ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

អំពើ​ហិង្សា​ថ្មី​ៗ​ទាក់ទិន​នឹង​ប្រព័ន្ធ​វណ្ណៈ​កើត​មាន​កាលពី​ថ្ងៃ​ទី​២១ កុម្ភៈ នៅ​ភាគ​ខាងជើង​ឥណ្ឌា ដែល​នៅ​ទីនោះ​មនុស្ស​១២​នាក់​ស្លាប់​រយៈពេល​៣​ថ្ងៃ រួច​វិបត្តិ​ពេល​នេះ​កំពុង​គំរាមកំហែង​ដល់​ការ​ផ្គត់ផ្គង់​ទឹក​ដល់​ក្រុង​ញូ​វ​ដែ​ល្លី ព្រោះ​ពួក​បាតុកម្ម​បាន​បិទ​វ៉ា​ន​បង្ហូរទឹក ។

ទាហាន​ជា​ច្រើន​ពាន់​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​ចាប់តាំងពី​ថ្ងៃ​ទី​២០ កុម្ភៈ មក នៅ​រដ្ឋ​ហា​យ៉ា​ណា ជាមួយ​បទបញ្ជា​ឱ្យ​បាញ់ប្រហារ​បន្ទាប់​ពី​បាតុកម្ម​ក្លាយទៅជា​ការ​បះបោរ​ដុត​ផ្ទះសម្បែង និង​ស្ថានីយ​រថភ្លើង​ទាំងឡាយ និង​រាំង​ខ្ទប់​ផ្លូវថ្នល់​នានា ។

វិបត្តិ​នេះ​ដែល​មាន​ចាប់តាំងពី​ច្រើន​ថ្ងៃ​មក​ហើយ ប្រែ​ក្លាយទៅជា​អំពើ​ហិង្សា​នា​ចុង​ស​ប្តា​ហ៍​ក្នុង​រដ្ឋ​នេះ​នៅ​ជាប់​ជិតខាង​រដ្ឋធានី ។ មនុស្ស​១២​នាក់​បាន​ត្រូវ​ស្លាប់ ហើយ​១៥០​នាក់​ទៀត​រង​របួស​ចាប់តាំងពី​ថ្ងៃ​ទី​១៩ កុម្ភៈ មក ហើយ​ប៉ូលិស​បាន​បាញ់​លើ​ពួក​បះបោរ​ដើម្បី​បញ្ឈប់​ការ​បង្កចលាចល ។

បណ្តា​សមាជិក​វណ្ណៈ​ដែល​មាន​ឥទ្ធិពល គឺ​ពួក JATS ទាមទារ​ឱ្យ​មាន​កូតា​សម្រាប់​ការងារ​ក្នុង​មុខងារសាធារណៈ ព្រមទាំង​ក្នុង​បណ្តា​សាកលវិទ្យាល័យ​សម្រាប់​កូន​ៗ​ពួក​គេ ។ ការ​ចរចា​គ្នា​បាន​ធ្វើ​នៅ​ទីក្រុង​ញូ​វ​ដែ​ល្លី កាលពី​យប់​ថ្ងៃ​ទី​២១ កុម្ភៈ រវាង​រដ្ឋមន្ត្រី​មហាផ្ទៃ​លោក RAJNATH SINGH គណបក្សកាន់អំណាច​នៅ​រដ្ឋ​ហា​យ៉ា​ណា ជាទី​លាន​វិបត្តិ និង​បណ្តា​មេដឹកនាំ​ពួក JATS ។ ប្រមុខ​គណបក្សកាន់អំណាច​គឺ​គណបក្ស BJP លោក ANIL JAIN ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា យើង​សម្រេច​ថា ពួក JATS នឹង​ទទួល​បាន​កូតា​តាម​រយៈ​ច្បាប់​មួយ​ដែល​នឹង​អនុម័ត​ដោយ​សភា​នា​ពេល​ខាង​មុខ​នេះ ។

ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​មួយ​ដើម្បី​ដោះស្រាយ​វិបត្តិ​រើសអើង​វណ្ណៈ​ធ្ងន់ធ្ងរ​បំផុត​ក្នុង​ប្រទេស ឥណ្ឌា​នៅ​ប្រកាន់​នយោបាយ​រើសអើង​វិជ្ជមាន​មួយ​ដែល​គ្រោង​កូតា​សម្រាប់​បណ្តា​វណ្ណៈ​ទាប ។ ក៏​ប៉ុន្តែ​នយោបាយ​នេះ ពុំ​ត្រូវ​បាន​សហគមន៍​ឯទៀត​ៗ​សប្បាយចិត្ត​ឡើយ ។ ពួក JATS អះអាង​ជា​ពិសេស​ថា ពួក​ខ្លួន​ពុំ​បាន​ទទួលផល​ឡើយ ទោះបី​ប្រទេស​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​ក្តី ។

ទោះបី​មានការ​ពង្រឹង​វិធានការ​សន្តិសុខ​ក៏​ពួក​បះបោរ​លើកគ្នា​តវ៉ា​នៅ​តាម​ដង​វិ​ថី​នា​ថ្ងៃ​ទី​២១ កុម្ភៈ ។ ពួក​គេ​បាន​ដុត​ហាង​នានា​នៅ​ក្រុង ROHTAK ជា​ចំណុចកណ្តាល​នៃ​អំពើ​ហិង្សា ។ រួច​នៅ​ទីក្រុង KALANAUR ជា​ក្រុង​ជិតខាង​ក្រុម​មនុស្ស​បាន​វាយប្រហារ​លើ​ប៉ុស្តិ៍​ប៉ូលិស​មួយ ហើយ​ដុត​ប៉ុស្តិ៍​នេះ ។ ហាង​ប្រមាណ​ជា​២០​ជាប់​ប៉ុស្តិ៍​នេះ និង​សាលា​រៀន​មួយ ក៏​រង​ការ​បំផ្លាញ​ផង​ដែរ ។ លោក HARI OM មេ​ប៉ូលិស​មូលដ្ឋាន​អះអាង​ប្រាប់ AFP ថា ការ​ប៉ះទង្គិច​គ្នា​បាន​បន្ត ហើយ​យើង​ត្រូវ​ប្រើប្រាស់​អាវុធ​ដើម្បី​បំបែកពួក​បាតុករ​ហិង្សា ៕