ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់ត្រូវ​កម្លាំង​សមត្ថកិច្ច​ប្រើ​ពេល​ជាង​២០​នាទីទំ​រាំ​ចាប់ខ្លួន​បាន ខណៈ​ជននោះប៉ង​​​កាប់​គូ​សត្រូវ​របស់​ខ្លួន តែ​មិន​បាន​សម្រេច​​ទេ ក៏​ត្រូវ​​​សមត្ថកិច្ច​ចូល​ទៅ​ឃាត់​ទាន់ ដែល​ហេតុការណ៍​នេះ កើតឡើង​កាលពី​ម៉ោង​០៨ និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២២ កុម្ភៈ ២០១៦ នៅ​មុខ​ហាង​លក់​កាហ្វេ​មួយ​កន្លែង ក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ហង្ស ខន អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កណ្តាល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។ ជន​សង្ស័យ​បាន​សារភាព​ថា ជា​រៀងរាលថ្ងៃ រូបគេ​តែងតែ​មក​ផឹក​កាហ្វេ​នៅ​ហាង​ខាងលើ​រាល់ថ្ងៃ ហើយ​តែងតែ​ត្រូវ​ឈ្មោះ​គាំ បាន​វាយ​ក្បាល​២-៣​ដៃ​លេង និង​ពេល​ខ្លះ​យក​កែវ​មក​វ៉ៃ​ក្បាល​លេង​ទៀត ធ្វើ​ឱ្យ​រូបគេ​ឈឺក្បាល និង​ឈឺចាប់​ក្នុង​ចិត្ត ណាមួយ​ខ្មាស់​គេ​ទៀត  ទើប​មុន​ពេល​កើតហេតុ រូបគេ​បានដឹង​ថា ឈ្មោះ​គាំ​ខាងលើ​នេះ ពិតជា​មក​ផឹក​កាហ្វេ​នៅ​ហាង​ដដែល​ជា​ពុំខាន ទើប​សម្រេចចិត្ត លី​ពូថៅ​ចេញពីផ្ទះ​សំដៅ​ទៅ​ហាង​កាហ្វេ​នោះ បំណង​ទៅ​កាប់សម្លាប់​តែ​ម្តង តែ​ចៃដន្យ​ឈ្មោះ​គាំ បានដឹង​ខ្លួន​ក៏​រត់​ចេញ ហើយ​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ។

បន្ទាប់​ពី​ឈ្មោះ​គាំ បាន​រត់​ចេញ​ទៅ ជនសង្ស័យ​ខាងលើ បាន​ស្រែក​ឡូឡា​យក​ពូថៅ​គំរាម​គេឯង​ថា អាណា​ហ៊ាន​ចូល អញ​កាប់ អញ​រកតែ​មុខ​អា​គាំ​ទេ ជម្រះបញ្ជី​គ្នា ។ ពេល​នោះ លោក​ម៉ា យន្ត នាយ​ផ្នែក​នគរបាល​ព្រហ្មទណ្ឌ បាន​ទៅ​ដល់ ហើយ​បម្រុង​ចូល​ទៅ​លួ​ម​លោម​យក​ពូថៅ តែ​ត្រូវ​ឈ្មោះ​នេះ យារ​ពូថៅ​កាប់​មក​លើ​រូប​គាត់ តែ​គាត់​រត់​ចេញ​ទាន់ ។ បន្ទាប់​មក សមត្ថកិច្ច​បាន​ប្រើ​មធ្យោបាយ​ត្រជាក់​លួង​លួ​ម​យ៉ាងណា ក៏​ឈ្មោះ​នេះ​មិន​ស្តាប់ ទើប​សម្រុក​ចូលចាប់​ដកហូត​ពូថៅ​បាន​តែ​ម្តង ។

ជនសង្ស័យ​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ក្រុង កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។