មាន​ករណី​នាំចូល​ទំនិញគេចពន្ធ និង​ខូចគុណភាព តាម​ច្រក​ភ្នំ​ដី ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​

​ប្រជាពលរដ្ឋ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង បាន​រាយការណ៍​មក​ថា ជា​រៀងរាល់ថ្ងៃ​គេ​តែងតែ​ឃើញ​ក្រុម​ឈ្មួញ​បាន​ដឹកទំនិញ និង​ចំណី ត្រី សាច់​ជាច្រើន​ប្រភេទ​ដែល​ខូចគុណភាព​ឆ្លងកាត់​តាម​ច្រក​តំបន់ភ្នំ​ដី ក្នុងស្រុក​សំពៅ​លូន យកទៅ​ចែកចាយ​ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង​។ ប្រភព​ដដែល​បាន​រៀបរាប់ថា គេ​មិនដែល​ឃើញ​មាន​មន្ត្រី​ពាក់ព័ន្ធ​ណា​ចេញមក​ធ្វើការ​ត្រួតពិនិត្យ​ឡើយ ហើយ​ទំនិញ​ទាំង នោះ​មានដូចជា ទឹកក្រូច ទឹក​ផ្លែឈើ​ផ្សេងៗ ពិសេស​គឺ​សាច់ជ្រូក ត្រី មាន់ ស្លាបមាន់ ជង្គង់​មាន់​នោះ​តែម្តង ដែល​ត្រូវបាន​ឈ្មួញ​នាំចូល​ទាំងយប់​ទាំង​ថ្ងៃ​ហើយ​ភាគច្រើន​មិន​បង់ពន្ធ​ឱ្យបាន​ត្រឹមត្រូវ​នោះទេ​។​

​បើទោះជា​មន្ត្រី​ជំនាញ​នៅ​ច្រកទ្វារព្រំដែន​ភ្នំ​ដី​បាន​ព្យាយាម​ថ្លែង ការពារ​ខ្លួន​យ៉ាងណាក៏ដោយ ក៏​ប្រជាពលរដ្ឋ​ស្រុក​សំពៅ​លូន បាន​បញ្ជាក់ថា ឈ្មួញ​ធំៗ​មួយចំនួន​គឺ​មន្ត្រី​ជំនាញ​មិន​ទាំង​ហ៊ាន​ទៅ​ក្បែរ ឬ​រុះរើ​ទំនិញ​គេ​ឡើយ គឺ​មានតែ​សម្រួល​ឱ្យ​ឈ្មួញ​នាំចូល​ទំនិញ​ដោយ​រលូន ដើម្បី​យក​គាប់​យក​គួរ និង​គ្រាន់​បានទទួល​របប​ជា​ប្រចាំខែ​នោះ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​ចំពោះ​ឈ្មួញ​តូចតាច​វិញ​ត្រូវ​ក្រុមមន្ត្រី​ជំនាញ​បង្ក​ការរាំងស្ទះ​តាម​គ្រប់ រូបភាព​ដើម្បី​ជំរិត​ទារលុយ ។  បញ្ហា​ខាងលើនេះ ត្រូវបាន​គេ​សង្ស័យថា​មន្ត្រី​កាំកុងត្រូល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​ភ្នំ​ដី​អាច​ទទួលបាន​លាភសក្ការៈ​ពី​ឈ្មួញ​ប្រចាំខែ​។​

​ប្រជាពលរដ្ឋ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង បាន​លើកឡើងថា​មន្ត្រី​នៅ​អគ្គនាយកដ្ឋាន​កាំកុងត្រូល និង​នៅ​ក្រសួងពាណិជ្ជកម្ម​គប្បី​ចាត់​មន្ត្រី​ជំនាញ​ឱ្យ​ចុះមក​ស៊ើបអង្កេត ករណី​ខាងលើ​ឱ្យបាន​ឆាប់ និង​មាន​ប្រសិទ្ធភាព ព្រោះ​បើ​នៅតែ​បណ្តែតបណ្តោយ​ឱ្យធ្វើ​ដូច​សព្វថ្ងៃនេះ​ទៀត ថវិកាជាតិ​ក៏​បាត់បង់ ប្រជាពលរដ្ឋ​ក៏​រងគ្រោះ​ដោយ​ការប្រើ ប្រាស់​ផលិតផល​គ្មាន​គុណភាព ខណៈ​វិស័យ​សុខាភិបាល​កម្ពុជា​មាន​ភា​ព​ទន់ខ្សោយ​មិនអាច​បម្រើ​ប្រជាពលរដ្ឋ​បានល្អ​៕

image32