លោក តែង គន្ធី៖ ករណីឆ្លងមេរោគ អេដស៍ នៅស្រុកមុខកំពូល មិនមែនដូច នៅភូមិរកា

ភ្នំពេញ៖ លោក តែង គន្ធី អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង និងជំងឺអេដស៍ នៅរសៀល ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលឲ្យដឹងថា «ករណីឆ្លង មេរោគអេដស៍នៅស្រុកមុខកំពូល មិនមែនដូចករណី ផ្ទុះជំងឺអេដស៍ នៅភូមិរកា ខេត្តបាត់ដំបងនោះទេ» ។

លោក តែង គន្ធី បានមានប្រសាសន៍ថា «ឥឡូវនេះខាងក្រុមងារ បច្ចេកទេស លោកកំពុងតែធ្វើការ ដោយមានមជ្ឈមណ្ឌលជាតិ ក្រសួងសុខាភិបាល និងអង្គការដៃគូ សង្គមស៊ីវិលហ្នឹង យើងកំពុងធ្វើការ ហើយយើងកំពុងពិនិត្យ ក្នុងករណីនេះថាតើ វាជាមេរោគថ្មី ពិតប្រាកដមែនអត់ ឬក៏កើតទៅលើប្រជាពលរដ្ឋយើង ដែលមិនទាន់បានទទួលសេវា នេះជាចំណុចទី១» ។  លោកបានបន្តទៀតថា «សម្រាប់ចំណុចទី២ យើងកំពុងផ្តល់ការប្រឹក្សា ដល់ប្រជាពលរដ្ឋឲ្យ បានយល់ពីចំណុចនេះ  ឲ្យធ្វើតេស្តឈាម ដោយស្ម័គ្រចិត្ត ដោយយើងមាន ក្រុមការងារមួយក្រុម នៅធ្វើការនៅទីនោះ ដោយបំបែកជា២ក្រុម» ។

អគ្គលេខាធិកា រអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំង និងជំងឺអេដស៍ បានបន្ថែមទៀតថា «បើតាមរបាយការណ៍ដែលផ្តល់ឲ្យ រកឃើញតែជាង ១០នាក់នោះទេ  ដោយពួកគេបានទទួល ការព្យាបាលរួចហើយ » ។

លោក តែង គន្ធី ក៏បានសង្កត់ធ្ងន់ លើបញ្ហាជំងឺអេដស៍នៅ ស្រុកមុខកំពូល ថា «ជាមែនទែនទៅ វាមិនមែនផ្ទុះឡើងនៅភូមិរកានោះទេ ដោយវាចំថ្ងៃយុទ្ធនាការ ទិវាប្រើប្រាស់ស្រោមអនាម័យ  យុទ្ធនាការពិធីផ្សព្វផ្សាយ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ហើយនៅក្នុងនោះមានការប្រឹក្សា និងធ្វើតេស្តឈាម ផងដែរ អ៊ីចឹងហើយ ប្រជាជនលោកមានពេល មកកន្លែងពិនិត្យលេងកម្សាន្ត ដែលមើលទៅ វាហាក់ដូចកើតតែម្តង មើលទៅដូចផ្ទុះ តែអាចថាលោក មានកើតជាយូរមក  ហើយលោកមិនទាន់ បានមកទទួលសេវាអីហ្នឹង» ។

លោក តែង គន្ធី បានបន្ថែមទៀតថា «ភាគច្រើនអ្នកដែលឆ្លង មេរោគអេដស៍ នៅស្រុកមុខកំពូល  ជាមនុស្សពេញវ័យ មានអាយុពី ១៥ ទៅ៤៩ ឆ្នាំ ក្នុងនោះអ្នកដែល មានអាយុលើសពី៤៩ ឆ្នាំមានតែ ៥ទៅ៦នាក់តែប៉ុណ្ណោះ  ហើយអ្នកដែលស្ថិតនៅអាយុ២៧ មានតែម្នាក់នោះទេ   ករណីនេះដែរវាមិនមែនដូចនៅភូមិរកាកើតទាំងក្មេងទាំងចាស់នោះទេ  យើងក៏មិនអាចទាន់វាយតម្លៃបានដែរនៅស្រុកមុខកំពូល ថាវាឆ្លងយ៉ាងម៉េច?» ៕

លោក តែង គន្ធី៖ ករណីឆ្លងមេរោគ អេដស៍ នៅស្រុកមុខកំពូល មិនមែនដូច នៅភូមិរកា