ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ប្រទេស​ដែន​កោះ​ហ្វ៊ី​ជី​កំពុង​ធ្វើ​ប្រតិបត្តិការ​បោសសម្អាត​ធំ​មួយ បន្ទាប់​ពី​កោះ​នៅ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​នេះ​ជួប​ប្រទះ​នឹង​ព្យុះ​យ៉ាង​ខ្លាំង​បំផុត​ពុំ​ធ្លាប់​ជួប​ប្រទះ​នៃ​ប្រវត្តិសាស្ត្រ ខ្លួន ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​១៧​នាក់ កម្ទេច​ផ្ទះ​ជា​ច្រើន​ខ្នង ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​រង​ការ​ខូចខាត ។

ព្យុះ​ស៊ីក្លូន​ត្រូ​ពី​កាល់​ឈ្មោះ WINSTON អម​ដោយ​ខ្យល់​ដល់​ល្បឿន​៣២៥​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង ។ ព្យុះ WINSTON ជា​ព្យុះ​ប្រភេទ​ទី​៥​ពុំ​ធ្លាប់​ជួប​ប្រទះ​ទាល់តែ​សោះ​នៅ​ហ្វុ​ី​ជី ជា​ប្រទេស​ដែន​កោះ​មួយ​ពឹងផ្អែក​ខ្លាំង​បំផុត​លើ​ទេសចរណ៍ ហើយ​មាន​ប្រជាជន​៩០០.០០០​នាក់ ។

អង្គការ​មនុស្សធម៌​ក្រៅ​រដ្ឋាភិបាល CARE AUSTRALIA រាយការណ៍​កាលពី​ថ្ងៃ​ទី​២២ កុម្ភៈ ថា ព្យុះ​នេះ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​១៧​នាក់ ។ មុន​នេះ​ការិយាល័យ អ​.​ស​.​ប ទទួល​បន្ទុក​ជំនួយ​មនុស្សធម៌ OCHA រៀបរាប់​ពី​តុល្យការ​ដំបូង​ថា មាន​មនុស្ស​ស្លាប់​៦​នាក់ ។ ក៏​ប៉ុន្តែ​តុល្យការ​បន្ត​កើនឡើង​ពេល​ព័ត៌មាន​នានា​ទទួល​បាន​ពី​បណ្តា​តំបន់​ដាច់​ស្រយាល​របស់​ប្រទេស ។

នាយក​រដ្ឋមន្ត្រី​ហ្វ៊ីជី លោក VOREQE BAINIMARAMA ថ្លែង​ថា ផ្ទះ​ទាំងឡាយ​រង​ការ​បំផ្លាញ ហើយ​តំបន់​ទំនាប​នានា​ត្រូវ​ទឹក​ជន់​លិច ។ ក្រោយ​សោកនាដកម្ម​នេះ​មនុស្ស​ជា​ច្រើន​ដាច់​ភ្លើង ដាច់​ទឹក និង​ដាច់​ការ​ទាក់ទង ៕