ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តបាត់ដំបង ៖ សំណុំរឿង​របស់​កញ្ញាឯក សុជាតា ហៅ​សា​សា ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ក្រុង​បាត់ដំបង កាលពី​កន្លះ​ឆ្នាំ​មុន កំពុង​ស្ថិត​ក្នុង​ដៃ​ចៅក្រម​ស៊ើបសួរ​នៅឡើយ ។

នេះ​បើ​យោង​តាម​ប្រភព​ពី​មន្ត្រី​សាលាដំបូង​ខេត្ត ខណៈ​សំណុំរឿង​ព្រហ្មទណ្ឌ​ដែល​កញ្ញា​សា​សា​ប្ដឹង​លោក​ឧកញ៉ា សុខ ប៊ុ​ន ត្រូវ​តុលា​ការ​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​បញ្ចប់​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ។

បើ​គិត​មក​ដល់​ពេល​នេះ សំណុំរឿង​កញ្ញា​សា​សា អតីត​ពិធី​ការិនី​ទូរទស្សន៍ CTN ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ក្នុង​ក្រុង​បាត់​ដំបង មាន​អាយុកាល​កន្លះ​ឆ្នាំ​ហើយ តែ​មិន​ទាន់​ចេញ​ផុត​ពី​ដៃ​ចៅក្រម​ស៊ើបសួរ​នៅឡើយ​ទេ ។ ខណៈ​ដែល​មនុស្ស​ទូ​ទាំង​ប្រទេស​កំពុង​ទន្ទឹងរង់ចាំ​លទ្ធផល​ចុង​ក្រោយ​របស់​នាង ដូច​ការ​សម្រេច​ក្ដី​លើ​សំណុំរឿង​ព្រហ្មទណ្ឌ ដែល​អតីត​ពិធី​ការិនី​ដ៏​សំបូរ​រឿងអាស្រូវ​រូប​នេះ ប្ដឹង​ឧកញ៉ា សុខ ប៊ុ​ន ។

បើ​តាម​មន្ត្រី​តុលាការខេត្ត​បានឱ្យ​ដឹង​ថា សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្ក​ឡើង​ដោយ​កញ្ញាឯក សុជាតា ហៅ​សា​សា ខាង​លើ​​នេះ គឺ​កំពុង​ស្ថិត​ក្នុង​ដៃ​លោក ជា វណ្ណៈ ចៅក្រម​ស៊ើបសួរ និង​ជា​ប្រធាន​សាលាដំបូង​ខេត្តបាត់ដំបង តែ​មិន​ទាន់​ដឹង​ថា តើ​ពេល​ណា ទើប​សំណុំរឿង​នេះ ធ្លាក់​ដល់​ដៃ​ចៅក្រម​ជំនុំ​ជំ​រះ​នោះ​ទេ0x017d7

ឆ្លើយ​តប​ទៅ​នឹង​ការ​ទន្ទឹងរង់ចាំ​ពី​មជ្ឈដ្ឋាន​នានា ក្នុង​សំណុំរឿង​កញ្ញា​សា​សា​នេះ ចៅក្រម​ស៊ើបសួរ​ដែល​កាន់​សំណុំរឿង​នេះ និង​ជា​ប្រធាន​សាលាដំបូង​ខេត្ត​ផង លោក​ជា វណ្ណៈ បាន​បំភ្លឺ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​ថា សំណុំរឿង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​របស់​កញ្ញា
សា​សា ដែល​កើតឡើង​នៅ​ក្នុង​ក្រុង​បាត់ដំបង​កាលពី​ឆ្នាំទៅ​ម៉ិ​ញ​នោះ នៅ​មិន​ទាន់​បញ្ចប់​ដំណើរការ​ស៊ើបអង្កេត​នោះ​ឡើយ​ទេ ។​ហើយ​សំណុំរឿង​នេះ ក៏​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​របស់​លោក​ដែរ ។

លោក​ជា វណ្ណៈ បាន​បញ្ជាក់​ថា លោក​នឹង​ផ្ដល់​ដំណឹង​នេះ​ដល់​អ្នក​សារព័ត៌​មាននៅ​ពេល​ណា សំណុំរឿង​នេះ ត្រូវ​បាន​បញ្ចប់​ដំណើរ​ការ​ស៊ើបអង្កេត ហើយ​បញ្ជូន​ទៅ​ឱ្យ​ក្រុមប្រឹក្សា​ជំនុំជម្រះ​ចាត់ការ​បន្ត ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព