ខ្សឹបដាក់ត្រចៀកៈ លោក យឹម វិចិត្រ រក្សាកាតអេធីអឹម របស់មន្ត្រីនគរបាល ទុកបើកលុយ

ភ្នំពេញ:រឿងអាស្រូវរបស់លោក យឹម វិចិត្រ អធិការនគរបាល ក្រុងបាត់ដំបង ត្រូវបាន លាតត្រដាង ជាបន្តបន្ទាប់ ដូចជាការរក្សាទុក បនល្បែងស៊ីសង ជាប្រភព ចំណូលរបស់ខ្លួន និងការបណ្ដោយ ឲ្យកូនចៅ ដើរប្រមូលលុយ តាមគ្រប់រូបភាព។ ឥឡូវនេះ មន្ត្រីនគរបាល ដែលធ្វើការងារ នៅអធិការដ្ឋាន នគរបាល ក្រុងបាត់ដំបង បានលាតត្រដាង រឿងអាស្រូវ របស់លោក យឹម វិចិត្រ បន្តទៀត ដើម្បីឲ្យថ្នាក់លើ បានដឹងជាសាធារណៈ ។

ប្រភពពីមន្ត្រីនគរបាល ក្រុងបាត់ដំបងបានឲ្យដឹងថា មានមន្ត្រីនគរបាល ប្រមាណជាង ១០នាក់ មិនមកធ្វើការងារ នៅក្នុងអង្គភាពនោះទេ ហើយកាតអេធីអឹម សម្រាប់បើកប្រាក់ខែ របស់ពួកគេ ត្រូវលោក យឹម វិចិត្រ រក្សាទុកដើម្បី បើកលុយយក ធ្វើមានធ្វើបានផ្ទាល់ខ្លួន យ៉ាងសុខស្រួល។ ទង្វើររបស់លោក យឹម វិចិត្រ កំពុងតែធ្វើឲ្យមន្ត្រី ក្រោយឱវាទ រិះគន់ យ៉ាងខ្លាំង ជាពិសេសទាក់ទងទៅនឹង ការប្រព្រឹត្តអំពើពុករលួយ និងបក្ខពួកនិយម នៅក្នុងអង្គភាព។

ប្រភពបានឲ្យដឹងទៀតថា មន្ត្រីនគរបាល ដែលមិនមកធ្វើការងារ ហើយត្រូវបានលោក យឹម វិចិត្រ រក្សាកាតអេធីអឹម ទុកសម្រាប់បើកប្រាក់ខែ ជាប្រចាំនោះ មានដូចជា ឈ្មោះ ពៅ សារ៉េត ជាអ្នករត់តាក់ស៊ីបាត់ដំបង ទៅប៉ៃលិន, ឈ្មោះ គង់ ដារី ជាថៅកែខោអាវជជុះ នៅប៉ោយប៉ែត ជាអ្នកមានជីវភាពធូរធារ, ឈ្មោះ ខ្វៃ សុធី លក់គុយទាវ នៅសាលាសង្កាត់ ទួលតាឯក, ឈ្មោះ សាំង សន លក់សំបុត្ររថយន្តក្រុង នៅជិតព្រាបស និងឈ្មោះ ពេជ្រ ដាណារី (ស្រី) ធ្វើការនៅភ្នំពេញ ព្រមទាំងមន្ត្រីនគរបាល ជាច្រើននាក់ទៀត ។

មន្ត្រីនគរបាល នៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានអំពាវនាវ ឲ្យស្នងការ នគរបាល ខេត្តបាត់ដំបង ក៏ដូចជាថ្នាក់លើ ពិនិត្យមើលទង្វើ មិនប្រក្រតីរបស់ លោក យឹម វិចិត្រ អធិការនគរបាល ក្រុងបាត់ដំបង ជាបន្ទាន់។ ដោយហេតុថា មួយរយៈពេលចុងក្រោយនេះ លោក យឹម វិចិត្រ មិនយកចិត្តទុកដាក់ពង្រឹងសន្តិសុខសង្គម ឲ្យបានប្រសើរនោះទេ បណ្ដោយឲ្យល្បែងស៊ីសង អំពើចោរកម្ម លួច ឆក់ ប្លន់ និងបទល្មើសគ្រឿងញៀន រាលដាលកាន់តែខ្លាំងឡើងៗ។ ជាពិសេស លោក យឹម វិចិត្រ រក្សាទុកកាតអេធីអឹម របស់មន្ត្រី នគរបាល ជាច្រើននាក់ សម្រាប់បើកយកប្រាក់ខែ ជាប្រយោជន៍ផ្ទាល់ខ្លួន ដោយគ្មាន ញញើតអ្វីទាំងអស់៕