ក្រសួង​ការងារ​រកឃើញ​ជនបរទេស ដែល​ចូលមក​ធ្វើ​ការងារ​ស្របច្បាប់​មាន ជិត​៤​ម៉ឺន​នាក់​

ភ្នំពេញ: ​រដ្ឋមន្ដ្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានប្រកាសថា គិត​ត្រឹម​ឆ្នាំ​២០១៥​កន្លង មកនេះ​ក្រសួង​បាន​រកឃើញ​ជនបរទេស​ដែល​ចូលមក​ធ្វើ​ការងារ​ស្របច្បាប់​នៅ​កម្ពុជា មាន​រហូត ដល់​ជិត ៤​ម៉ឺន​នាក់ និង​បានផ្ដល់​ប្រាក់ចំណូល​ដល់​ថវិកាជាតិ​ប្រមាណ​ជាង​៥​លាន​ដុល្លារ​អាម៉េរិក​។​

​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៥ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៦ សម្រាប់​ការ​អនុវត្ដ​ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល វិជ្ជាជីវៈ ២០១៤-២០១៨ កាលពី​ល្ងាច​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ទីស្ដីការក្រសួង លោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួង ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍ថា ចាប់ពី ឆ្នាំ​២០១៦​នេះ​តទៅ​ក្រសួង​ការងារ និង​ក្រសួងមហាផ្ទៃ នឹង​រៀបចំ​ធ្វើ​សេចក្ដី ប្រកាស មួយ​រួមគ្នា ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការចុះ​ត្រួតពិនិត្យ វត្ដ​មាន​ជនបរទេស ដែល​មក​ធ្វើ​ការងារ​នៅ ក្នុង ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​បញ្ជាក់ថា ក្រសួង​ទាំងពីរ​គ្រោង​នឹង​បន្ដ​ចុះ​ត្រួតពិនិត្យ​ជនបរទេស និង​ស្វែងរក​អ្នក​ដែល គ្មាន​ច្បាប់​ត្រឹមត្រូវ ហើយ​ផ្ដល់​ប័ណ្ណ​ការងារ​ឱ្យស្រប​ច្បាប់ ដោយ​សហការ​ជាមួយ សមត្ថកិច្ច ពាក់ព័ន្ធ​ក្នុងការ ពង្រឹង​អធិការកិច្ច និង​ត្រួតពិនិត្យ​ជនបរទេស ដែល​មក​ធ្វើ​ការងារ​នៅ​កម្ពុជា​។​

​គម្រោង​ចុះ​ត្រួតពិនិត្យ​របស់​អន្ដរក្រសួង​នេះ គឺ​ដើម្បី​ប្រមូល​ស្ថិតិ​ជនបរទេស​ដែល​ធ្វើ​ការងារ​ស្រប ច្បាប់ និង​មិន​ស្របច្បាប់ សម្រាប់​ធានា​ការគ្រប់គ្រង និង​រក្សា​សណ្ដាប់ធ្នាប់ សុវត្ថិភាព​សាធារណៈ ឱ្យបាន ល្អប្រសើរ​នៅក្នុង​សង្គម​។​

​លោក​រដ្ឋមន្ដ្រី​បាន​លើកឡើងថា ជនបរទេស​ដែល​មក​កម្ពុជា ត្រូវមាន​កិច្ចសន្យាការងារ​ត្រឹមត្រូវ ជាមួយនឹង​និយោជក់ ឬ​សៀវភៅ​ការងារ​ស្របច្បាប់ ហើយ​មន្ដ្រី​ជំនាញ​ផ្នែក​អធិការកិច្ច​ក្រសួង ត្រូវ​បន្ដ ពង្រឹង​ការចុះ​ត្រួតពិនិត្យ​ជនបរទេស ដែល​នៅ​មិនទាន់​ធ្វើ​ប័ណ្ណ ឬ​សៀវភៅ​ការងារ ឱ្យមក​បំពេញបែបបទ ឱ្យបាន​គ្រប់គ្រាន់ និង​ស្របតាម​ច្បាប់​នៅ​កម្ពុជា ព្រមទាំង​មាន កាតព្វកិច្ច បង់ប្រាក់​លើ​ពន្ធ​បំពេញការងារ​។​

​មន្ដ្រី​ជំនាញ​ក្រសួង​ការងារ បានឱ្យដឹងថា ជនបរទេស​ចង់​បម្រើ​ការងារ​នៅ​កម្ពុជា ចាំបាច់​ត្រូវមាន លិខិតឆ្លងដែន​ប្រភេទ​អាជីវកម្ម ដែលជា​ភាសា​អង់គ្លេស​ហៅថា​(E-VISA) ហើយ​ត្រូវដាក់ ពាក្យសុំ​ប័ណ្ណ ឬ​សៀវភៅ​ការងារ ទើប​អាចមាន​សិទ្ធិ​ស្របច្បាប់​ធ្វើការ​ងារ​នៅ​កម្ពុជា​។ ចំណែក​លិខិតឆ្លងដែន​ប្រភេទ ទេសចរណ៍​ដែល​ហៅ​កាត់​ថា (T-VISA) ជនបរទេស អាច​ចូលមក កម្ពុជា​គឺ​គ្រាន់តែ​ដើរលេង​កម្សាន្ដ ឬ​ដើរ ទេសចរណ៍​ប៉ុណ្ណោះ អត់​មាន​សិទ្ធិ​ធ្វើ​ការងារ នៅ​កម្ពុជា នោះទេ​។​

​យោងតាម​របាយការណ៍​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បង្ហាញថា រហូតមកដល់ ពេលបច្ចុប្បន្ន​នេះ ក្រសួង​បានផ្ដល់​ប័ណ្ណ និង​សៀវភៅ​ការងារ​ដល់​ជនបរទេស ដែល​បានមក ធ្វើ​ការងារ ស្របច្បាប់​នៅ​កម្ពុជា មាន​ចំនួន​៣៥០០០​នាក់ និង​មាន​១០៣​សញ្ជាតិ ផ្ដល់ប្រាក់ ចំណូល​ដល់​សេដ្ឋកិច្ច ជាតិប្រមាណ​ជាង​៥​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៥​កន្លងមកនេះ​៕

ក្រសួង​ការងារ​រកឃើញ​ជនបរទេស ដែល​ចូលមក​ធ្វើ​ការងារ​ស្របច្បាប់​មាន ជិត​៤​ម៉ឺន​នាក់​