ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

មនុស្ស​ជាង​១៥០​នាក់​ស្លាប់​កាលពី​ថ្ងៃ​ទី​២១ កុម្ភៈ ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​ចំនួន​ប្រកាស​ទទួលខុសត្រូវ​ដោយ​ពួក​ជី​ហា​ដ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ក្នុង​បណ្តា​តំបន់​កាន់កាប់​ដោយ​រដ្ឋាភិបាល​ស៊ី​រី ។ ចំណែក​សហរដ្ឋ​អា​មេ​រិ​ក និង​រុ​ស្ស៊ី​បាន​ជំរុញ​ឱ្យ​បង្កើត​បទ​ឈប់​បាញ់​គ្នា​មួយ ។

យោង​តាម​អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​ថា ទីក្រុង​ហូ​ម ជាទី​ក្រុង​ធំ​ទី​៣​របស់​ប្រទេស​ធ្លាប់​រង​ការ​វាយប្រហារ​ភេរវកម្ម​យ៉ាង​បង្ហូរឈាម​នានា​ចាប់តាំងពី​ឆ្នាំ​២០១១​មក ក្នុង​ការ​វាយប្រហារ​លើក​នេះ មាន​មនុស្ស​ស្លាប់​៥៩​នាក់ ។ ចំណែក​ការ​វាយប្រហារ​ភេរវកម្ម​២​របស់​ពួក​ជី​ហា​ដ នៅ​ជិត​ទីតាំង​គោរព​បូជា​មួយ​របស់​ពួក​ស៊ី​អុ​ី​ត​នា​ភាគ​ខាងត្បូង​ក្រុង​ដា​ម៉ាស់ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ដល់​ទៅ​៨៣​នាក់ តែបើ​តាម OSDH ថា អ្នក​ស្លាប់មាន​ដល់​ទៅ​៩៦​នាក់​ឯណោះ ។

ស្ថិត​ក្នុង​ស្ថានភាព​បង្ហូរឈាម​បែប​នេះ ដែល​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក​ច​ន ឃ័​រ​រី ប្រកាស​នៅ​ទីក្រុង​អា​ម៉​ង់ ប្រទេស​ហ្ស​ក​ដា​នី ពី​កិច្ចព្រមព្រៀង​បណ្តោះអាសន្ន​ជា​គោលការណ៍​មួយ​ជាមួយ​រុ​ស្ស៊ី​ស្តី​ពី​បែបបទ​នៃ​បទ​ឈប់​បាញ់​គ្នា​មួយ​នៅ​ស៊ី​រី ដែល​អាច​ចាប់ផ្តើម​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ទៀត ។

ការ​កើនឡើង​នៃ​ចំនួន​ក្រុម​ដែល​ប្រឆាំង​គ្នា ការ​បែកបាក់​គ្នា​ជា​អន្តរជាតិ និង​ការ​កើនឡើង​នៃ​កម្លាំង​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម និង​ក្រុម​រណសិរ្ស​អាល់​ណូ​ស្ត្រា សាខា​អាល់​កៃ​ដា​នៅ​ស៊ី​រី​បាន​បំផ្លាញ​ការ​ខិតខំ​ប្រឹងប្រែង​រក​ដំណោះស្រាយ​មួយ​នៃ​ជម្លោះ​ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជាង​២៦០.០០០​នាក់ ហើយ​រយៈពេល​ជិត​៥​ឆ្នាំ រួច​ជំរុញ​ឱ្យ​ប្រជាជន​ស៊ី​រី​ពាក់កណ្តាល​រត់​ភៀសខ្លួន ។

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​ស៊ី​រី SANA ថា នៅ SAYEDA ZEINAB ជា​មូលដ្ឋាន​មួយ​ស្ថិត​នៅ​ចម្ងាយ​៥​គីឡូម៉ែត្រ​ខាងត្បូង​ក្រុង​ដា​ម៉ាស់ ហើយ​មាន​កន្លែង​គោរព​បូជា​មួយ​របស់​ពួក​ស៊ី​អីុ​ត មនុស្ស​៨៣​នាក់ បាន​ត្រូវ​ស្លាប់​ក្នុង​ការ​វាយប្រហារ​ភេរវកម្ម ។ ចំណែក OSDH រៀបរាប់​ពី​ចំនួន​អ្នក​ស្លាប់​ថា មាន​ដល់​៩៦​នាក់ ក្នុង​នោះ​មាន​ជន​ស៊ី​វិល​យ៉ាងតិច​៦០​នាក់ ចំណែក​មនុស្ស​១៦០​នាក់​ទៀត​រង​របួស ។

ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ប្រកាស​ថា ជន​អត្តឃាត​២​នាក់​របស់​ខ្លួន​បាន​ធ្វើ​ឱ្យ​ផ្ទុះ​ដោយ​គំរាម​ធ្វើការ​វាយប្រហារ​ថ្មី​ៗ​ទៀត ។ អ្នកកាសែត AFP ម្នាក់​នៅ​នឹង​កន្លែង​បានឃើញ​រថយន្ត​នានា​ត្រូវ​ភ្លើង​ឆេះ​ខ្លោច ព្រមទាំង​អំបែង​កញ្ចក់​រាយ​ប៉ាយ​លើ​ដី ក្នុង​តំបន់​រង​ការ​វាយប្រហារ ។ ការ​វាយប្រហារ​អត្តឃាត​ទាំង​២​នេះ កើត​មាន​ចម្ងាយ​តែ​៤០០​ម៉ែត្រ ពី​កន្លែង​ត​ម្ក្​ល់​សព​ចៅស្រី​ម្នាក់​របស់​ព្រះ​មហាម៉ាត់ ដែល​ពួក​ស៊ី​អីុត​គោរព​បូជា ។ អ្នកកាសែត​រូប​នេះ​រាយការណ៍​ថា ហាង​យ៉ាងតិច​៦០​នាក់ និង​ផ្នែក​ខាង​មុខ​នៃ​អគារ​ជា​ច្រើន​រង​ការ​បំផ្លាញ។

ការ​វាយប្រហារ​ភេរវកម្ម​នៅ SAYEDA ZEINAB កើត​មាន​ប៉ុន្មាន​ម៉ោង បន្ទាប់​ពីការ​វាយប្រហារ​បំផ្ទុះ​រថយន្ត​២​ប្រកាសទទួលខុសត្រូវ​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដែរ ក្នុង​សង្កាត់​មួយ​មាន​ពួក​អា​ឡា​ហ្វី​ត​ភាគច្រើន នៃ​ទីក្រុង​ហូ​ម ដែល​តាម OSDH ថា បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៥៩​នាក់ ។

យោង​តាម OSDH ថា ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដែល​រង​ការ​វាយប្រហារ​តាម​អាកាស​របស់​ក្រុមចម្រុះ​អន្តរជាតិ​នាំមុខ​ដោយ​សហរដ្ឋ​អា​មេ​រិ​ក និង​ការ​វាយប្រហារ​របស់​រុ​ស្ស៊ី ធ្វើការ​វាយប្រហារ​បែប​នេះ​ដោយ​ចង់​បញ្ជូន​សារ​២ ដោយសារ​មួយ​ចង់​ប្រាប់​ថា ពួក​គេ​នៅ​តែ​ខ្លាំង ទោះ​រង​ការ​វាយប្រហារ ហើយ​សារ​មួយទៀត​ចង់​បង្ហាញ​ថា មាន​តែ​ក្រុម​គេ​ទេ ពេល​នេះ​ដែល​អាច​វាយប្រហារ​បណ្តា​ទីតាំង​របប​ស៊ី​រី ព្រមទាំង​ពួក​ស៊ី​អីុត និង​ពួក​អា​ឡា​ហ្វី​ត​ជា​ក្រុម​លោក​អាសា​ដ ។

ចំណែក​នៅ​ខេត្ត​អា​ឡែ​ប​ភាគ​ខាងជើង​ស៊ី​រី​វិញ ពួក​ជី​ហា​ដ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​យ៉ាងតិច​៥០​នាក់​ស្លាប់​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នានា​ជាមួយ​កងទ័ព​ស៊ី​រី ដែល​វាយ​រុល ជា​ពិសេស​ទៅ​ភាគ​ខាងកើត​ខេត្ត​នោះ និង​ដោយសារ​ការ​វាយប្រហារ​តាម​អាកាស​របស់​រុ​ស្ស៊ី ៕