គ.ជ.ប.ជ នឹងប្រកាស នីតិវិធីកំណត់ អត្តសញ្ញាណ ជនរងគ្រោះ ជួញដូរមនុស្ស នៅថ្ងៃទី២៥ ខែកុម្ភៈ

ភ្នំពេញ៖ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នឹងប្រកាសជាផ្លូវការណ៍ នៃគោលការណ៍ណែនាំ ស្ដីពីបែបបទ និងនីតិវិធីនៃការកំណត់ អត្តសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ដើម្បីផ្ដល់សេវាសមស្រប  នៅព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០១៦។

យោងតាម សេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប.ជ បានឲ្យដឹងថា ពិធីនេះ នឹងធ្វើឡើង នាទីស្ដីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពរបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

គោលការណ៍ណែនាំ ដែលបានបង្កើតឡើង ដោយក្រុមបច្ចេកទេស ចាប់តាំងពីឆ្នាំ២០១៤មក ក្រោមការដឹកនាំរបស់ក្រសួងសង្គមកិច្ច ដែលមានការចូលរួមពីដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល តាមរយៈជំនួយបច្ចេកទេស និងថវិកាជាចំបងពីគម្រោងសកម្មភាព អង្គការសហប្រជាជាតិ ដើម្បីសហប្រតិបត្តិការប្រឆាំង ការជួញដូររមនុស្ស(UN-ACT) និងគម្រោងប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស (CTIP) ដែលគាំទ្រដោយទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID)៕