អតីត​មន្ត្រី​ប៉ូលិស​ម្នាក់​រិះគន់​តុលាការ​ខេត្ត​កំពង់ឆ្នាំង​ថា​កាត់​ក្ដី​លម្អៀង

អតីត​មន្ត្រី​ប៉ូលិស​ខេត្ត​កំពង់ឆ្នាំង ម្នាក់ ស្រែក​សុំ​អន្តរាគមន៍​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល បន្ទាប់​ពី​ចៅក្រម​នៃ​សាលា​ដំបូង​ខេត្ត​នេះ ចេញ​ដីកា​សម្រេច​រក្សា​ការពារ និង​លិខិត​ជូន​ដំណឹង​វាស់វែង​តូប​លក់​ដូរ​របស់​គាត់ ដើម្បី​លក់​ឡាយឡុង​តាម​អំណាច​នៃ​បណ្ដឹង​របស់​មេ​តុងទីន​ម្នាក់។

ស្ត្រី​វ័យ ៥៤​ឆ្នាំ​ម្នាក់​រស់នៅ​ភូមិ​ទួលក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង បាន​ទ្រហោ​យំ​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន ដោយ​លើក​ដៃ​ប្រណម​សុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អន្តរាគមន៍​បញ្ជូន​សំណុំ​រឿង​របស់​គាត់​ទៅ​សាលា​ឧទ្ធរណ៍។ លោកស្រី ហេង អេនីត ហៅ រ៉ាស៊ី បាន​ចោទ​តុលាការ​ខេត្ត​កំពង់ឆ្នាំង ថា​អយុត្តិធម៌ ពុក​រលួយ និង​ផ្អឹប​សំណុំ​រឿង​គាត់​ទុក​រហូត​ដល់​ផុត​រយៈពេល​នៃ​ការ​ប្ដឹង​ឧទ្ធរណ៍។

អតីត​មន្ត្រី​ប៉ូលិស​បម្រើ​ការងារ​ក្នុង​ការិយាល័យ​ពន្ធនាគារ និង​សួរ​ចម្លើយ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង លោកស្រី ហេង អេនីត មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ថា ដោយ​ខ្វះ​ការ​យល់​ដឹង​ផ្នែក​ច្បាប់ រូប​គាត់​បាន​ធ្វើ​ពាក្យ​បណ្ដឹង​ទាស់​នឹង​ដីកា​សម្រេច​លក់​តូប​ដោយ​បង្ខំ​របស់​ចៅក្រម ដាក់​ចូល​ទៅ​សាលា​ដំបូង​ដដែល ព្រោះ​នឹក​ស្មាន​ថា​បណ្ដឹង​នេះ​មាន​អនុភាព​នៃ​ការ​បន្ត​ដំណើរ​ការ​បណ្ដឹង​នៅ​សាលា​ឧទ្ធរណ៍។

លោកស្រី​ថា ក្រោយ​ពី​ទទួល​បាន​ដីកា​លក់​តូប​ដោយ​បង្ខំ​ចេញ​ដោយ​ចៅក្រម នៃ​សាលា​ដំបូង លោក សុង ប៊ុណ្ណារិទ្ធិ កាល​ពី​ចុង​ខែ​តុលា ឆ្នាំ​២០១៥ គាត់​បាន​ធ្វើ​បណ្ដឹង​ទាស់​ដីកា​នោះ​ភ្លាម ប៉ុន្តែ​មួយ​រយៈ​ក្រោយ​មក ទើប​នាយក​ក្រឡា​បញ្ជី​ចៅក្រម លោក ឈួន ស៊ីវិន ប្រាប់​ថា ពាក្យ​បណ្ដឹង​ខុស៖ «ខ្ញុំ​សូម​ឲ្យ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជួយ​អន្តរាគមន៍​បញ្ជូន​សំណុំ​រឿង​របស់​ខ្ញុំ​នៅ​តុលាការ​ខេត្ត​កំពង់ឆ្នាំង ទៅ​កាត់​ក្ដី​នៅ​សាលា​ឧទ្ធរណ៍ ព្រោះ​នៅ​ខេត្ត​កំពង់ឆ្នាំង នេះ ខ្ញុំ​បាន​ធ្វើ​ពាក្យ​ខុស រួច​ហើយ​នាយក​ក្រឡា​ថា ខ្ញុំ​អាច​ទៅ​ឧទ្ធរណ៍​បាន តាម​ពិត​ខ្ញុំ​ខុស​រួច​ហើយ គាត់​ផ្អឹប​សំណុំ​រឿង​ខ្ញុំ»

វិទ្យុ​អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​ចៅក្រម លោក សុង ប៊ុណ្ណារិទ្ធិ និង​នាយក​ក្រឡា​បញ្ជី​ចៅក្រម លោក ឈួន ស៊ីវិន ដើម្បី​ឆ្លើយ​តប​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ប៉ុន្តែ​បើ​តាម​ដីកា​សម្រេច​រក្សា​ការពារ​របស់​សាលា​ដំបូង​ចេញ​ដោយ​ចៅក្រម ទី សំណាង កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ បាន​លើក​សំអាង​ហេតុ​ចំនួន ៦​ចំណុច ដើម្បី​រឹប​អូស​តូប​ឃ្លុប​បណ្ដោះអាសន្ន​ក្នុង​ផ្សារ​លើ​ចំនួន​ពីរ​របស់​ឈ្មោះ ហេង អេនីត និង នង ណាវី។

នៅ​ក្នុង​ចំណុច​ទី​១ នៃ​សំអាង​ហេតុ​រៀបរាប់​ថា កាល​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០០៩ កូន​បំណុល​ឈ្មោះ ហេង អេនីត និង​ឈ្មោះ នង ណាវី បាន​ដេញ​តុងទីន​ប្រមូល​យក​ប្រាក់​នៅ​លើក​ទី​៨ បាន​ជាង ៥​ពាន់​ដុល្លារ (.១០៥,៦០​ដុល្លារ)។ ក្រោយ​ដេញ​បាន​ហើយ កូន​បំណុល​នៅ​បន្ត​បង់​ជា​ធម្មតា​រហូត​ដល់​វេលា​ដេញ​តុងទីន​លើក​ទី​៤៥ ក៏​ស្រាប់​តែ​ឈប់​បង់​ទៀត ធ្វើ​ឲ្យ​ម្ចាស់​បំណុល​ឈ្មោះ កាន់ អេង ត្រូវ​ចេញ​ប្រាក់​បង់​ជំនួស​ឲ្យ​សមាជិក​ផ្សេង​ទៀត។

លោកស្រី កាន់ អេង ក៏​បញ្ជាក់​នៅ​ក្នុង​សំអាង​ហេតុ​នេះ​ថា កូន​បំណុល​បាន​ទិញ​ផ្ទះ​នៅ​ភ្នំពេញ ហើយ​មាន​ចេតនា​លក់​ទ្រព្យ​សម្បត្តិ​ពី​ខេត្ត​កំពង់ឆ្នាំង គេច​ទៅ​រស់នៅ​ទីនោះ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោកស្រី ហេង អេនីត បញ្ជាក់​ថា ទឹក​ប្រាក់​ដែល​នៅ​ជំពាក់​សរុប​ចំនួន ៤.៨០០​ដុល្លារ​សហរដ្ឋ​អាមេរិក លោកស្រី​នឹង​សង​វិញ​គ្រប់​ចំនួន ប៉ុន្តែ​សុំ​បង់​រំលស់​ក្នុង​មួយ​ខែ ៥​ម៉ឺន​រៀល ដោយសារ​បញ្ហា​ជីវភាព និង​ការ​លក់​ដូរ​ស្បែក​ជើង​នៅ​ឯ​តូប មិន​សូវ​ដាច់​នា​ពេល​បច្ចុប្បន្ន។ លោកស្រី​ថា តម្លៃ​តូប​លក់​ចំនួន​ពីរ​នៅ​ផ្សារ​លើ​ខេត្ត​កំពង់ឆ្នាំង មាន​តម្លៃ​ជាង ៣​ម៉ឺន​ដុល្លារ ហើយ​បើ​រឹប​អូស​លក់​ឡាយឡុង វា​ជា​រឿង​អយុត្តិធម៌​សម្រាប់​រូប​គាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។