ដាក់​ថ្នាំ​បំពុល​ឆ្កែ ​​ចូល​​លួច​​ម៉ូតូ​ ប៉ះ​ចំមាន​តេ​ឡេ ស្រែក​ផ្អើល​ភូមិ

ខេត្ត​ព្រៃវែង ៖ យ៉ាង​ហោច​ណាស់ ​​ឆ្កែ​៤​ក្បាល​​ងាប់ និង​១​ក្បាល​ទៀត​ពុល​ប្រកាច់​ជិតងាប់ ដោយសារ​តែ​ក្រុម​ចោរ​ដាក់​ថ្នាំ​​​បំពុល​ប៉ុនប៉ង​ចូល​លួច​ម៉ូតូ​ម្ចាស់ផ្ទះ ប៉ុន្តែ​មិន​បាន​​សម្រេច​​ព្រោះ​ប៉ះ​ចំ​ម៉ូតូ​ដាក់​តេ​ឡេ​សំឡេង​រោទ៍ ​កាលពី​វេលាម៉ោងជាង​៣​​ទៀប​​ភ្លឺ​​ថ្ងៃ​ទី​២១ ​កុម្ភៈ នៅផ្ទះ​​​​ម្ចាស់​ម៉ូតូ​ឈ្មោះ សាយ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ លាភ អាយុ​៣៣​ឆ្នាំ ​​ស្ថិត​ក្នុងភូមិ​ពោ​ធ៌​ចិ​ន្តាំ ឃុំ​ស្វាយ​អ​ន្ទ​រ ស្រុក​ស្វាយ​អ​ន្ទ​រ ​។​

ប្រភព​ព័​ត៌​មាន​ពី​​ម្ចាស់​ផ្ទះបាន​និយាយ​​ថា ផ្ទះ​របស់​គាត់​ជា​ប្រភេទ​ផ្ទះក្បឿង ​ឈើ​​លើ​ ក្រោម​ថ្ម នៅ​ក្នុង​បន្ទប់​ថ្ម​ខាងក្រោម​ គាត់​​​ទុក​ម៉ូតូ​​៣​គ្រឿង ​និង​​ចិញ្ចឹម​ឆ្កែ​​៥​ក្បាល​ ​​ដោយ​សារ​តែ​បច្ចុប្បន្ន​​នៅ​គ្រប់​ទីកន្លែង​​​តែ​ង​តែ​មាន​ករណី​ចោរ​​លួច ចោរប្លន់ ​​កើត​ឡើង​ជា​​ញឹកញាប់​ពេក​នោះ​ គាត់​មិន​ទុកចិត្ត​ពី​សុវត្ថិភាព​ម៉ូតូ​របស់​គាត់​​នៅ​ក្រោមផ្ទះ​​​ ទើប​ថ្មី​ៗ​នេះ​គាត់​បាន​ទិញ​តេ​ឡេ​សំឡេង​រោទ៍ដាក់​ជាប់​ម៉ូតូ​​​​ដើម្បី​ការពារ​បើ​មាន​ចោរ​ចូល​លួច​វា​នឹង​ស្រែកឱ្យ​​ម្ចាស់​ដឹង ​​ជា​ក់​ស្តែង​​នៅ​យប់​កើតហេតុ​នោះ ពេល​ដែល​ក្រុម​ចោរ​ដាក់​ថ្នាំ​បំពុល​ឆ្កែ​ងាប់​អស់ហើយ​នោះ ក្រុម​ចោរ​​​ធ្វើ​សកម្មភាព​ដោយ​កាត់​សោ​បន្ទប់​បាន​ហើយ​ចូល​ទៅ​អូស​ម៉ូតូ​យក​ចេញ​មក​ក្រៅ​ប៉ះ​ចំ​ម៉ូតូ​​ដាក់​តេ​ឡេ​ធ្វើ​ឱ្យ​​សំឡេង​​រោ​ទ៌​លាន់ឮ​ឡើង ធ្វើ​ឱ្យ​​គាត់​​ និង​អ្នក​ជិតខាង​ភ្ញាក់ផ្អើល​នាំ​គ្នា​ចេញ​មក​មើល ក៏​ឃើញ​ក្រុម​ចោរ​មាន​គ្នា​២-៣​នាក់ រត់​ចែក​ជើង​គ្នា​ប្រសាច​ទៅ​ក្រោយ​ផ្ទះគេចខ្លួន​បាត់​អស់​ទៅ ​។

​អ្នក​​ជិតខាង​​បាននិយាយ​ថា ក្រោយ​ពី​ផ្អើល​​ថា​មាន​ចោរ​ចូល​ផ្ទះ​ អ្នក​អ្នក​ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ​នោះ ម្នាក់​ៗ​ដេក​មិន​លក់​នោះ​ទេ គឺ​នាំ​គ្នា​ដើរ​ពិនិត្យ​មើល ​ជុំវិញ​ផ្ទះ​កើត​ហេតុ​ទាំង​យប់ ​ក៏​ប្រទះ​​​ឃើញ​ឆ្កែ​​​៤​ក្បាល​​ពុល​ងាប់ ​និង​១​ក្បាល​ទៀត​​ពុល​ប្រកាច់​ជិត​ងាប់ ​​កន្ត្រៃ​កាត់​សោ​១ ​និង​ស្បែកជើង​ចោរ​១​ចំហៀង​ផង​ដែរនៅ​មុខ​បន្ទប់​ដាក់​ម៉ូតូ​ ។ ភ្លាម​ៗ​នោះ​​ ​ម្ចាស់ផ្ទះ​ក៏​បាន​ប្តឹង​ប៉ូ​លិ​ស​ប៉ូ​ស្តិ៍រដ្ឋបាល ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ​​ដែរ​ ប៉ុន្តែ​លោក​មេ​ប៉ូ​ស្តិ៍មិន​បាន​ធ្វើ​កំណត់ហេតុ​ទេ គ្រាន់​​តែ​ប្រមូល​យក​វត្ថុ​តាង រួច​ក៏​ត្រឡប់​ទៅ​វិញ​បាត់​ទៅ ​៕

ដាក់​ថ្នាំ​បំពុល​ឆ្កែ ​​ចូល​​លួច​​ម៉ូតូ​ ប៉ះ​ចំមាន​តេ​ឡេ ស្រែក​ផ្អើល​ភូមិ
ដាក់​ថ្នាំ​បំពុល​ឆ្កែ ​​ចូល​​លួច​​ម៉ូតូ​ ប៉ះ​ចំមាន​តេ​ឡេ ស្រែក​ផ្អើល​ភូមិ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត