រថយន្ត​កាមរី​ឆ្លាម​របស់​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​បើក​បុក​រះ​កង់ និង​ម៉ូតូ​ពីក្រោយ​ពេញទំហឹង​មនុស្ស​ប្រុស​ស្រី​២​នាក់ បាន​ស្លាប់​និង​របួស​ម្នាក់​ធ្ងន់ធ្ងរ​

​ខេត្តកំពង់ឆ្នាំង​៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​បណ្តាលអោយ​នារី​ជិះ​កង់​ម្នាក់​បាន​បាក់ក​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ និង​បុរស​អ្នកបើក​ម៉ូតូ​ម្នាក់ទៀត​បាន​ស្លាប់​ពេល​ដឹក​ទៅ​មន្ទីរពេទ្យ​ខេត្ត​និង​ស្ត្រី​ជា​ប្រពន្ធ​ជិះ​ពីក្រោយ​ម៉ូតូ​បាន​រងរបួស​ធ្ងន់​ដោយសារ​រថយន្ត​កាមរី​ឆ្លាម​មួយគ្រឿង​បើកបរ​ដោយ​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់ បើក​បុក​រះ​កង់ និង​ម៉ូតូ​ពីក្រោយ​ពេញទំហឹង​ក្នុងទិសដៅ​ស្របគ្នា​។ ហេតុការណ៍​នេះ​បានកើត​ឡើង នៅ​ម៉ោង​២ និង​៣០​នាទី​រសៀល​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅលើ​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​៨៥ និង​៨៦ នៅមុខ​ស្ថានីយ៍​ប្រេង​តេ​លា ក្នុងភូមិ​ព្រៃ​ពួច ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

លោក សឿង រុន នាយ​នគរបាល​ចរាចរណ៍​ស្រុក​រលាប្អៀរ​បានអោយដឹង​ថា​៖ មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​បង្ក​ម៉ាក​កាមរី​ឆ្លាម ពណ៌​ស្លាប​ក្អែក ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​2A-០០០8 បាន​បើកបរ​យ៉ាង​លឿន​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​លុះ​មកដល់​ចំណុចកើតហេតុ​រថយន្ត​បង្ក​បាន​បុក​រះ កង់​មួយគ្រឿង​និង​ម៉ូតូ​មួយគ្រឿង​ដែល​កំពុងធ្វើដំណើរ​ស្រប​ទិស​គ្នា​ពី​ខាងក្រោយ​យ៉ាង​ពេញទំហឹង​បណ្តាលអោយ​នារី​រងគ្រោះ​កំពុង​ជិះ​កង់​ឈ្មោះ ហេង សាក់​រាជ្យ​សី អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ពួច ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ​បាក់ក​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។ ចំណែក​បុរស​អ្នកបើក​ម៉ូតូ​សង់​កូរ៉េ ឈ្មោះ ឆេង ហ៊ួ​រ អាយុ​៦៣​ឆ្នាំ រស់នៅ​ភូមិ​ជ្រោយ​ខ្សាច់ ឃុំ​បាក់​ដាវ ស្រុក​ខ្សាច់ កណ្តាល​ខេត្ត​ណ្តា​ល បាន​ស្លាប់​ពេល​ដឹក​ដល់​មន្ទីរពេទ្យ​ខេត្ត និង​ស្ត្រី​ជា​ប្រពន្ធ ឈ្មោះ អ៊ុយ សុន អាយុ​៦៥​ឆ្នាំ​ជិះ​ពីក្រោយ​រងរបួស​ធ្ងន់ ពួកគាត់​មានមុខរ​បរជា​អ្នកយក​ភាស៊ី​នៅ​ផ្សារ​ព្រៃ​ខ្មែរ ។​

​ក្រោយពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត​បង្ក​បាន​ចុះ​រត់​គេចខ្លួនបាត់​ទុក​រថយន្ត​ចោល​នៅ​កន្លែងកើតហេតុ ដោយ​នៅលើ​រថយន្ត​សមត្ថកិច្ច​ពិនិត្យឃើញ មាន​អាវ​ចំណាំងផ្លាត​មួយ និង​អាវ​កងរាជអាវុធហត្ថ​មួយ​ដែលមាន​ប៉ាក់​ឈ្មោះ ហ៊ុយ សំផន អត្តលេខ​២២៥៧៥៥ ដោយ​សមត្ថកិច្ច​បា​នស​ន្និ​ដ្ឋា​ន​ថា​អ្នកបើកបរ​រថយន្ត​បង្ក​ជាម​ន្ត្រី​អាវុធហត្ថ តែងតែ​បើកបរ​ល្បាត​នៅលើ​ផ្លូវជាតិ​លេខ​៥​ជាប្រចាំ ប៉ុន្តែ​គេ​មិនទាន់​ដឹងថា​គេ​ធ្វើការ​នៅក្នុង​អង្គភាព​កងរាជអាវុធហត្ថ​ខេត្ត​ណា​នៅឡើយ​។ ចំណែក​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​អាច​បង្កឡើង​ដោយ​ការបើកបរ​ក្នុង​ភាព​ងោគងុយ ឬ​ស្រវឹង​ពីព្រោះ​រថយន្ត​នេះ​បាន​បុក​រះ​កង់ និង​ម៉ូតូ​របស់​ជនរងគ្រោះ​នៅលើ​ចិញ្ចើមផ្លូវ​កៀន​ខាងស្តាំ​ដៃ​ទាំង​កំរោល​តែម្តង​។​

​សព​ជនរងគ្រោះ​ទាំង​២​នាក់​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​លំនៅដ្ឋាន ចំណែក​ស្ត្រី​រងរបួស​ធ្ងន់ធ្ងរ​បា​ន​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​។ ដោយឡែក​មធ្យោបាយ​ទាំង​៣​គ្រឿង​​មាន កង់ ម៉ូតូ និង​រថយន្ត​បង្ក បាន​ខូ​ត​ខាត​ធ្ងន់ធ្ងរ​ដូចគ្នា ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កសាង​សំណុំរឿង​តាម​និតិ​វិធី​។ ទោះយ៉ាងណា​៕ ពលរដ្ឋ​ក្នុង​ខេត្តកំពង់ឆ្នាំង​មិន​ចង់ឃើញ​មិន​ចង់​ឮ ថា​សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ​អូសបន្លាយ​ជាប់គាំង​មិន​អនុវត្តតាម​ច្បាប់​ចំពោះ​ជន​ល្មើ​ន​រូប​នោះទេ​៕ រិ​ទ្ធិ ជ័យ​

KA-22-02-2016-11 KA-22-02-2016-12 KA-22-02-2016-03 KA-22-02-2016-05 KA-22-02-2016-04