ជនជាតិ​រុស្សី​ម្នាក់​ស្លាប់ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប សង្ស័យ​ប្រើ​ថ្នាំញៀន​ហួស​កំរិត​

​សៀមរាប: ជនជាតិ​រុស្សី​ម្នាក់ ត្រូវបាន​ស្លាប់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប បន្ទាប់ពី​ធ្វើការ​សង្គ្រោះ​អស់​លទ្ធភាព​ពី​សំណាក់​គ្រូពេទ្យ​។ ការស្លាប់​របស់​ជនជាតិ​រុស្សី​ខាងលើនេះ ត្រូវបាន​សមត្ថ កិច្ច​សង្ស័យថា រូបគាត់​បាន​ប្រើប្រាស់​ថ្នាំញៀន​ហួស​កំរិត​។​

​លោក​ថង សា​គុណ ស្នងការរង​ខេត្តសៀមរាប​ទទួលបន្ទុក​កណ្តាល​យុត្តិធម៌ បាន​និយាយ​ឲ្យ​ដឹងថា ជនជាតិ​រុស្សី​ខាងលើ​ឈ្មោះ ALEXSANDR FEDONENKO ភេទ​ប្រុស កើត​ថ្ងៃទី​១២ ខែមករា ឆ្នាំ​១៩៩៥ និង​កាន់​លិខិតឆ្លងដែន​លេខ​N៣២៧២៨៨៦​។

​លោក​ថង សា​គុណ បាន​បញ្ជាក់ថា កាលពី​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៦ ភ្ញៀវទេសចរ​រុស្សី បានធ្វើ​ដំណើរ តាម​រថយន្ត របស់​ក្រុមហ៊ុន​ឬ​ទ្ធី​មុនី ពី​ទីក្រុង​ភ្នុំពេញ​មកកាន់​ខេត្តសៀមរាប ហើយ​ជន​នោះ​ក៏មាន​អា​ការៈមិន​ស្រួលខ្លួន ហើយក៏​ត្រូវបាន​ក្រុម ហ៊ុន​ឬ​ទ្ធី​មុនី​សហការ​ជាមួយ​នគរបាល​ខេត្តសៀមរាប បញ្ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​ឈ្មោះ ស៊ឹង​រិទ្ធី​រ៉េត ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ប៉ុន្តែ​ដោយ​អាកា​រៈ​ធ្ងន់ធ្ងរ ពេទ្យ​ឯកជន​នោះបាន​បញ្ជូន​មកកាន់​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។

​នៅឯ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប គ្រូពេទ្យ​បានធ្វើការ​ពិនិត្យ និង​សង្គ្រោះ​យ៉ាង​យកចិត្តទុកដាក់ ហើយ​ក៏បាន​ស្លាប់​មិនអាច​សង្គ្រោះបាន​។ ការស្លាប់​របស់​ជនរ​ង​គ្រោះ​ត្រូវបាន​ពេទ្យ​សន្និដ្ឋានថា គាត់​បាន​ប្រើប្រាស់​ថ្នាំញៀន​ហួស​កំរិត ព្រោះថា​នៅលើ​ដៃ​របស់គាត់​ក៏មាន​ស្នាម​អារ​ជាច្រើន កន្លែង និង​មាន​ជាំ​ថែម​ទៀតផង​។

​សមត្ថកិច្ច​បាន​និយាយថា ជនរងគ្រោះ​ពេលនេះ​កំពុង​តម្កល់ទុក​នៅ​សាល​សព​នៃ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ដើម្បី​ឲ្យ​សមត្ថកិច្ច​អនុវត្ត​នីតិវិធី​បន្ត និង​រង់ចាំ​តំណាង​ស្ថានទូត និង​ក្រុមគ្រួសារ​សម្រេច​នាំ​សព​យកទៅ​កាន់​ប្រទេស​ដើម ឬ​យ៉ាងណា​៕

ជនជាតិ​រុស្សី​ម្នាក់​ស្លាប់ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប សង្ស័យ​ប្រើ​ថ្នាំញៀន​ហួស​កំរិត​

ជនជាតិ​រុស្សី​ម្នាក់​ស្លាប់ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប សង្ស័យ​ប្រើ​ថ្នាំញៀន​ហួស​កំរិត​

ជនជាតិ​រុស្សី​ម្នាក់​ស្លាប់ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប សង្ស័យ​ប្រើ​ថ្នាំញៀន​ហួស​កំរិត​
​រូបភាព​៖​ជនជាតិ​រុស្សី​ម្នាក់ ត្រូវបាន​សង្គ្រោះ​ហើយ​ស្លាប់ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​សង្ស័យ​ប្រើ​ថ្នាំញៀន​ហួស​កំរិត​៕