ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

មនុស្ស​ជា​ច្រើន​រយ​នាក់​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​កាលពី​ថ្ងៃ​ទី​២១ កុម្ភៈ នៅ​ទីក្រុង​គៀវ តាម​ការ​អំពាវនាវ​របស់​ចលនា​មួយ​ដែល​រហូត​មក​ទល់​ពេល​នេះ​គេ​នៅ​មិន​ស្គាល់ ដើម្បី​ទាមទារ​ឱ្យ​ប្រធានាធិបតី លោក​ប៉េ​ត្រូ ប៉ូ​រ៉ូ​ឆេ​ន​កូ និង​រដ្ឋាភិបាល​ដែល​ទទួល​ការ​ចោទប្រកាន់​ថា កំសាក​ខ្លាំង​ប្រឈម​មុខ​នឹង​រុ​ស្ស៊ី និង​អនុគ្រោះ​ដល់​អំពើ​ពុក​រលួយ​ចាក​ចេញពី​តំណែង ។

ពួក​បាតុករ​ដែល​ភាគច្រើន​ជា​និវត្តន៍​ជន និង​ពួក​អ្នក​ស្លៀកពាក់​ឯកសណ្ឋាន​យោធា​ចាត់​ទុក​ខ្លួន​ជា​អតីត​យុទ្ធ​ជន​ប្រឆាំង​ឧទ្ទាម​កម្ម​សិ្ន​ទ្ធ​រុ​ស្ស៊ី​នៅ​ភាគ​ខាងកើត​ប្រទេស​នាំ​គ្នា​អនុម័ត​ជា​និមិត្តរូប​នូវ​សេចក្តី​សម្រេចចិត្ត​មួយ​ដែល​អំពាវនាវ​ឱ្យ​ដក​តំណែង​រដ្ឋាភិបាល​បច្ចុប្បន្ន ហើយ​ប្រកាស​ពី​ការ​បោះ​ឆ្នោត​ប្រធានាធិបតី និង​សភា​មុន​កាលកំណត់ ។

លោកស្រី LIOUBOV OUKRAINTCHOUK តាំងខ្លួន​ជា​សហ​ស្ថាបនិក​ចលនា RPS (​កងកម្លាំង​បដិវត្តន៍​ស្តាំ​និយម​) ដែល​រហូត​មក​ទល់​ពេល​នេះ គេ​មិន​ស្គាល់​ថ្លែង​ថា បណ្តា​អ្នក​ដែល​វិល​ត្រឡប់​ពី​រណសិរ្ស​ប្រយុទ្ធ​ជួប​ប្រទះ​នឹង​ជីវភាព​កាន់តែ​ដុនដាប​ទៅ អំពើ​ពុក​រលួយ​ពុំ​ចុះ​ថយ​ឡើយ ហើយ​ពន្ធដា​ដំឡើង​ជាប់ ។ រដ្ឋអំណាច​ពុំ​អាច​ការពារ​ប្រជាជន​អ៊ុយ​ក្រែ​ន​ពី​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​ឡើយ ។

បាតុកម្ម​ប្រព្រឹត្ត​ទៅ​នៅ​ទីលាន​ឯករាជ្យ​ក្រុង​គៀវ ជា​កន្លែង​មានការ​បះបោរ​ស្និទ្ធ​លោក​ខាងលិច​ហៅ​ចលនា MAIDAN ៕