អគ្គនាយករង​គយ​២​នាក់​ដល់​អាយុ​ចូលនិវត្តន៍ ប៉ុន្តែ​ព្យាយាម​រក​វិធី​ពន្យារ​អាយុ​ចូលនិវត្តន៍​

​ប្រភពពី​មន្ត្រី​គយ​ដែល​បម្រើ​ការងារ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ បាន​បង្ហើប​ឲ្យ​ដឹងថា រឿង​ពន្យារ​អាយុ​ចូលនិវត្តន៍​របស់​មន្ត្រី​គយ​ធំៗ​មួយចំនួន​បានកើត​ឡើងជា​បន្តបន្ទាប់ ដោយមាន​ការឃុបឃិត​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ផងដែរ​។ ជាក់ស្តែង​មន្ត្រីរាជការ​កាំ​(​ក​)​ត្រូវ​ចូលនិវត្តន៍​នៅ​អាយុ​៦០​ឆ្នាំ ក៏ប៉ុន្តែ​មន្ត្រី​គយ​ធំៗ​ខ្លះ​ពេល​ដល់​អាយុ​ចូលនិវត្តន៍​បែរជា​ខំប្រឹង​រត់ការ​ពន្យារ​អា​យុ​របស់ខ្លួន ដើម្បី​ក្រាញ​អំណាច​យ៉ាង​ក្រអឺតក្រទម​។ បញ្ហា​នេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ក៏​អាច​ជាប់​ពាក់ព័ន្ធ​ផងដែរ ដូច្នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ជាបន្ទាន់​។

​ប្រភពពី​មន្ត្រី​គយ​តូចតាច​នៅក្នុង​អគ្គនាយកដ្ឋាន​និង​រដ្ឋាករ បាន​ឲ្យ​ដឹងថា មាន​អគ្គនាយករង​២​នាក់​ជិត​ដល់ពេល​ចូលនិវត្តន៍ គឺ​លោក ប៉ែន សំអាត ថ្ងៃខែ​ឆ្នាំ​កំណើត ២៩-០៧-១៩៥៦ ហើយ​ត្រូវ​ចូលនិវត្តន៍​នៅ​ថ្ងៃទី​២៩-០៧-២០១៦ និង​លោក ហ៊ី​វ គឹម​ហេង ថ្ងៃខែ​ឆ្នាំ​កំណើត ២០-០២-១៩៥៦ ហើយ​ត្រូវ​ចូលនិវត្តន៍​នៅ​ថ្ងៃទី​២០-០២-២០១៦​។ មានការ​បង្ហើប​ឲ្យ​ដឹងថា អគ្គនាយករង​គយ​ទាំង​២​នាក់​នេះ កំពុង​រត់ការ​ពន្យារ​អាយុ​ចូលនិវត្តន៍ ហើយ​ក្រសួង​មុខងារសាធារណៈ​អាចជា​ប់​ពាក់ព័ន្ធ​នឹង​ការសម្របសម្រួល​។ ដូច្នេះ​បើ​អគ្គនាយករង​គយ​២​នាក់​នេះ អាច​ពន្យារ​អាយុ​ចូលនិវត្តន៍​បាន​មែន ជា​ភស្តុតាង​បង្ហាញថា មាន​ភាពមិនប្រក្រតី​យ៉ាង​ពេញបន្ទុក​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​។

​មជ្ឈដ្ឋាន​នានា​បាន​រិះគន់ថា មន្ត្រី​គយ​មួយចំនួន​នៅពេល​ដល់​អាយុ​ចូលនិវត្តន៍ គឺ​ពួកគេ​មិន​ចង់​ចូលនិវត្តន៍​ទេ ហើយ​ព្យាយាម​រត់ការ​ពន្យារ​អាយុ​ដើម្បី​បន្តការងារ​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​ដោយមាន​ការឃុបឃិត​ជាមួយ​មេ​ធំៗ​និង​ក្រសួង​ពាក់ព័ន្ធ​។ បញ្ហា​នេះ​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ក្មេងៗ​គ្មាន​ឱកាស​ធ្វើ​ការងារ​បម្រើ​ជាតិ​ស្របទៅតាម​សមត្ថភាព​របស់​ពួកគេ​នោះទេ ព្រោះ​មន្ត្រី​គយ​ចាស់ៗ​ដែល​ខ្លះ​ស្ទើរតែ​ដើរ​លែងរួច​ទៅហើយនោះ ខំប្រឹង​ក្រាញ​អំណាច​ដើម្បី​ប្រព្រឹត្ត​អំពើពុករលួយ​លួចជាតិ​បំផ្លាញ​ជាតិ​។ ដូច្នេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គួរពិនិត្យមើល​ផងដែរ  ព្រោះ​កំពុង​លេចឮ​ព័ត៌មាន​ថា អគ្គនាយករង​គយ​២​នាក់ គឺ​លោក ប៉ែន សំអាត និង​លោក ហ៊ី​វ គឹម​ហេង កំពុង​រត់ការ​ពន្យារ​អាយុ​ដើម្បី​បន្តការងារ​នៅក្នុង​ស្ថាប័នគយ​យ៉ាង​ស​ស្លាក់​សស្លើត​៕

123លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ