ព័ត៌មាន​ជាតិ &raquo ព័ត៌មាន​​សេដ្ឋកិច្ច

រាជធានី​ភ្នំពេញ ៖ សហភាព​អឺរ៉ុប​(EU)​បាន​ផ្តល់​ជំនួយ​ឥត​សំណង​ចំនួន​ជាង​៤០​លាន​អឺ​រ៉ូ​ដើម្បី​គាំទ្រ​ដល់​របៀបវារៈ​អភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៥ ហើយ​គ្រោង​នឹង​ផ្តល់​ប្រាក់​ចំនួន​៥៩​លាន​អឺ​រ៉ូ​បន្ថែម​ទៀត​នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ ក្នុង​នាម​ជា​ដៃគូ​ដ៏​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា​លើ​ផ្នែក​ជំនួយ​អភិវឌ្ឍន៍ ។ នេះ​បើ​យោង​តាម​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​១៩ កុម្ភៈ ។

ថ្លែង​នៅ​ក្នុង​សន្និសីទ​នា​ឱកាស​នោះ លោក   អា​ឡាំង វ៉ា​ន​ឌឺ​ស្មី​សសិន (Alain Vandersmissen) ភារធារី​ស្តីទី​នៃ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ៖ « ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព​និង​តម្លាភាព​នៃ​ការ​ប្រើប្រាស់​ជំនួយ​ឥត​សំណង​របស់​សហភាព​អឺរ៉ុប ការ​ត្រួតពិនិត្យ​តាមដាន និង​ការ​វាយតម្លៃ​លើ​ការ​អនុវត្ត​គម្រោង​ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាង​ទៀងទាត់ និង យ៉ាង​ល្អិតល្អន់​ពី​សំណាក់​ប្រតិភូ​សហភាព​អឺរ៉ុប បេសកកម្ម​ត្រួត​ពិ និត្យ​របស់​ការិយាល័យ​កណ្តាល​នៃ​សហភាព​អឺរ៉ុប និង​ពី​ក្រុមហ៊ុន​សវន​កម្ម​ឯករាជ្យ » ។

ការ​បំពេញ​នូវ​តម្រូវការ​មូលដ្ឋាន​របស់​ប្រជាជន នៅ​តែ​ជា​ចំណុច​អាទិភាព​សម្រាប់​ជំនួយ​របស់​សហភាព​អឺរ៉ុប ក្នុង​ការ​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​កម្ពុជា​ដើម្បី​លុប​បំបាត់​ភាព​ក្រីក្រ និង​សម្រេច​ឲ្យ​បាន​នូវ​និរន្ត​ភាព​នៃ​គោលដៅ​អភិវឌ្ឍន៍​សហសវត្ស៍ ។

ការ​ផ្តល់​ជំនួយ​ឥត​សំណង​របស់​សហភាព​អឺរ៉ុប​ដល់​កម្ពុជា​ធ្វើ​ឡើង​តាម​រយៈ​បណ្តាញ​សំខាន់​ៗ​ចំនួន​ពីរ​គឺ កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ដែល​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា និង​កម្មវិធី​ជំនួយ​តាម​វិស័យ​ដែល​គាំទ្រ​អង្គារ​សង្គម​ស៊ី​វិល និង​អាជ្ញាធរ​មូលដ្ឋាន ។ ទន្ទឹម​នឹង​នេះ ក៏​មាន​គម្រោង​កិច្ច​សហប្រតិបត្តិការ​ថ្នាក់​តំបន់​ដែល​គ្របដណ្តប់​លើ​ប្រទេស​ជិតខាង​មួយ​ចំនួន​ផង​ដែរ ។

កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​គាំទ្រ​ដល់​ការ​អនុវត្ត គោលនយោបាយ​អភិវឌ្ឍន៍​ជាតិ​សំខាន់​ៗ​របស់​ប្រទេស​កម្ពុជា​។ សហភាព​អឺរ៉ុប​បាន​សម្រេច​បែងចែក​ជំនួយ​ឥត​សំណង​របស់​ខ្លួន​ដែល​មាន​ទឹកប្រាក់​ចំនួន​៤១០​លាន​អឺ​រ៉ូ ក្រោម​កម្មវិធី​កិច្ច​សហប្រតិបត្តិការ​ទេ្វ​ភាគី​របស់​ខ្លួន​ជាមួយ​ប្រទេស កម្ពុជា​សម្រាប់​រយៈពេល​ចាប់ពី​ឆ្នាំ​២០១៤​ដល់ ២០២០ ។ ជា​ពិសេស មូលនិធិ​ទាំងនេះ នឹង​ជួយ​ដល់​រដ្ឋាភិបាល​កម្ពុជា​នៅ​ក្នុង​ការ​ពង្រឹង​វិស័យ​កសិកម្ម និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ផ្តល់​ការ​អប់រំ​កាន់តែ​មានគុណ​ភាព ព្រមទាំង​អនុវត្ត​កំណែទម្រង់​អភិបាលកិច្ច និង​រដ្ឋបាល​ដូច​ជា​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (PFM) វិមជ្ឈការ និង​កំណែទម្រង់​ការ​បោះ​ឆ្នោត​ជាដើម ។

កម្មវិធី​ជំនួយ​តាម​វិស័យ ដែល​ផ្តល់​កិច្ច​គាំទ្រ​ដោយ​ផ្ទាល់​ដល់​សង្គម​ស៊ី​វិល​/​ស្ថាប័ន​មិនមែន​រដ្ឋ គ្របដណ្តប់​លើ​វិស័យ​ជា​ច្រើន​ដូច​ជា ការ​កសាង​សមត្ថភាព​សម្រាប់​សង្គម​ស៊ី​វិល សិទ្ធិ​មនុស្ស អភិបាលកិច្ច មូលដ្ឋាន បរិស្ថាន ការ​ប្រែប្រួល​អាកាសធាតុ និង​យេ​ន​ឌ័​រ ។

សហភាព​អឺរ៉ុប​ផ្តល់​ជំនួយ​ឥត​សំណង​ដល់ អង្គការ​សង្គម​ស៊ី​វិល ដោយ​បាន​ផ្តល់​តាម​រយៈ​និ​តិ​វិធី​នៃ​ការ​ប្រកាស​បើក​ទទួល​សំណើ ប្រកបដោយ​ភាព​ប្រកួតប្រជែង ។ តាម​រយៈ​ជំនួយ​ឥត​សំណង​នេះ បច្ចុប្បន្ន​សហភាព​អឺរ៉ុប​កំពុង​ផ្តល់​មូលនិធិ​ដល់​គម្រោង​ចំនួន​៥៤​ដែល​មាន​ទឹកប្រាក់​សរុប​ជាង​៤៩​លាន​អឺ​រ៉ូ នៅ​ក្នុង​បណ្តា​ខេត្ត​ចំនួន​២៣ ទូ​ទាំង​ប្រទេស​កម្ពុជា ។

ប្រសិទ្ធភាព​និង​តម្លាភាព​នៃ​ជំនួយ​អភិវឌ្ឍន៍​របស់​សហភាព​អឺរ៉ុប​ដើម្បី​ធានា​ឱ្យ​បាន​ថា ជំនួយ​ឥត​សំណង​របស់​សហភាព​អឺរ៉ុប ត្រូវ​បាន​ប្រើ​យ៉ាង​មាន​ប្រសិទ្ធភាព និង​ប្រកប​ដោយ​តម្លាភាព​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា តែងតែ​រៀបចំ​នូវ​កិច្ចប្រជុំ​ពិសេស ដើម្បី​ផ្តល់​ឱកាស​ដល់​គម្រោង​ថ្មី​ៗ ដើម្បី​រៀន​ពី​នីតិវិធី​សំខាន់​ៗ​ទាំងអស់​ដែល​ពួក​គេ​ត្រូវ​តែ​អនុវត្ត​តាម ក្នុង​រយៈពេល​អនុវត្ត​គម្រោង ក្នុង​នោះ​រួម​មាន​ដូច​ជា គណនេយ្យ​ភាព លទ្ធកម្ម ការ​ពិនិត្យ​តាមដាន សវន​កម្ម និង ការ​ធ្វើ​របាយការណ៍ ។

លោក​ភារធារី​ស្តីទី​នៃ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​បន្ថែម​ទៀត​ថា​៖ « ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​សង្គម មិន​គ្រាន់តែ​ផ្សព្វផ្សាយ​ព័ត៌មាន​ដល់​ប្រជាជន​កម្ពុជា​ទូទៅ ដល់​អ្នក​តាក់តែង​គោលនយោបាយ និង​ដល់​ថ្នាក់ដឹកនាំ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ក៏​បាន​ពិនិត្យ តាមដាន​មើល​នូវ​រាល់​ការ​អនុវត្ត​ល្អ​ៗ ក៏​ដូច​ជា​ប្រសិទ្ធភាព​នៃ​សមិទ្ធផល​នានា​ផង​ដែរ » ៕