សម្តេចតេជោ ៖ ព្រះអង្គម្ចាស់ ក្សត្រិយ៍ សិរិន្ទ ថន ព្រះរាជទស្សកិច្ចកម្ពុជា នឹងរឹតចំណងមិត្តភាព រវាងប្រទេស ទាំងពីរបន្ថែម

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា  បានថ្លែងថា តាមរយៈព្រះរាជទស្សនកិច្ច របស់ព្រះអង្គម្ចាស់ក្សត្រិយ៍ សិរិន្ទ ថន នាពេលនេះ ពិតជាបានរឹតចំណងទាក់ទង ទ្វេភាគី រវាងកម្ពុជា និង ថៃ ឲ្យកាន់តែរឹងមាំថែមទៀត។

នៅព្រឹកថ្ងៃទី២២ កុម្ភៈ ឆ្នាំ ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួប ព្រះអង្គម្ចាស់ក្សត្រិយ៍ សិរិន្ទ ថន នៅវិមាន សន្តិភាព រាជធានីភ្នំពេញ ។ នេះបើយោង តាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន។

នៅក្នុងជំនួបនោះ ព្រះអង្គម្ចាស់ក្សត្រិយ៍ សិរិន្ទ ថន បានមានព្រះរាជបន្ទូល ថា ព្រះរាជទស្សកិច្ចជា ផ្លូវការ របស់ព្រះអង្គនាពេលនេះ ដើម្បីស្វែងយល់ពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ជាពិសេស លើផ្នែកនៃវិស័យអប់រំ និងវិស័យសុខាភិបាលរបស់កម្ពុជា។

ជាការឆ្លើយតប សម្តេច តេជោ ហ៊ុន សែន បានយល់ព្រម និងឯកភាពចំពោះព្រះរាជដំណើរ ទស្សនកិច្ចរបស់ព្រះអង្គនៅកម្ពុជានាពេលនេះ ។ សម្តេច បានមានប្រសាស៍ ថា តាមរយៈជំនួបរវាង សម្តេចតេជោ ហ៊ុន សែន និងព្រះអង្គម្ចាស់ក្សត្រិយ៍ សម្ដេចមហាចក្រី សិរិន្ទ ថន នាព្រឹកថ្ងៃទី២២ កុម្ភៈ នេះពិតជាទទួលបាន នូវអត្ថប្រយោជន៍យ៉ាងច្រើន ចំពោះប្រទេសទាំងពីរ ជាពិសេសលើ សកម្មភាពបំរើប្រយោជន៍ប្រជាជន។

ជាមួយគ្នានោះ ព្រះអង្គម្ចាស់ក្សត្រិយ៍ បានមានព្រះរាជបន្ទូលជួនសម្តេចតេជោ ហ៊ុន សែន ពីព្រះរាជ ទស្សនកិច្ច របស់ព្រះអង្គ នៅកម្ពុជា គឺព្រះអង្គ យាងទៅ ខេត្តរតនគីរី ដើម្បីសម្ពោធអគារ មណ្ឌលសុខភាពមួយនៅទីនោះ ជាពិសេសក្នុងគំរោងបង្ការជំងឺគ្រុនឈាម និងបន្ទាប់មកទៀត ព្រះអង្គម្ចាស់នឹងយាងទៅ ចូលរួមក្នុងពិធីបើកការដ្ឋាន សាងសង់វិទ្យាស្ថានបច្ចេកវិទ្យាមួយកន្លែងនៅ ក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ និងបន្ទាប់មកទៀតព្រះអង្គម្ចាស់ នឹងយាងទស្សនកិច្ចកន្លែង សំខាន់ៗមួយចំនួនទៀតនៅកម្ពុជា ។

សម្តេចព្រះមហាចក្រី សុរិន្ទថន ក៏សំដែងនូវការីករាយ និងកោតសរសើរចំពោះ និស្សិតខ្មែរ ដែល សម្តេចចក្រី បានចាត់ទុកថា ពូកែសិក្សាបានល្អ មានការឈ្លាសវៃ សម្តេចព្រះមហាក្សត្រី បានសព្វព្រះ រាជហឫទ័យយ៉ាងខ្លាំងចំពោះព្រះរាជទស្សនកិច្ចនេះ៕

សម្តេចតេជោ ៖ ព្រះអង្គម្ចាស់ ក្សត្រិយ៍ សិរិន្ទ ថន ព្រះរាជទស្សកិច្ចកម្ពុជា នឹងរឹតចំណងមិត្តភាព រវាងប្រទេស ទាំងពីរបន្ថែម