ឆេះ​ឃ្លាំង​គ្រាប់​របស់​កងពល​ថ្មើរជើង​លេខ​៤១ ខូចខាត​កាំភ្លើង និង​គ្រាប់​អស់​ជាច្រើន​

ភ្នំពេញ​: ឃ្លាំង​ដាក់​គ្រាប់ និង​អាវុធ​មួយកន្លែង ស្ថិតនៅ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ និង​បាន​បំផ្លាញ​អាវុធ និង​គ្រាប់​អស់​មួយចំនួនធំ​។ ហេតុការណ៍​ឆេះ​ឃ្លាំង​ដាក់​គ្រាប់ និង​អាវុធ កើតឡើង​នៅវេលា​ម៉ោង​១២.៤៤​នាទី ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​។

​សេចក្តីរាយការណ៍​ពី​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​រាយការណ៍​ថា ឃ្លាំង​ផ្ទុក​គ្រាប់ និង​អាវុធ​ខាងលើ គឺជា​របស់​កងអនុសេនាធំ​គាំទ្រ របស់​វរ​សេនា​តូច​ការពារ​ព្រំដែន​លេខ​៤១៥ ចំណុះ​ឲ្យ​កងពលតូច​ថ្មើរជើង​លេខ​៤១ ដែល​ស្ថិតនៅ​ចំណុច​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​ឃ្លាំង​ដែល​ឆេះ​នោះបាន​បំផ្លាញ​ទី​១.​គ្រាប់​៧៥​មី​លី​ម៉ែត្រ ចំនួន​៦០​គ្រាប់​, ទី​២.​គ្រាប់​១០០​មី​លី​ម៉ែត្រ ចំនួន​៦៥​ម៉ែត្រ​, ទី​៣.​គ្រាប់​អាកា​៤៧ ចំនួន​១២០០​គ្រាប់​,​ទី​៤.​អាវុធ​អាកា​៤៧ ចំនួន​១០​ដើម និង​ទី​៥.​កាំភ្លើងត្បាល់​១០០​មី​លី​ម៉ែត្រ ចំនួន​១​ដើម​។​

​មូលហេតុ​ច្បាស់លាស់​នៃ​ការឆេះ​បំផ្លាញ​អាវុធ​ខាងលើ​គេ​មិនដឹងថា បណ្តាលមកពី​មូលហេតុ​អ្វី​ទេ ព្រោះថា​មិនមាន​សមត្ថកិច្ច​ណាមួយ​បញ្ជាក់​អំពី រឿងនេះ​ឲ្យ​បាន​ច្បាស់​ទេ​។

​ចំពោះ​ករណីនេះ សមត្ថកិច្ច​នៅ​តំបន់​នោះ​កំពុងធ្វើការ​ស៊ើបអង្កេត​មួយ​យ៉ាង​ជាក់​លាស់ ដើម្បី រក​មូលហេតុ​ពិត​ថា ហេតុការណ៍​នោះ​កើតឡើង​ដោយសារ​មូលហេតុ​អ្វី​៕

ឆេះ​ឃ្លាំង​គ្រាប់​របស់​កងពល​ថ្មើរជើង​លេខ​៤១ ខូចខាត​កាំភ្លើង និង​គ្រាប់​អស់​ជាច្រើន​

ឆេះ​ឃ្លាំង​គ្រាប់​របស់​កងពល​ថ្មើរជើង​លេខ​៤១ ខូចខាត​កាំភ្លើង និង​គ្រាប់​អស់​ជាច្រើន​
​រូបភាព​៖​ឆេះ​ឃ្លាំង​គ្រាប់​របស់​កងពល​ថ្មើរជើង​លេខ​៤១ ខូចខាត​កាំភ្លើង និង​គ្រាប់​អស់​ជាច្រើន​