេរ​ស្រស់​ស្អាត ទេសភាព​ល្អ ជា​ពិសេស មាន​បរិយាកាស និង​ខ្យល់អាកាស​បរិសុទ្ធ ដែល​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​ជាប់​មិន​ដាច់ ។ បើ​យើង​និយាយ​ពី​កោះរុង ដែល​ជា​ផ្នែក​មួយ​នៃ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​គ្រុប តែ​ដោយ​មិន​ទាន់​បាន​សាងសង់​ឱ្យ​រួចរាល់​ចប់​សព្វគ្រប់​នោះ យើង​ក៏​មិន​ទាន់​អាច​ថា ដើរ​ដោយ​រលូន​បាន​ទេ តែ​នៅ​កោះ​នោះ​កំពុង​នឹង​រៀបចំ​សាងសង់​ជា​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំមួយ​សម្រាប់​ទទួលភ្ញៀវ​ទេសចរ » ។

យោង​តាម​របា​ការណ៍​សិ្ថ​តិ​ទេសចរណ៍​របស់​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៥​កន្លង​មក កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​៤,៧៨​លាន​នាក់ បន្ត​កើន​ឡើង​​៦,១% ថែម​ទៀត ក្នុង​នោះ​តំបន់ឆ្នេរ​សមុទ្រ​កើនឡើង​២% ។

ពាក់ព័ន្ធ​នឹង​បញ្ហា​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​មានការ​រាំងស្ទះ​ដល់​ការ​វិនិយោគ​នៅ​តាម​កោះ​នា​ពេល​កន្លង​មក ក៏​ដូច​ជា​ពេល​បច្ចុប្បន្ន​នេះ លោក​យន្ដ មីន បាន​បញ្ជាក់​ថា ៖ « ដោយសារ​ទាក់ទង​ជាមួយនឹង​ច្បាប់ ។ អ្នកមាន​ទុន​ធំ​បាន​សុំ​ច្បាប់​អភិវឌ្ឍន៍​នៅ​តាម​កោះ​នោះ​ហើយ តែ​មិន​ទាន់​បាន​អភិវឌ្ឍន៍ ដែល​ជា​កត្តា​ធ្វើ​ឱ្យ​អ្នកមាន​ទុន​តិចតួច​មិន​ហ៊ាន​ធ្វើ ដោយសារ​តែ​កោះ​នោះ​មាន​គេ​អ្នក​សុំ​ច្បាប់​រួច​ទៅ​ហើយ ដែល​អាច​ធ្វើ​ឱ្យ​គាំង​ដល់​ដំណើរការ​អភិវឌ្ឍន៍ » ។

លោក​អភិបាលខេត្ត​រូប​នេះ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ៖ « ពាក់ព័ន្ធ​នឹង​ការ​សុំ​ច្បាប់​វិនិយោគ​ហើយ​តែ​មិន​អភិវឌ្ឍន៍​នោះ លោក​នឹង​ចាត់ចែង​ឬ​ធ្វើ​សំណើ​ទៅ​ថ្នាក់លើ ដើម្បី​ដកហូត​មក​វិញ និង​ប្រគល់​ទៅ​ឱ្យ​វិនិយោគិន​ណា​ដែល​មាន​ទុន ហើយ​អភិវឌ្ឍន៍​ភ្លាម​ៗ ។ យើង​មិន​អាច​បង្កក​គម្រោង​វិនិយោគ​នោះ​ឱ្យ​នៅ​ដដែល​នោះ​ទេ ។ បើសិនជា​វិនិយោគិន​រូប​ណា​សុំ​បាន​ច្បាប់​ហើយ​តែ​មិន​អភិវឌ្ឍន៍​នោះ​យើង​នឹង​ដកហូត​មក​វិញ ដើម្បី​ប្រគល់​ទៅ​ឱ្យ​វិនិយោគិន​ដែល​ចង់​វិនិយោគ​ពិតប្រាកដ ។ ការ​ដកហូត​នូវ​គម្រោង​វិនិយោគ​នេះ មិនមែន​តែ​នៅ​តាម​កោះ​ទេ សូ​ម្បី​តែ​នៅ​តាម​ឆ្នេរ​មួយ​ចំនួន ក៏​ដូច​គ្នា​ដែរ ។ ដូចនេះ សូម​ឱ្យ​ម្ចាស់​គម្រោង ឬ​អ្នក​វិនិយោគ​ដែល​សុំ​បាន​ច្បាប់​វិនិយោគ​ហើយ មេត្តា​រួសរាន់​អភិវឌ្ឍន៍​គម្រោង​របស់​ខ្លួន​ឱ្យ​បាន​ឆាប់​ៗ ដើម្បី​អភិវឌ្ឍន៍​តំបន់​ទាំងនោះ​ឱ្យ​មានការ​រីក​ចម្រើន​ឆាប់រហ័ស » ។

គួរ​បញ្ជាក់​ដែរ​ថា នៅ​ពេល​ថ្មី​ៗ​នេះ មាន​អ្នក​វិនិយោគ​ក្នុងស្រុក និង​ក្រៅ​ស្រុក​ជា​ច្រើន​បាន​សហការ​គ្នា​ដើម្បី​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​តាម​ឆ្នេរ​កោះ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ដោយ​​មូលហេតុ​ថា កំណើន​ភ្ញៀវ​ទេសចរ​បរទេស និង​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ដែល​ទៅ​ទស្សនា​កម្សាន្ត​នៅ​តាម​បណ្ដា​កោះ​នានា បាន​កើន​ឡើងជា​លំដាប់ ៕