ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

​ខេត្ត​ព្រៃវែង ៖ ​​អ្នក​ភូមិ​នាំ​គ្នា​រិះគន់​ថា អាជ្ញាធរ និង​សមត្ថកិច្ច​​ភូមិព្រែក​ចង្ក្រាន​​លើ ឃុំ​ព្រែក​ចង្ក្រាន​​ ស្រុក​ស៊ី​ធរ​កណ្ដាល ​​​​បើកដៃ​ឱ្យ​​ក្រុម​អ្នក​ញៀន​​ល្បែង​បញ្ជល់​​​មាន់ប្រមូល​ផ្តុំ​គ្នា​លេង​យ៉ាង​​អនាធិបតេយ្យ និង​គគ្រឹកគគ្រេង ​ផ្គើន​នឹង​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល​​ ។

​អ្នក​ភូមិ​មួយ​ចំនួន​​​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​​ថា ​ឃុំ​ព្រែក​ចង្ក្រាន​​មាន​បើក​​សង្វៀន​បញ្ជល់មាន់​​​យូរ​មក​ហើយ​ ​​ដោយ​គ្រាន់​តែ​​ប្តូរ​រូបភាព​ពី​ការ​ជល់​ក្នុង​សង្វៀន​​​មក​ជា​គូរដី​ជល់​នៅ​តាម​ព្រៃ​វិញ ងាយស្រួល​បន្លំ​ភ្នែក​សមត្ថកិច្ច ​។​

​ក្រុម​​អ្នក​ភូមិ​​បាន​បន្ត​​ថា ក្រុម​អ្នកលេង​ល្បែង​បញ្ជល់​មាន់​ទាំងនោះ គេ​លេង​បាន​យ៉ាង​គគ្រឹកគគ្រេង​បែប​នេះ ដោយសារ​តែ​គេ​​​ត្រូវរ៉ូវ​គ្នា​ជាមួយ​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​​ ហើយ​គេ​ក៏​មិន​បារ​ម្ភ​ខ្លាច​សមត្ថកិច្ច​​​មក​ពី​ស្រុក​ឬ​ខេត្ត​ចាប់​​នោះ​ដែរ ព្រោះ​បណ្តាញ​អ្នក​ផ្តល់​ដំណឹង​របស់​ពួក​គេ គឺជា​សមត្ថកិច្ច​តែ​ម្តង ជាក់ស្តែង​កាលពី​ប៉ុន្មាន​ សប្តា​ហ៍មុន​នេះ ខណៈ​ដែល​លោក​អភិបាលស្រុក​ចុះ​ទៅ​ចែក​អំណោយ​នៅ​ឃុំ​ព្រែក​ចង្ក្រាន​នោះ ​​គេ​​ឃើញ​លោក​​នាយ​នគរ​បាល​ប៉ុ​​ស្តិ៍​​​រដ្ឋ​បាល​ព្រែក​ចង្ក្រាន​​ជិះ​ម៉ូតូ​​​ទៅ​​ប្រាប់​ក្រុម​អ្នក​​ញៀន​ល្បែង​បញ្ជល់​​មាន់​ទាំងនោះ​ដោយ​ផ្ទាល់​ ​​ដោយ​ឱ្យ​​ផ្អាក​ការ​លេង​មួយ​រយៈ​ពេលសិន​​ ។​

ចំពោះ​ការ​រិះ​គន់​ខាងលើ​នេះ ត្រូវ​បាន​លោក នួន ហ៊ា​ត ​នាយ​នគរ​បាល​​​ប៉ុស្តិ៍​រដ្ឋបាល​​ព្រែក​ចង្ក្រាន​អះអាង​ថា រូប​លោក​មិន​ដែល​បាន​លុយ​ពីអ្នក​លេង​ល្បែង​បញ្ជល់​​មាន់​​ទាំងនោះ​ទេ ហើយ​ក៏​មិន​បាន​បើកដៃ​ឱ្យ​​​​លេង​ដែរ ការ​ដែល​ក្រុម​អ្នក​លេង​ល្បែង​បញ្ជល់​មាន់​ទាំងនោះ​នៅ​តែ​អាច​លួច​លេង​បានដោយសារ​តែ​​កម្លាំង​នគរបាល​ប៉ុស្តិ៍មាន​ចំនួន​តិច ពិបាក​ក្នុង​ការ​ចុះ​បង្ក្រាប​ ។

លោក​បាន​បញ្ជាក់​ថា កាលពី​​​មុន​​ពួក​គេ​​​លេង​ក្នុង​សង្វៀន ​​លោក​ធ្លាប់​បាន​ចុះ​​បង្ក្រាប​ដែរ ដោយ​ចាប់​បាន​ម៉ូតូ​​និង​​មនុស្ស​មួយ​ចំនួន​បញ្ជូន​​ទៅ​អប់​រំណែនាំ​​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ​តែ​ឥឡូវនេះ​គេ​នាំ​គ្នា​លួចលាក់​លេង​តាម​វាល​តាម​ព្រៃ គ្មាន​ទីតាំង​ច្បាស់លាស់ ហេតុនេះ​ហើយ​ទើប​​លោក​ពិបាក​បង្ក្រាប ​។

ទោះ​បី​ជា​យ៉ាងណា​​ក្តី​ ​អ្នក​ភូមិ​​បាន​នាំ​គ្នា​សំណូមពរ​ដល់​​​​សមត្ថកិច្ច​គ្រប់​ស្ថាប័ន ​មេត្តា​ជួយ​​​អន្តរាគមន៍​ទប់​ស្កាត់​​​កុំ​ឱ្យ​កើត​មាន​​ ​ល្បែង​បញ្ជល់​​មាន់​​ ​និង​ល្បែង​ស៊ី​សង​ផ្សេង​ៗ​ទៀត​​ ព្រោះ​បើ​មាន​ល្បែងស៊ីសង ​នាំ​ឱ្យ​​​បទល្មើស​កើត​ឡើង​​​ដូច​ជា​​​ចោរលួច ចោរ​ប្លន់​ ​និង​​​នាំ​​ឱ្យ​​ពួក​គាត់​រស់នៅ​មិន​បាន​សុខ​​នោះ​ទេ​ ៕